ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ផ្តោត​លើ​កំណែ​ទម្រង់​ពន្ធ បន្ទាប់​ពី​ផែនការ​លុបចោល​ច្បាប់​ថែទាំ​សុខភាព​បរាជ័យ​


រូបភាព​ឯកសារ៖ នេះ​ជារូបភាព​ទម្រង់​ពន្ធ ១០៤០​ ដែល​ត្រូវ​បាន​បង្ហាញនៅ​ទីក្រុង​ញូវយ៉កកាលពី​ថ្ងៃទី​១០ មករា ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump កំពុង​តែ​បង្វែរ​ចំណាប់អារម្មណ៍​របស់​លោក​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ពន្ធ ក្រោយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​លុប​ចោល​និង​ជំនួស​ផែនការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ជាតិ​បាន​បរាជ័យ។

លោក​បាន​មាន​ប្រសាសន៍​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ដក​ច្បាប់​ដែល​ជំនួស​ច្បាប់ Affordable Care ដែល​គេ​ស្គាល់​ថា Obamacare ចេញ។ លោក​បាន​ថ្លែង​ថា «ខ្ញុំ​សូម​និយាយ​ថា យើង​នឹង​ប្រហែល​ជា​ចាប់​ផ្តើម​កាន់​តែ​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​ពន្ធ​ក្នុង​បរិមាណ​ច្រើន​និង​ធ្វើ​កំណែទម្រង់​ពន្ធ។ កិច្ចការ​នេះ​នឹង​ក្លាយ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​បន្ទាប់»។​

សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ត្រូវ​បាន​បង្ខំ​ឲ្យ​លុបចោល​ការ​បោះឆ្នោត​ដើម្បី​ជំនួស​ច្បាប់​ថែទាំ​សុខភាព​នៅ​ក្នុង​សភា ដោយ​សារ​តែ​មិន​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អំឡុងពេល​នៃ​ការ​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Axios ថា លោក​បានពិនិត្យទៅ​លើ​ច្បាប់​កំណែ​ទម្រង់​ពន្ធ​របស់​រដ្ឋបាល​លោក Trump អស់​រយៈពេល​២​ខែ​មក​ហើយ។ ​

លោក​ថ្លែង​ថា ច្បាប់​នេះ​នឹង​រួម​បញ្ចូល​ទាំង​សំណើ​ក្នុង​ការ​កាត់​ពន្ធ​របស់​បុគ្គល​និង​សហគ្រាស​ផង​ដែរ។ «ការផ្តោត​សំខាន់​របស់​យើង​គឺ​កាត់​ពន្ធ​ដល់​អ្នក​មាន​ប្រាក់​បៀវត្ស​មធ្យម មិន​មែន​ជា​អ្នក​មាន​កំពូល​នោះ​ទេ»៕

XS
SM
MD
LG