\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ធ្លាប់​ប្រឆាំង​នឹង​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​ប្រតិភូ ប៉ុន្តែ​ឥឡូវ​នេះ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ដោយ​សារ​តែ​ប្រព័ន្ធ​បោះឆ្នោត​នេះ


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

កាលពី​៤ឆ្នាំ​មុន​ លោក​ Donald Trump បាន​ប្រកាស​ថា ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​ប្រតិភូ​របស់​អាមេរិក​ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតី​គឺ​ជា​មហន្តរាយ​មួយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ​ឥឡូវ​នេះ​លោក​កំពុង​ឆ្ពោះ​ទៅ​កាន់​សេតវិមាន​ ដោយ​សារតែ​ប្រព័ន្ធ​បោះឆ្នោត​នេះ​ មិន​មែន​ដោយ​សារ​តែ​លោក​បាន​ឈ្នះ​សំឡេង​ឆ្នោត​ប្រជាប្រិយ​របស់​ជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​អង្គារ​នោះ​ទេ។

ក្នុង​ខណៈ​ពេល​ដែល​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សេតវិមាន​ដើម្បី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Trump នៅ​តែ​ចាញ់​សំឡេង​ឆ្នោត​ប្រជាប្រិយ​របស់​លោក​ស្រី​ Hillary Clinton ចំនួន ២៣៣០០០សំឡេង គឺ​លោកស្រី​ទទួល​បាន​ ៥៩.៩លាន​សំឡេង ដែល​លោក Trump ទទួល​សំឡេង ៥៩.៧ ហើយ​សំឡេង​គាំទ្រ​លោកស្រី Clinton អាច​កើន​ឡើង​ច្រើន​ជាង​នេះ ដោយ​សារ​តែ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដែល​លោក​ស្រី​ឈ្នះ​នោះ​ មិន​ទាន់​បាន​ចប់​នៅ​ឡើយ​នោះ​ទេ។

បើ​តាម​ប្រព័ន្ធ​បោះឆ្នោត​នៅ​អាមេរិក​ លោក Trump ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​និយាយ​ឥត​សំចៃ​មាត់​មួយ​រូប​នោះ​ បាន​នាំ​មុខ​លោកស្រី Clinton តាម​រយៈ​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​ប្រតិភូ​ គឺ​លោក Trump ទទួល​បាន​ ២៧៩ ប្រតិភូ ធៀប​ជា​មួយ​នឹង​លោកស្រី Clinton ដែល​ទទួល​បាន​ ២២៨ ប្រតិភូ ហើយ​លទ្ធផល​នៅ​ក្នុង​រដ្ឋ​ចំនួន​៣ទៀត​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ ដែល​អាច​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ប្រតិភូ​ដល់​ទៅ ៣០៦ ធៀប​ជាមួយ​នឹង​ចំនួន​ប្រតិភូ​របស់​លោកស្រី Clintonដែល​អាច​នឹង​កើន​ដល់​ចំនួន​ ២៣២។

ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី៤៥ របស់​អាមេរិក​នឹង​មិន​អាច​មាន​ការ​កែ​ប្រែ​នោះ​ទេ មិន​ថា​លោកស្រី​ Clinton អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក មាន​ចំនួន​សំឡេង​ឆ្នោត​ប្រជាប្រិយ​ច្រើន​ជាង​ក៏​ដោយ ដោយ​សារ​តែ​អាមេរិក​គោរព​ទៅ​តាម​ប្រព័ន្ធ​បោះឆ្នោត​ជ្រើស​រើស​ប្រតិភូ ដែល​ជា​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ជាង​២សតវត្សរ៍​ទៅ​ហើយ​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី៕

XS
SM
MD
LG