\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump និង​លោក Obama បញ្ចេញ​មតិ​ផ្ទុយ​គ្នា​ចំពោះ​មរណភាព​របស់​លោក Castro


ប្រធានាធិបតី​គុយបា​លោក​ Fidel Castro នៅ​ក្នុង​ការ​ប្រជុំ​ចុង​ឆ្នាំ​របស់​សភា​ក្នុង​ប្រទេស​គុយ​បា​កាល​ពី​ថ្ងៃទី​២៣ ធ្នូ ២០០៥។

ប្រធានាធិបតី​គុយបា​លោក​ Fidel Castro នៅ​ក្នុង​ការ​ប្រជុំ​ចុង​ឆ្នាំ​របស់​សភា​ក្នុង​ប្រទេស​គុយ​បា​កាល​ពី​ថ្ងៃទី​២៣ ធ្នូ ២០០៥។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​ផ្ញើ​សារទៅ​កាន់​ប្រជាពលរដ្ឋ​គុយបា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​មរណភាព​របស់​លោក​ ហ្វីឌែល​ កាស្រ្តូ ដើម្បី​ចូល​រួម​រំលែក​ទុក្ខ ព្រម​ទាំង​ប្រាប់​ដល់​ពួក​គេ​ផង​ដែរ​ថា លោក​នឹង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រក្រតី​ឡើង​វិញ ។

លោក​អូបាម៉ា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ថា «ថ្ងៃ​នេះ យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ ដល់​ក្រុម​គ្រួសារ​របស់​លោក ហ្វីឌែល​ កាស្ត្រូ ហើយ​យើង​គិត​ទៅ​ដល់​ប្រជាពលរដ្ឋ​គុយ​បា​ទាំង​អស់​គ្នា ។ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ ពួក​គេ​នឹង​ក្រឡេក​មើល​ទៅ​កាន់​អតីតកាល ហើយ​ក៏​សម្លឹង​ទៅ​កាន់​អនាគត​ផង​ដែរ ។ នៅ​ពេល​នោះ ប្រជា​ពលរដ្ឋ​គុយ​បា​នឹង​ដឹង​ថា​ពួក​គេ​មាន​មិត្ត​ភក្ដិ និង​ដៃគូ​នៅ​សហរដ្ឋ​អាមេរិក»។

ដោយ​ដឹង​ច្បាស់​ថា​ប្រជាពលរដ្ឋ​គុយ​បា ទាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​គុយបា មាន​អារម្មណ៍​ផ្សេងៗ​គ្នា​ចំពោះ​ការដឹកនាំ​របស់​លោក កាស្រ្តូ លោក​អូបាម៉ា មិន​បាន​សរសើរ ឬ​ធ្វើ​ការ​ថ្កោល​ទោស​លោក កាស្រ្តូ ដូច​មេដឹកនាំ​ពិភពលោក​ផ្សេងៗ​ទៀត​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​និយាយ​ថា លោក​សូម​ឲ្យ​ប្រវត្តិសាស្ត្រ​កត់ត្រា និង​ធ្វើការ​វិនិច្ឆ័យ​នូវផលប៉ះពាល់​ដែល​លោក​ កាស្ត្រូ​ បាន​បន្សល់​ទុក​លើ​ពិភពលោក​នេះ ។​

លោក​បាន​និយាយ​ថា «ក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ខ្ញុំ យើង​បាន​ព្យាយាម​ទុក​ឲ្យ​អតីតកាលរបស់​យើង​នៅ​ដោយ​ឡែក ដោយ​បន្ត​អនាគត​មួយ​ដែល​ប្រទេស​យើង​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ មិន​មែន​ដោយ​សារ​តែ​ភាព​ខុសគ្នា​របស់​ពួក​យើង ប៉ុន្តែ​ដោយ​សារ​តែ​យើង​មាន​ភាពដូច​គ្នា​ជាច្រើន​ក្នុង​នាម​ជា​អ្នក​ជិតខាង​ និង​មិត្តភក្ដិ ដែល​មាន​ដូច​ជា ចំណង​គ្រួសារ វប្បធម៌ ពាណិជ្ជកម្ម និង​មនុស្សជាតិ​រួម​គ្នា »។

ចំណែក​ឯ លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោត បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Tweeter របស់​លោក កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា «លោក ហ្វីឌែល កាស្រ្តូ បាន​ស្លាប់​ហើយ!» បន្ទាប់​មក​ទៀត លោក​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ដែល​នៅ​ក្នុង​នោះ​លោក​បាន​ហៅ​លោក កាស្ត្រូ​ថា «មេ​ដឹក​នាំ​ផ្ដាច់ការដ៏​កាចសាហាវ​» ដែល​បាន​គាប​សង្កត់​ជិះជាន់​ប្រជាពល​រដ្ឋ​របស់​ខ្លួន​អស់​រយៈពេល​ជិត​ ៦០ឆ្នាំ»។

លោក​ត្រាំ បាន​និយាយ​ថា «ការ​ដឹក​នាំ​របស់​លោក ហ្វីឌែល កាស្រ្តូ គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​ការ​បាញ់ប្រហារ ចោរកម្ម ការ​រងទុក្ខវេទនា​ដែល​នឹក​ស្មាន​មិនដល់ ភាពក្រីក្រ និង​ការ​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន »។ បើ​ទោះ​បី​ជា​លោក ត្រាំ ប្រកាន់​គោល​ជំហរ​ដ៏​រឹង​មាំ​ប្រឆាំង​នឹង​លោក កាស្រ្តូ យ៉ាង​ណា​ក៏​ដោយ ក៏​លោក​បាន​និយាយ​ថា «លោក​សង្ឃឹម​ថា​មរណភាព​របស់​លោក កាស្រ្តូ​នឹង​នាំ​ឲ្យ​មាន​ចលនា​មួយ​ដែលឃ្លាត​ចាក​ពីទុក្ខវេទនា​ដែល​ប្រជាពលរដ្ឋ​គុយ​បា​ បាន​ស៊ូ​ទ្រាំ​ទទួល​រង​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ»។ ហើយ​លោក​ក៏​បាន​បន្ថែម​ថា រដ្ឋបាល​របស់​លោក​នឹង​ធានា​ឲ្យ​ប្រាកដ​ថា ប្រជាពលរដ្ឋ​គុយ​បា​នឹង​ទទួល​បានសេរីភាព និង​វិបុល​ភាព៕

XS
SM
MD
LG