ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជួប​ប្រធានាធិបតី​ចិន​លោក Xi Jinping


ប្រធានាធិបតី​ Donald Trump និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដើរ​ជាមួយ​គ្នា​បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ Mar-a-Lago កាល​ពី​ថ្ងៃទិ​០៧ មេសា ២០១៧​នៅ​ទីក្រុង​ Palm Beach រដ្ឋ Florida។

លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ទទួល​សេចក្តី​អញ្ជើញ​ពី​លោក​ប្រធានាធិបតី​ចិន Xi Jinping ឱ្យ​លោក​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​ក្នុង​ក្រុង​ប៉េកាំង​នៅ​ពេលបន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​នេះ ទោះ​ណា​ជា​មិនទាន់​មាន​ការ​កំណត់ថ្ងៃ​ខែនៃ​ទស្សនកិច្ច​នេះក៏​ដោយ។

ដំណឹង​នេះ​មានឡើង​នៅ​ក្នុងការ​និយាយ​ត្រួសៗ​ប្រាប់ពួក​អ្នកកាសែត​ដោយ​រដ្ឋមន្ត្រី​ស.រ.អ.បី​នាក់នៅ​ពេល​លោក Trump និង​លោក​ Xi ជួបគ្នា​នៅ​ឯកន្លែង​សម្រាក​កាយ​ Mar-a-Largo របស់​លោក Trump នៅ​ក្នុង​រដ្ឋ​ Florida ហើយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ចិន​ក៏​បានបញ្ជាក់​ថា​ជា​ការ​ពិតដែរ។​ គ្មាន​ការ​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​សេចក្តី​ល្អិតល្អន់ថែម​ទៀត​នៃទស្សនកិច្ច​របស់​លោក Trump ក្នុង​ប្រទេស​ចិន​ទេ។​

លោក Wilbur Ross រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស.រ.អា. បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា​ស.រ.អា.មាន​ផែនការ​សកម្មភាព​១០០ថ្ងៃ​អំពី​ពាណិជ្ជកម្មជាមួយ​ប្រទេស​ចិន។ ​លោក​បាននិយាយ​ថា​ផែនការ​នេះ «មាន​ល្បឿន​លឿន»​ ហើយ​មាន​រួម​បញ្ចូល «ការ​បញ្ជាក់អំពី​សមិទ្ធិផល» ផង​ដែរ​ ក៏​ប៉ុន្តែ​លោក​បាន​ផ្តល់​សេចក្តី​ល្អិតល្អន់​បន្ថែម​តែ​បន្តិចបន្តួច។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. Rex Tillersonបាននិយាយ​ថា​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​ហើយ​បាន​យល់​ស្រប​គ្នា​ថា​បញ្ហា​បង្កើនគ្រឿង​អាវុធ​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បាន​កើន​ឡើង​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ហើយ។​ លោក Tillerson បាន​ថ្លែង​ថា​ស.រ.អា.និង​ប្រទេស​ចិនប្តេជ្ញា​ថា​នឹង​ធ្វើ​កុំ​ឱ្យ​ឧបទ្វីប​កូរ៉េ​មាន​អាវុធ​បរមាណូ​ហើយ​យល់ព្រម​បង្កើន​សហការ​គ្នា​ដើម្បី​ឱ្យ​បាន​សម្រេច​គោលដៅ​នេះ៕

XS
SM
MD
LG