ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ គ្រោង​បង្កើន​ថវិកា​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​វិស័យ​ការពារ​ប្រទេស


លោក​ប្រធានាធិបតី​ ត្រាំ ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​អភិបាល​រដ្ឋ​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ។

លោក​ប្រធានាធិបតី​ ត្រាំ ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​អភិបាល​រដ្ឋ​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​បង្កើន​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​ចំណាយ​ទៅ​លើ​ផ្នែក​ការពារ​ប្រទេស ដោយ​ពណ៌នា​ការ​តម្លើង​១០​ភាគរយ​នេះ​ថា ជា​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ នេះ​ក៏​ជា​សារ​មួយ​ចង់​ធានា​ដល់​ពិភព​លោក​ពី​ «អនុភាព សន្តិសុខ​ និង​ភាព​អង់​អាច​របស់​អាមេរិក‍»។

ថ្លែង​ទៅ​កាន់​អភិបាល​រដ្ឋ​នានា​របស់​អាមេរិក​នៅ​ឯ​សេតវិមាន លោក ត្រាំ បាន​ថ្លែង​ថា៖«យើង​នឹង​ធានា​ថា កងទ័ព​របស់​យើង​មាន​ឧបករណ៍​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​រារាំង​សង្គ្រាម ហើយ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ធ្វើ​សង្គ្រាម​នោះ​គឺ‍​ «ពួក​គេ​ត្រូវ​តែ​ឈ្នះ‍»។

ប្រធានាធិបតី​ថ្មី​រូប​នេះ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ «ចាប់​ផ្តើម​ឈ្នះ​សង្គ្រាម​ជា​ថ្មី​ម្តង​ទៀត‍» ដោយ​រំឭក​ពី​ពេល​ដែល​លោក​ជា​យុវជន​មួយ​រូប​ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ដែល​ពលរដ្ឋ​អាមេរិកាំង​អួតអាង​ថា​ខ្លួន​ «មិន​ដែល​ចាញ់​សង្គ្រាម​នោះ‍»។

លោក ត្រាំ បាន​ថ្លែង​ថា៖ «ហើយ​ឥឡូវ​នេះ​យើង​មិន​ដែល​ឈ្នះ​សង្គ្រាម​ណា​មួយ​នោះ​ទេ គឺ​មិន​ដែល​ឈ្នះ​ទាល់​តែ​សោះ។ ហើយ​យើង​មិន​បាន​ប្រយុទ្ធ​ដើម្បី​ឈ្នះ​នោះ​ទេ។ ដូច្នេះ​ មាន​ន័យ​ថា យើង​ត្រូវ​តែ​ឈ្នះ ឬ​មិន​ប្រយុទ្ធ​តែ​ម្តង‍»។

លោក ត្រាំ បាន​ថ្លែង​ថា លោក​លើក​ឡើង​ពី​គម្រោង​នៃ​ការ​ចំណាយ​អាទិភាព​ឲ្យ​បាន​លម្អិត​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថ្លែង​ទៅ​កាន់​សភា​នៅ​ល្ងាច​ថ្ងៃ​អង្គារ ប៉ុន្តែ​លោក​បាន​ថ្លែង​បន្ថែម​ថា ថវិកា​បន្ថែម​សម្រាប់​មន្ទីរ​បញ្ចកោណ​«នឹង​កសាង​វិស័យ​យោធា​ដែល​ចុះ​អន់ថយ​របស់​អាមេរិក​ឡើង​វិញ នៅ​ពេល​មួយ​ដែល​យើង​ត្រូវ​បាន​វិស័យ​នេះ​បំផុត‍»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ថ្លែង​ថា រដ្ឋបាល​ថ្មី​របស់​លោក​នឹង​បន្ត​សន្សំ​សំចៃលើ​ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ប្រទេស​ ដោយ​លោក​លើក​ឡើង​ថា លោក​បាន​កាត់​ថវិកា​ចំណាយ​ចំនួន ៧២៥ លាន​ដុល្លារ​ទៅ​លើ​យន្តហោះ​ចម្បាំង​ F35ថ្មី។

ក្រុម​មន្ត្រី​គ្រប់​គ្រង​ថវិកា​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ស្រប​ពេល​ដែល​មាន​ការ​បង្កើន​ថវិកា​ចំណាយ​សម្រាប់​វិស័យ​ការពារ​ប្រទេស​នោះ នឹង​មាន​ការ​កាត់​បន្ថយ​កម្មវិធី​ក្នុង​ស្រុក​ និង​កាត់​បន្ថយ​ការ​ផ្តល់​ជំនួយ​បរទេស​ដល់​ប្រទេស​ដទៃ​ទៀត៕

XS
SM
MD
LG