ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​​បញ្ឈប់​ការ​ងារ​របស់លោក Comey បង្ក​ព្យុះ​ភ្លៀង​នយោបាយ​

  • Jim Malone

រូបឯកសារ៖ លោក James Comey ប្រធាន​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ដែល​ត្រូវ​បានលោក​ត្រាំ​ បណ្ដេញ​ចេញ​ពី​តំណែង​ កាល​ពី​ថ្ងៃ​ទី៩ ខែ ឧសភា។

លោក​ប្រធានាធិបតី ត្រាំ កាល​​ពី​ថ្ងៃ​ពុធ​បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​ដើម្បី​បណ្ដេញ​លោក​ James Comey ​នាយក​​ភ្នាក់​ងារ​ស៊ើប​អង្កេត​សហព័ន្ធFBI ​ដែល​ជា​ជំហាន​មួយ​​ធ្វើ​ឲ្យ​មាន​ព្យុះ​ភ្លៀង​ក្នុង​វេទិកា​នយោបាយ​ទូ​ទាំង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ទោះ​បី​ជា​លោក ត្រាំ​ និង​មន្ត្រី​ផ្សេង​ទៀត​ក្នុង​រដ្ឋ​បាល​របស់​លោក​ការពារ​ការ​សម្រេច​ចិត្ត​នេះ ក្រុម​អ្នក​ប្រឆាំង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​បង្កើត​ក្រុម​ប្រឹក្សា​ពិសេស​ដើម្បី​ដឹក​នាំ​ការ​ស៊ើប​អង្កេត​លើ​ការ​សង្ស័យ​ពី​ការ​ឃុបឃិត​គ្នា​រវាង​យុទ្ធនាការ​ របស់​លោក ត្រាំ​ និង​ប្រទេស​រុស្ស៊ី ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

នៅ​ក្នុង​ជំនួប​ជា​មួយ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស លោក Henry Kissinger នៅ​ក្នុង​សេតវិមាន លោក​ប្រធានាធិបតី ត្រាំ​ ត្រូវ​បាន​គេ​ចោទ​សួរ​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​បណ្ដេញ​នាយកភ្នាក់​ងារ​ស៊ើប​អង្កេត​សហព័ន្ធFBI លោក James Comey ចេញ​ពី​តំណែង។

អ្នក​សារព័ត៌មាន​ម្នាក់​ចោទ​សួរ​លោក ត្រាំ ថា៖ «លោក​ប្រធានាធិបតី ​ហេតុ​អ្វី​បាន​ជា​លោក​បណ្ដេញ​នាយកភ្នាក់​ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI​ លោក​ James Comey ចេញ​ពី​តំណែង?»

លោក ត្រាំ ឆ្លើយ​យ៉ាង​សាមញ្ញ​ថា៖ «ពីព្រោះ​គាត់​ធ្វើ​ការ​មិន​បាន​ល្អ។ គាត់​ធ្វើ​ការ​មិន​បាន​ល្អ​ទាល់​តែ​សោះ»។

នៅ​ក្នុង​លិខិត​ទៅកាន់​លោក ​Comey ​លោក ត្រាំ​ បាន​និយាយ​ថា គាត់​ធ្វើ​ដូច្នេះផ្អែក​លើ​អនុសាសន៍​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ ដែល​បារម្ភ​ពី​ចំណាត់​ការ​របស់​លោក Comey លើ​ការ​ស៊ើប​អង្កេត​អ៊ីមែល​របស់​លោក​ស្រី Hillary Clinton កាល​ពី​ឆ្នាំ​មុន។

ប៉ុន្តែ​ការ​បណ្ដេញ​លោក ​Comey ចេញ​ពី​ដំណែង​បង្ក​ឲ្យ​មាន​បាតុកម្ម​នៅ​ខាង​ក្រៅ​សេតវិមាន និង​បង្ក​ឲ្យ​មាន​ព្យុះ​ភ្លៀង​នយោបាយ​ទូទាំង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ក្នុង​ព្រឹទ្ធសភា ​សមាជិក​មក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ​ទាម​ទារ​ឲ្យ​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក ​Rod Rosenstein បង្កើត​ក្រុមប្រឹក្សា​ពិសេស​ដើម្បី​ដឹក​នាំ​ការ​ស៊ើប​អង្កេត​លើ​ការ​សង្ស័យ​ពី​ការ​ឃុបឃិត​គ្នា​រវាង​យុទ្ធនាការ​ របស់​លោក ត្រាំ​ និង​ប្រទេស​រុស្ស៊ី ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ Chuck Schumer បាន​និយាយ​ថា៖ «ប្រសិន​បើ​គាត់​ជឿ​ដូច​ខ្ញុំ​ថា ប្រជាពលរដ្ឋ​អាមេរិកាំង​ត្រូវ​តែ​មាន​ជំនឿ​ទៅ​លើ​ភាព​មិន​លម្អៀង​នៃ​ការ​ស៊ើប​អង្កេត​នេះ គាត់​ត្រូវ​តែ​ចាត់​តាំង​ព្រះរាជ​អាជ្ញា​ពិសេស និង​ដក​រឿង​ក្ដី​នេះ​ចេញ​ពី​កណ្ដាប់​ដៃ​ភ្នាក់​ងារ​ស៊ើប​អង្កេត FBI និង​ដក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​កណ្ដាប់​ដៃ​របស់​រដ្ឋបាល​បច្ចុប្បន្ន»។​

