ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ព្រមព្រៀង​សហការ​គ្នា​ប្រឆាំង​នឹង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង


ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon Jae-in និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​ត្រាំ​ កាល​ពី​ថ្ងៃទី​១០ ឧសភា ​២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក Moon Jae-in បាន​ព្រមព្រៀង​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ ក្នុង​ការ​សហប្រតិបត្តិការ​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​លោក Moon មន្ត្រី​កូរ៉េខាងត្បូង​និយាយ​ថា លោក ត្រាំ ពណ៌នា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​មហិច្ឆតា​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ថា​ស្មុគស្មាញ ប៉ុន្តែ​ជា​បញ្ហា​ដែល​អាច​ដោះស្រាយ​បាន។

លោក ត្រាំ បាន​និយាយ​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង ដែល​ជា​កំពែង​ដ៏​វែង​សម្រាប់​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង គឺ​ខ្លាំងក្លា ហើយ​លោក​ក៏​បាន​អញ្ជើញ​លោក Moon ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ផង​ដែរ។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង។

មេដឹកនាំ​កូរ៉េខាងត្បូង​ថ្មី​បាន​ចាត់​វិធានការ​ផ្សះផ្សារ​គ្នា​ជាមួយ​កូរ៉េខាងជើង ច្រើន​ជាង​លោក ត្រាំ ដែល​បាន​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង​ទៅ​លើ​ឧបទ្វីប​កូរ៉េ​ ដើម្បី​ជា​ការ​ព្រមាន​ដល់​កូរ៉េខាងជើង ចំពោះ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។ លោក ត្រាំ ចង់​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​របប​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង​ធ្វើ​ឲ្យ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ឯកោ​បន្ថែម​ទៀត៕

XS
SM
MD
LG