\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ​ មាន​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ​ដែល​គេ​រំពឹង​ថា​គឺ​ដើម្បី​បញ្ចប់​ការ​ជ្រើស​រើស​គណៈ​រដ្ឋមន្ត្រី


ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក ដូណាល់​ ត្រាំ នៅ​ខណៈ​លោក​មក​ដល់​អាគារ Trump Tower នៅ​បុរីញូវយ៉ក កាល​ពីថ្ងៃទី៦ ខែ​ធ្នូ។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក ដូណាល់​ ត្រាំ នៅ​ខណៈ​លោក​មក​ដល់​អាគារ Trump Tower នៅ​បុរីញូវយ៉ក កាល​ពីថ្ងៃទី៦ ខែ​ធ្នូ។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក ដូណាល់​ ត្រាំ​ បាន​បើក​សន្និសីទ​កាសែត​មិន​បាន​ព្រាង​ទុក​មុន​មួយ​នៅ​ក្នុង​កន្លែង​ទទួល​ភ្ញៀវ​នៅ​អគារ ​Trump​ ក្នុង​ទីក្រុង​ញូវយ៉ក។

លោក​បាន​និយាយ​ថា ​លោក​មាន​កិច្ចប្រជុំ​ពេញ​មួយ​ថ្ងៃ ​ដោយសារ​លោក​ត្រូវ​បន្ត​ដំណើរការ​តែង​តាំង​មន្ត្រី​នៅ​ក្នុង​រដ្ឋបាល​របស់​លោក ដែល​រួម​មាន​ទាំង​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​ជា​តំណែង​ការទូត​កំពូល​របស់​អាមេរិក​ផង​ដែរ។​

លោក ត្រាំ​ បាន​និយាយ​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​មនុស្ស​ជាច្រើន។ ពួកគេ​ជា​មនុស្ស​ដ៏​អស្ចារ្យ»។

លោក​អនុប្រធានាធិបតី​ជាប់​ឆ្នោត ​Mike Pence ​បាន​និយាយ​កាល​ពី​មុន​ថា​ លោក ត្រាំ ត្រូវ​ការ​ពេល​វេលា​ដើម្បី​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

«តួនាទី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ គឺ​ជា​អ្នក​ដែល​នឹង​តំណាង​ឲ្យ​ប្រធានាធិបតី​នៅ​បរទេស ហើយ​វា​គឺ​ជា​តំណែង​មួយ​ដ៏​អស្ចារ្យ!» នេះ​ជា​សម្តី​របស់​លោក Pence នៅ​ក្នុង​បទសម្ភាសន៍​មួយ​លើ​កម្មវិធី Morning Joe របស់​ស្ថានីយ៍​ទូរទស្សន៍ MSNBC។

​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ Jason Miller​ អ្នក​នាំ​ពាក្យ​របស់​លោក ត្រាំ បាន​និយាយ​ថា លោក ត្រាំ ចង់​ឲ្យ​ប្រាកដ​ថា ​លោក​នឹង​តែងតាំង​បុគ្គល​ដ៏​ត្រឹមត្រូវ ​និង​ចង់​ប្រគល់​តំណែង​នេះ​ទៅ​ឲ្យ​នរណា​ម្នាក់​ដែល​មាន​ចក្ខុវិស័យ​ដូចគ្នា​ ចំពោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​សម្រាប់​ប្រទេស​របស់​យើង។ ​

លោក ត្រាំ បាន​ជួប​ជាមួយ​នឹង​បេក្ខជន​ជាច្រើន​សម្រាប់​តំណែង​នេះ ដោយ​រួម​ទាំង​អតីត​អ្នករិះគន់​លោក ​គឺ​លោក ​Mitt Romney​ ផង​ដែរ។ លោក Romney ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជា​បេក្ខជន​នាំ​មុខ​គេ​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ខណៈ​ដែល​គេ​និយាយ​ថា អតីត​អភិបាល​ក្រុង​ញូវយ៉ក​ លោក Rudy Giuliani លែង​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​ទៀត​ហើយ៕

XS
SM
MD
LG