ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ​ ដាក់​ឈ្មោះ​អ្នកយុទ្ធសាស្រ្តយោធាជា​ទីប្រឹក្សាសន្តិសុខជាតិ


លោក​ឧត្តមសេនីយកងទ័ព Lt. Gen. H.R. McMaster ស្តាប់​ប្រធានាធិបតី​ ត្រាំ​ប្រកាសនៅ​ក្នុង​ Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី២០ កុម្ភៈ ២០១៧។

លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បានតែងតាំង​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​លោក​បានជ្រើសរើស​លោក​ឧត្តម​សេនីយ​ឯក​ H.R. McMaster នៃ​កង​ទ័ព​ជើង​គោកអាមេរិកាំង​ឱ្យកាន់​តំណែង​នេះ។​ លោក McMaster ជា​អ្នក​យុទ្ធសាស្ត្រ​យោធា​ម្នាក់ដែល​បាន​ចំណាយ​ពេល​ក្នុង​អាជីព​ទាំង​ស្រុង​របស់​លោក​ក្នុង​កង​យោធពល​ស.រ.អា.។

លោក​ Trump បាន​ហៅលោក McMaster អាយុ៥៤ឆ្នាំថា​ជា «បុរស​ម្នាក់​មានការ​ប៉ិន​ប្រសប់​និង​បទ​ពិសោធន៍ដ៏អាស្ចារ្យ»។

លោក​ប្រធានាធិបតី​ដែល​បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​ពី​កន្លែង​សម្រាក​កាយ​របស់​លោក​នៅ​ Mar-a-Lago ក្នុង​រដ្ឋ Florida នៅ​ជាប់​នឹង​ឆ្នេរ​សមុទ្រ​ Atlantique បាន​និយាយ​ថា​លោក Keith Kellogg ឧត្តម​សេនីយ​ឯក​ចូល​និវត្តន៍​នៃ​កង​ទ័ព​ជើង​គោក​អាមេរិកាំង​ដែល​បាន​បម្រើ​ការ​ជា​ទី​ប្រឹក្សាស្តី​ទី​របស់​លោក​នៅ​ពេល​នេះនឹង​បម្រើ​ការ​ជា​នាយ​ខុទ្ទកាល័យ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ។

នៅ​ពេល​សព្វថ្ងៃ​នេះ​ លោក McMaster ជា​នាយក​នៃ​មជ្ឈមណ្ឌល​ខាង​សមត្ថភាព​រួម​បញ្ចូល​នៃ​កង​ទ័ពជើង​គោក​ដែល​ភាសាអង់គ្លេស​ហៅថា​ Army's Capabilities Integration ដែល​ជា​ទី​ភ្នាក់ងារមួយ​របស់កង​ទ័ព​ជើង​គោក​មាន​ភារកិច្ច​ខាង​ការរួមបញ្ចូល «សមត្ថភាព​ប្រយុទ្ធ​សង្គ្រាមទៅ​ក្នុង​កងកម្លាំង» ​និង​ជាមួយ​ទីភ្នាក់ងារ​ឯទៀតៗ​របស់រដ្ឋាភិបាល។ ​លោក​ Trump បានជ្រើសរើស​យក​លោក​លើ​បេក្ខជន​យ៉ាង​តិច​ណាស់បី​នាក់​ទៀត ដោយ​មានរួម​បញ្ចូល​ទាំង​លោក Kellogg ផង​ដែរ។

លោក McMaster នឹង​ជំនួស​លោក Michael Flynn ដែល​ជា​ឧត្តម​សេនីយ​កងទ័ព​ជើង​គោក​ចូល​និវត្តន៍​ដែល​លោក Trump បាន​ដក​ចេញពី​តំណែង​កាល​ពី​មួយ​សប្តាហ៍​មុន​នេះ​នៅ​ក្រោយ​លោក​បាន​កាន់​តំណែង​តែ​២៤​ថ្ងៃ​នៅ​ពេល​ចាប់​ផ្តើម​ការ​កាន់​អំណាច​របស់​លោក Trump នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ ប្រធានាធិបតី​ថ្មី​រូប​នេះបាននិយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ជា​ការ​មិនអាចទទួល​យក​បានទេ​ដែល​លោក Flynn បាន​និយាយ​កុហក​ដល់​លោក​អនុប្រធាធិបតី​ Mike Pence អំពី​ការទាក់ទង​ដែល​លោក​មាន​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​រុស្សី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នៅ​មុន​លោក Trump បាន​សម្ពោធ​តំណែង​កាល​ពីមួយ​ខែ​មុន​នេះ៕

XS
SM
MD
LG