ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ៖ ការ​ស្វែងរក​ប្រធាន​ FBI​ ថ្មី​កំពុង​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​ឆាប់​រហ័ស


​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ លើក​ដៃនៅ​ពេល​លោក​ចាក​ចេញ ក្រោយ​ពេល​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​រំឭក​ខួប​ប្រចាំឆ្នាំ​​ទី​៣៦​ ​ដល់​មន្ត្រី​ការពារ​សន្តិភាព​ជាតិ​ នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ និយាយ​ថា ការ​ស្វែងរក​ប្រធាន FBI ថ្មី កំពុង​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​កាល​ពី​សប្តាហ៍​មុន ក្នុង​ការ​បញ្ឈប់​ការងារ​របស់​លោក James Comey ដែល​ជា​អ្នក​នាំមុខ​គេ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ទៅ​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន និង​ការ​ជាប់​ពាក់ព័ន្ធ​រវាង​ជំនួយការ​យុទ្ធនាការ​លោក ត្រាំ និង​ផលប្រយោជន៍​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

លោក ត្រាំ​ មិន​បាន​បញ្ជាក់​នោះ​ទេ នៅ​ពេល​ដែល​គេ​សួរ​អំពី​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ចន្ទ។

សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​មួយ​ចំនួន​កំពុង​តែ​លើកឡើង​ថា ពួក​គេ​នឹង​មិន​អនុម័ត​ទៅ​លើ​អ្នក​បន្ត​វេន​ពី​លោក Comey នោះ​ទេ រហូត​ទាល់​តែ​រដ្ឋអាជ្ញា​ពិសេស​ម្នាក់ ត្រូវ​បាន​តែងតាំង​ដើម្បី​ធ្វើ​ការ​អង្កេត​ឯករាជ្យ​មួយ​ទៅ​លើ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​គោលបំណង​ជួយ​ដល់​ជ័យជម្នះ​របស់​លោក ត្រាំ ទៅ​លើ​អតីត​រដ្ឋមន្ត្រី​ការបរទេស​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​អ្នកនាំពាក្យ​របស់​សេតវិមាន លោក Sean Spicer បាន​ថ្លែង​ថា «មិន​ចាំបាច់​ត្រូវ​ការ​រដ្ឋអាជ្ញា​ពិសេស​ម្នាក់​នោះ​ទេ‍» ដោយសារ​តែ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ដែល​លោក ​Comey ​បាន​ដឹកនាំ និង​គណៈកម្មាធិការ​ទាំង​នៅ​ក្នុង​ព្រឹទ្ធសភា​និង​សភា​កំពុង​តែ​ស៊ើបអង្កេត​ទៅ​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ីហើយ។ ​

រដ្ឋបាល​របស់​លោក ត្រាំ បាន​សម្ភាស​យ៉ាង​ហោច​ណាស់​បេក្ខជន​ចំនួន​៨​នាក់​សម្រាប់​តំណែង​កំពូល ​FBI ​ហើយ​លោក ត្រាំ បាន​និយាយ​ថា សេចក្តីសម្រេចចិត្ត​មួយ​អាច​នឹង​ធ្វើ​ឡើង​នៅ​មុន​ពេល​លោក​ចាកចេញ​នៅ​ថ្ងៃ​សុក្រ​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​ជា​លើក​ដំបូង​របស់​លោក ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក៕

XS
SM
MD
LG