ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សន្ទនា​រវាង​ប្រធានាធិបតីស.រ.អា ​ត្រាំ​ និងលោកស្រី​អធិការបតី​អាល្លឺម៉ង់ Merkel ​បន្ធូបន្ថយ​​កង្វល់​អំពីការ​ខ្វែង​គំនិត​អង្គការ​អូតង់


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ចាប់​ដៃ​គ្នា​ក្នុង​សន្និសីទកាសែត​រួម​មួយ​នៅ​ក្នុង​បន្ទប់ខាងកើត​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១៧ មីនា ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​ចាប់​ដៃ​គ្នា​ដ៏​កក់​ក្តៅ​នៅ​ពេល​បញ្ចប់​ជំនួប​ដើម្បី​ស្គាល់​គ្នា​ដែល​មាន​ភាព​មិន​ស្រួល​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ដែល​ហាក់​ដូចជា​ប្រាប់​ឲ្យ​ដឹង​ពី​ការលំបាក​នៅ​ខាង​មុខ​សម្រាប់​ទំនាក់​ទំនង​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់​ទិក​នេះ។

លោក​ប្រធានា​ធិបតី​ត្រាំ​និង​លោកស្រី​អធិការបតី Merkel ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មេដឹកនាំ​ដ៏​មាន​អំណាច​២​នៅ​ក្នុងពិភពលោក​ខាង​លិច ​ទំនង​គេច​ចេញ​ផុត​ពីការ​ចាប់​ផ្តើមដ៏​លំបាក​នៅ​ក្នុង​ជំនួប​ទល់​មុខ​គ្នា​លើក​ដំបូង​របស់​ពួកគេ។ ពួកគេ​មិនបាន​ចាប់​ដៃ​គ្នា​នៅពេលអង្គុយ​ថតរូប​នៅ​ក្នុងការិយាល័យ​រាង​ពងក្រពើ​បន្ទាប់​ពីការ​បើកការ​សន្ទនា។

ទោះ​ជាយ៉ាង​ណាក៏ដោយ នៅ​ឯសន្និសីទ​កាសែត​ក្រោយ​មក ​បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​២​ម៉ោង ​មេដឹកនាំ​ទាំង២​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដែល​នឹងបន្ធូ​របន្ថយ​ការ​ព្រួយ​កង្វល់។

លោក Charles Kupchan ​អ្នក​សិក្សា​ស្រាវជ្រាវ​នៅឯ​ក្រុមប្រឹក្សា​ទំនាក់​ទំនង​បរទេស​និយាយ​ថា «​អស់​លោក​ជា​មេដឹកនាំ​ស៊ីវិល។ ​ពួកគាត់​មិនបាន​បង្ហាញភាព​ដូចគ្នា​ណាមួយ​ទេ ហើយ​គេ​អាចមើល​ដឹងថា ​មានការ​ខ្វែង​គំនិត​គ្នាគួរឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ជំនួប​នេះ‍»។

លោក​ប្រធានា​ធិបតី​ត្រាំ​មិន​បាន​លើក​យក​ការរិះគន់​លោកស្រី Merkel ​ដែល​លោក​បាន​ធ្វើ​នៅពេល​ដែល​លោកឈរឈ្មោះ​ប្រធានា​ធិបតី​កាល​ពី​ឆ្នាំ​ទៅ ​នៅពេល​ដែល​លោក​បាន​និយាយថា ​គោលនយោបាយ​របស់​លោកស្រី​អធិការបតី​នៃ​ការ​ស្វាគមន៍​ជន​អន្តោប្រវេសន៍​បាន​បំផ្លាញ​ប្រទេស​របស់​លោកស្រី​ហើយ​នឹង​ផ្នែក​ភាគ​ច្រើន​របស់​តំបន់​អឺរ៉ុប៕


XS
SM
MD
LG