ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន ដែល​លោក Trump ទើប​តែងតាំង នឹង​ជំរុញ​ចិន​ឲ្យ​ផ្ដោត​លើ​បញ្ហា​កូរ៉េ​ខាង​ជើង


លោក Terry Branstad ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ទំនាក់ទនង​អន្តរជាតិ​ព្រឹទ្ធសភា ទាក់ទង​នឹង​ការ​តែងតាំង​លោក​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន នៅ​វិមាន​សភា Capitol Hill នៅ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។

លោក Terry Branstad អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិន​នា​អាណត្តិ​បន្ទាប់ ដែល​ទើប​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា លោក​នឹង​បន្ត​ជំរុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​បញ្ឈប់​ការ​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Terry Branstad ដែល​បច្ចុប្បន្ន​នេះ ជា​អភិបាល​រដ្ឋ Iowa បាន​ថ្លែង​ប្រាប់​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ដូច​ដែល​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី​ទទួល​ស្គាល់​អញ្ចឹង​ដែរ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទទួល​ស្គាល់​ថា មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​របស់​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង គឺ​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​ជាតិ ហើយ​យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវតែ​ផ្ដោត​លើ​វិធី​ណា ដែល​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន»។

នៅ​ក្នុង​អំឡុង​ពេល​សវនាការ​ផ្ដល់​សច្ចានុមតិ​របស់​លោក លោក Branstad បាន​បញ្ជាក់​ថា ប្រទេស​ចិន ដឹង​យ៉ាង​ច្បាស់​អំពី​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ហើយ​ក៏​មិន​ចង់​ឃើញ​ជនជាតិ​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​ហូរ​ចូល​មក​ក្នុង​ទឹកដី​របស់​ខ្លួន នៅ​ក្នុង​ករណី​ដែល​សង្គ្រាម​កើត​ឡើង​នោះ​ទេ។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ជា​ច្រើន​រូប បាន​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន។ ចំណែក​ឯ Branstad វិញ ព្យាយាម​បញ្ជាក់​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​រូប​លោក ថា​លោក​អាច​ធ្វើ​បាន ដោយ​លោក​បាន​និយាយ​ថា ប្រសិនបើ​ព្រឹទ្ធសភា​ផ្ដល់​សច្ចានុមតិ​ដល់​រូប​លោក​ជា​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិន លោក​នឹង​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​តំណាង​ឲ្យ​តម្លៃ​សហរដ្ឋ​អាមេរិក​ចំពោះ​មេដឹកនាំ និង​ប្រជាពលរដ្ឋ​ចិន។

លោក​ថា លោក​នឹង​មិន​ត្រឹម​តែ​អញ្ជើញ​អ្នក​ប្រឆាំង និង​សង្គម​ស៊ីវិល​មក​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ជួប​អ្នក​ទាំង​នោះ​ទៀត​ផង៕

XS
SM
MD
LG