ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​អាមេរិក​ច្រាន​ចោល​សេចក្ដី​បង្គាប់​ពាក់ព័ន្ធ​សិទ្ធ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា


សកម្មជន​ និង​បាតុករ​ស្ថិត​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​របស់​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​សមភាព​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ពី​មុខ​សេតវិមាន កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​នូវ​គោលការណ៍​ណែ​នាំ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ប្រើ​ប្រាស់​បន្ទប់​ទឹក និង​បន្ទប់​ដាក់​សម្ភារៈ​ទៅ​តាម​ការ​កំណត់​យេនឌ័រ​របស់​ពួកគេ ជាជាង​ទៅ​តាម​ភេទ​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​សំបុត្រ​កំណើត​របស់​ពួកគេ។

ក្រសួង​យុត្តិធម៌ និង​ក្រសួង​អប់រំ បាន​ចេញ​នូវ​លិខិត​រួម​គ្នា​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ទៅ​កាន់​សាលារៀ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដោយ​បាន​បដិសេធ​សេចក្ដី​បង្គាប់​មួយ ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ​មុន​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Barack Obama។

លិខិត​នោះ​បាន​បញ្ជាក់​ថា វា​អាស្រ័យ​លើ​រដ្ឋ​នានា និង​ក្រសួង​អប់រំ​តាម​រដ្ឋ​ទាំង​ឡាយ​ក្នុង​ការ​សម្រេច​ចិត្ត​លើ​រឿង​ទាំង​អស់​នេះ គឺ​មិន​អាស្រ័យ​លើ​រដ្ឋាភិបាល​សហព័ន្ធ​នោះ​ទេ។

ក្រុម​អ្នក​តស៊ូ​មតិ​លើ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា បាន​ធ្វើ​ការ​តវ៉ា​នៅ​ពី​មុខ​សេតវិមាន​ប្រធានាធិបតី​អស់​រយៈពេល​ជា​ច្រើន​ម៉ោង បន្ទាប់ពី​សេចក្ដី​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ប្រកាស។

លោកស្រី Mara Keisling នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​សមភាព​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បាន​និយាយ​ថា៖ «កូន​សិស្ស​នៅ​ទូទាំង​ប្រទេស​ខ្លាច​លោក​ប្រធានាធិបតី Donald Trump។ ពួកគេ​បារម្ភ​ថា ពួកគេ​នឹង​ត្រូវ​កូន​សិស្ស​ដទៃ​ទៀត​សម្លុត​មើល​ងាយ​ពេល​ពួកគេ​ទៅ​សាលារៀន។ ពេល​ខ្លះ គ្រូបង្រៀន​ក៏​សម្លុត​មើល​ងាយ​ពួកគេ​ដែរ។ ហើយ​ឥឡូវ​នេះ ពួកគេ​បារម្ភ​ថា ពួកគេ​អាច​ត្រូវ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ និង​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​សម្លុត​មើល​ងាយ​ពួកគេ។ នេះ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។

សេចក្ដី​បង្គាប់​ដែល​ធ្វើ​ឡើង​ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី Barack Obama នេះ គឺ​ផ្អែក​លើ​លើ​ច្បាប់​ដែល​គេ​ស្គាល់​ថា Title Nine ដោយ​សេចក្ដី​បង្គាប់​នោះ​បាន​បញ្ជាក់​ថា ការ​ហាម​ឃាត់​ប្រឆាំង​នឹង​ការ​រើស​អើង​ភេទ​នៅ​ក្នុង​វិស័យ​អប់រំ​គឺ​បូក​បន្ថែម​ដល់​ការ​កំណត់​យេនឌ័រ​ដោយ​ការ​គិត​របស់​បុគ្គល​ខ្លួន​ឯង៕

XS
SM
MD
LG