អ្នក​នាំ​ពាក្យ​សេតវិមាន​បដិសេធ​ការ​ព្រួយ​បារម្ភ​របស់គណបក្ស​ប្រជាធិបតេយ្យ ដែលលើក​ឡើង​ថា​ លោក​ ត្រាំ ព្យាយាម​លុប​បំបាត់​ការ​ស៊ើប​អង្កេត​ទាក់​ទិន​នឹង​រុស្ស៊ី។

លោកស្រី Sarah Huckabee Sanders អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា៖ «គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ពី​ការ​ជាប់​សង្ស័យ​រវាង​យុទ្ធនាការ​របស់​លោក ត្រាំ និង​ប្រទេស​រុស្ស៊ី​ឡើយ ហើយ​យើង​ចង់​ឲ្យ​រឿង​នេះ​ចប់​សព្វ​គ្រប់​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​អាច​បន្ត​កិច្ច​ការ​ទៅ​មុខ​ទៀត​បាន»។​

សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី ការ​បណ្ដេញ​លោក Comey ចេញ​ពី​តំណែង ហើយថា​វា​អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត FBI ក្នុង​ពេល​បច្ចុប្បន្ន​ឬ​យ៉ាង​ណា។

ប៉ុន្តែ​លោក​ Mitch McConnell ប្រធានព្រឹទ្ធ​សភា ​បដិសេធ​នឹង​សំណើ​បង្កើត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ពិសេស​នោះ បាន​លើក​ឡើង​ថា គណបក្ស​ប្រជាធិបតេយ្យ​បាន​តវ៉ា​ជា​យូរ​ណាស់​មក​ហើយ​ចំពោះ​ការ​ចំណាត់​ការ​របស់​លោក Comey ទៅលើ​លោក​ស្រី Clinton ក្នុង​អំឡុង​ពេល​យុទ្ធនាការបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។

លោក​ Mitch McConnell បាន​និយាយ​ថា៖ «សមាជិក​គណ​បក្ស​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​រួម​ការ​ងារ​របស់​យើង តវ៉ា​ពី​រឿង​ដក​តំណែង​នាយកភ្នាក់​ងារ​ស៊ើប​អង្កេត FBI ដែល​ជាបុគ្គល​ម្នាក់​ ដែល​ពួក​គេ​ធ្លាប់​រិះគន់​យ៉ាង​ចាស់​ដៃ​ម្ដង​ហើយ​ម្ដង​ទៀត»។​

ការ​សម្រេច​ចិត្ត​របស់​លោក​ ត្រាំ ក្នុង​ការបណ្ដេញ​លោក Comey ចេញ​ពី​តំណែង​យ៉ាង​តក់​ក្រហល់ បង្ក​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ ដែល​ប្រហែល​ជា​មិន​ត្រូវ​បាន​ទទួល​ចម្លើយ​ភ្លាមៗ​ទេ នោះ​បើ​តាម​សំណើ​របស់​លោក Frank Sesno អ្នក​វិភាគ​មួយ​រូប​មក​ពី​សាកល​វិទ្យាល័យ George Washington។

លោក Frank Sesno បាន​និយាយ​ថា៖ «តើ​ពួក​គេ​ពិត​ជា​ព្យាយាម​ដាក់​វិន័យ​ចូល​ក្នុង​ភ្នាក់ងារ​ស៊ើប​អង្កេត​ FBI ឬ​ពួក​គេ​កំពុង​ព្យាយាមកម្ចាត់​អ្នក​ដែល​កំពុង​ដឹក​នាំ​ការ​ស៊ើប​អង្កេត​លើ​រដ្ឋ​បាល​ថ្មី ឬ​រឿង​ជុំវិញ​យុទ្ធនាការបោះ​ឆ្នោត ដែល​ជួយ​ឲ្យ​លោក ត្រាំ ជាប់ឆ្នោត»?​

លោក​ប្រធានាធិបតី ត្រាំ ច្រាន​ចោល​ការ​ស៊ើបអង្កេត​ទាក់ទង​នឹង​រុស្ស៊ីថា ជា​ការ​«បោក​បញ្ឆោត»។​

ប៉ុន្តែតាម​រយៈ​ការ​បណ្ដេញ​លោក​ Comey ចេញ​ពី​តំណែង លោក ត្រាំ​ ប្រហែល​ជាបាន​ដើរ​មួយ​ជំហាន​ទៀត​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​កាន់​តែ​ខ្លាំង​ឡើង​ពី​ការ​សង្ស័យ​នៃ​ចំណង​ទាក់​ទង​រវាង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី៕​

ប្រែ​សម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG