ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​គោល​នយោបាយ​កូរ៉េ​ខាងជើង​របស់​លោក​ត្រាំ​ ពិត​ជា​ខុស​ប្លែកពី​គោលនយោបាយ​របស់​លោក​​អូបាម៉ាឬ?


រូប​ភាព​មួយ​ដែល​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​ (KCNA) កាល​ពី​ថ្ងៃទី​០៧ មីនា​​២០១៧ បង្ហាញ​ពី​ការ​បាញ់​កាំជ្រួច​មីស៊ីលដោយ​កងទ័ព​ប្រជាជន​កូរ៉េ (KPA) ក្នុង​ការ​ធ្វើ​សមយុទញធ​យោធា​មួួ​នៅ​ក្នុងតំបន់​សម្ងាត់​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។undisclosed location in North Korea.

យោង​តាមក្រុម​អ្នក​ជំនាញ​អាមេរិក​និយាយថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ត្រាំ​បាន​សន្យា​ថា​គោល​នយោបាយ​របស់​ខ្លួន​​សម្រាប់កូរ៉េខាងជើងនឹង​ខុស​ប្លែក​ពី​គោល​នយោបាយ​របស់​ប្រធានាធិបតី​មុន​ ហើយ​សម្រាប់​ពេល​នេះ​មាន​សំណួរ​សួរថា​​ ​តើ​លោក​ត្រាំ​នឹង​មាន​ផែនការ​​ថ្មីបែបណា​ចំពោះ​​កូរ៉េខាង​ជើង? ​

លោក​ Rex Tillerson​ រដ្ឋមន្រ្តី​ក្រសួងការ​បទេស​អាមេរិក​បាន​ប្រកាស​បោះបង់​ចោល​គោល​នយោបាយ​ទប់ស្កាត់​អំណាច​ប្រទេសដទៃ​របស់​ប្រធានាធិតបី​មុន​ដែលជា​ «យុទ្ធសាស្រ្ត​អត់ធ្មត់» ហើយ​ត្រូវបាន​គេមើល​ឃើញ​ថា​ទទួល​បរាជ័យ​ដោយ​សារ​តែ​គោល​នយោបាយ​នេះ​មិន​បានបន្ថយ​សកម្មភាពនៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើងនោះទេ។

លោក​ Tillerson បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ចុងខែ​មីនា​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ជាលើក​ដំបូង​ក្នុង​តំបន់​អាស៊ី​បូព៌ា​ថា​៖ «គោលនយោបាយ​នៃយុទ្ធសាស្រ្ត​អត់ធ្មត់​បាន​បញ្ចប់ហើយ។ យើង​កំពុង​រក​វិធានការ​បែប​ការទូត​ សន្តិសុខ​និង​សេដ្ឋកិច្ច​ថ្មី​ផ្សេង​ទៀត»។​

បើទោះជា​សេតវិមាន​កំពុង​តែពិនិត្យ​ពិចារណា​លើ​ជម្រើស​គោល​នយោបាយ​សម្រាប់​របប​ដែល​រឹងរូស​នេះក៏ដោយ​ លោក​ Tillerson បាន​បង្ហើបប្រាប់​ពីវិធានការ​ដែល​សហរដ្ឋអាមេរិក​អាច​នឹងយក​ទៅ​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​។ លោកបានបញ្ជាក់ថា ការ​ចរចា​នឹង​មិន​មាន​នោះ​ទេ​ លុះត្រាតែ​មេដឹកនាំ​កូរ៉េខាងជើង លោក​ គីម ជុងអ៊ុន​ ប្តេជ្ញា​ថា​នឹងដក​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ហើយស.រ.អា.​នឹងមាន​ចំណាត់​ការផ្លូវ​យោធា​បង្ការ​ជាមុន​បើ​សិន​ជាចាំបាច់។​

គោល​នយោបាយ​មើលទៅ​ខុសគ្នា​ប៉ុន្តែដូច​តែគ្នា

លោក Thomas Countryman អតីតជំនួយការ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អន្តរជាតិ​និង​ការរារាំង​ការ​រីកសាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋបាល​លោក​អូបាម៉ា​ ជឿ​ថាគោល​នយោបាយ​លើ​កូរ៉េខាងជើង​របស់​លោក​ត្រាំ​មិន​មាន​ភាព​ខុសគ្នា​ខ្លាំង​ពី​អតីត​ប្រធានាធិបតី​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ «រដ្ឋបាល​របស់លោក​ត្រាំ​ គឺ​ដើរ​លើ​ផ្លូវ​តែ​មួយ​ដូច​រដ្ឋបាល​របស់​លោក​អូបាម៉ា​ ប៉ុន្តែ​សង្កត់​ធ្ងន់ជាង​មុន​លើ​ការដាក់​ទណ្ឌកម្ម​ ការ​ផ្តល់​តម្រូវការ​នានា​លើ​សមត្ថភាព​ក្នុងការការពារនិង​ភាព​រឹងប៉ឹង​ដើម្បី​ការពារ​ជប៉ុននិង​កូរ៉េ​ខាងត្បូង»។​

«លោក Tillerson បាន​និយាយ​ថា​ជម្រើស​យោធា​គឺ​ស្ថិត​ក្រោម​ការ​ពិចារណា​ហើយមិន​ខុស​គ្នា​ខ្លាំង​ពី​អ្វី​ដែល​អតីត​ប្រធានាធិបតី​អូបាម៉ា​តែង​តែ​និយាយ​នោះ​ទេ ជម្រើស​ទាំង​អស់​នោះ​គឺ​គេ​គិត​រួច​ជា​ស្រេច​ហើយ»។​

ប៉ុន្តែ​អតីត​អ្នកការទូត​បាន​និយាយ​ថា​លោក​ ត្រាំ​ដូចជា​មិន​អើពើ​នឹង «ការ​ផ្សាភ្ជាប់​ទំនាក់ទំនងដ៏​មាន​ប្រសិទ្ធិ​ភាព​ជាមួយចិនសោះ ដែល​វាគឺ​ជា​គន្លឹះ​ដ៏សំខាន់​មួយ​»។​

ជា​ញឹកញយ​ រដ្ឋបាល​លោក​ត្រាំ​បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ខកខាន​ចូលរួម​គាំទ្រ​ឲ្យ​ពេញ​ទំហឹង​ក្នុងការ​រារាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ អំឡុងពេល ​លោក Tillerson ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី លោក​ប្រធានាធិបតី​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ Twitter ថា «កូរ៉េខាងជើង​កំពុង​បញ្ចេញ​អាកប្បកិរិយា​អាក្រក់​ខ្លាំង​ណាស់។ ប្រទេសនេះ​បាន​នឹងកំពុង​លេងសើច​ជាមួយ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​ឆ្នាំ​មកហើយ​។ ប្រទេស​ចិន​មិន​បាន​ជួយ​អ្វី​ច្រើន​ទេ»។

ប្រធានាធិបតី​ត្រាំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រៀបចំ​ទទួល​ស្វាគមន៍​ ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​រយៈពេល​ពីរថ្ងៃ​ក្នុង​ខែ​ក្រោយ​ហើយ​បញ្ហា​កូរ៉េ​ខាងជើង​ទំនង​ជា​របៀបវារៈ​ដ៏សំខាន់​នៃកិច្ច​ប្រជុំនេះ។

យុទ្ធសាស្រ្ត​អត់ធ្មត់​ដដែល​ប៉ុន្តែ​មានឈ្មោះ​ផ្សេង​

លោក​ Ken Gause ប្រធាន​ក្រុម​កិច្ចការ​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល​វិភាគ​ដែន​សមុទ្រអះអាង​ថា​យុទ្ធសាស្រ្ត​ដែល​គ្រោង​ដោយ​ក្រុម​លោក​ប្រធានាធិបតី​ត្រាំ​មិន​ខុសគ្នា​ពី​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា​ដែល​ទទួល​បរាជ័យ​នោះ​ទេ ប៉ុន្តែ​លោក​រំពឹង​ថា​គោល​នយោបាយ​របស់​លោក​ត្រាំ​ចំពោះ​កូរ៉េ​ខាងជើង​អាច​នឹង​មានឱកាស​ក្នុង​ការ​ទទួលបាន​ជោគជ័យ។

លោក​ Gause​ បាន​និយាយ​ថា៖ «ការណ៍​ដែល​សំខាន់​បំផុត​ គឺ​អ្នក​នឹងធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​នៅតែ​បន្ត​ធ្វើ​អ្វី​ដែល​ប្រទេសនេះ​កំពុង​ធ្វើ​ ឬក៏​អ្នក​បន្តដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ និង​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង​ ហើយ​ព្យាយាម​ដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​យើង​ដូច​ដែល​រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​ធ្វើ។ ការធ្វើ​បែបនេះ ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ»។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏ដោយ​ ក្រុម​អ្ន​កជំនាញ​ផ្សេង​ទៀត​មាន​ជំនឿ​ថាលោក​ត្រាំ​នឹង​មាន​យុទ្ធសាស្រ្ត​ផ្សេង​ដើម្បី​ដក​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាងជើង​ ហើយ​ពួកគេ​រំពឹង​ថា​លោក​ត្រាំ​នឹង​មាន​គោល​នយោបាយ​តឹងរ៉ឹង​ដែល​ផ្តោត​លើ​ការរឹត​បន្តឹង​ដង្ហើម​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​មីស៊ីល​និងអាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋ​ឯកោ​មួយនេះ។​
អតីត​អនុប្រធាន​ផ្នែក​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ (CIA) ប្រចាំ​ឧបទ្វីប​កូរ៉េ​ លោក Bruce Klingner បាន​និយាយ​ថា​ទោះ​បី នេះ​ជា​មាន​ការ​សន្និដ្ឋាន​មុន​ ស្របពេលដែលគោលនយោបាយ​របស់​រដ្ឋបាល​ត្រាំ​សម្រាប់​កូរ៉េ​ខាងជើង​កំពុង​ត្រូវ​បាន​គេ​ធ្វើក៏ដោយ​ «ភាព​ដែលអាច​ខុសប្លែក​ពីមុន​នោះគឺ​ កម្រិត​នៃការ​ទណ្ឌកម្ម​តែប៉ុណ្ណោះ​»។​

សារព័ត៌​ Rodong Sinmun​ ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​បាន​ថ្កោលទោស​លើគោល​នយោបាយ​កូរ៉េ​ខាងជើង​របស់​ត្រាំ​ ដោយ​បានសរសេរ​ថា​ «គ្មាន​ភាព​ខុសគ្នា​ខ្លាំង​នោះ​ទេ​រវាង​គោលនយោបាយ «យុទ្ធសាស្រ្ត​អត់ធ្មត់» ​ដែលបរាជ័យរបស់​លោក​អូបាម៉ា​និង​គោល​នយោបាយ​កូរ៉េ​ខាងជើង​របស់​រដ្ឋបាល​សហរដ្ឋអាមេរិក​បច្ចុប្បន្ន៕ ​

ប្រែសម្រួល​ដោយ​ ទុំ​ ម្លិះ

XS
SM
MD
LG