ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក James Comey នាយក​ការិយាល័យ​ FBI បាន​ត្រូវ​ដកចេញពី​តំណែង


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧​នេះ លោក James Comey នាយក FBI ធ្វើ​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន។

នៅ​ក្នុង​លិខិត​និយាយ​ចំៗ​មួយ​ច្បាប់​ទៅ​លោក Comey កាល​ពី​ថ្ងៃ​អង្គារ​ លោកប្រធានាធិបតី​ Donald Trump បាន​និយាយ​ប្រាប់​លោក​ថា «លោក​បាន​ត្រូវ​បញ្ឈប់​ការងារ​ហើយ​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង ដោយ​ចូល​ជា​ធរមាន​ជា​បន្ទាន់»។ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា លោក Comey «មិន​អាច​ដឹកនាំ​ការិយាល័យ​នេះ​ដោយ​មាន​ប្រសិទ្ធិភាព​បាន​ទេ»។

នាយក​ការិយាល័យ FBI បាន​ត្រូវ​តែងតាំង​សម្រាប់​អាណត្តិ​តែ​មួយ​មាន​រយៈពេល​១០ឆ្នាំ។ ​លោក Comey បាន​ត្រូវ​តែង​តាំង​ឱ្យ​កាន់តំណែង​នេះ​កាល​ពីបួន​ឆ្នាំ​មុន​នេះ។ ​លោក​ Comey បាន​និយាយ​ទៅ​កាន់​បុគ្គលិក FBI មួយ​ក្រុម​នៅ​ក្នុង​រដ្ឋ​ California នៅ​ពេល​លោក​ដឹង​ថា​លោក​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង។​ របាយការណ៍​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​និយាយ​ថា​ លោក​បាន​ឃើញ​ការ​និយាយ​យោង​អំពី​ការ​ដក​លោកចេញ​ពី​តំណែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​ប៉ន្តែ​លោក​បាន​គិត​ជា​ដំបូង​ថា​ ជា​ការ​ផ្សាយ​ដំណឹង​មិន​ពិត។ ​រហូត​មក​ដល់​ពេល​នេះ​លោក​មិន​បាន​ធ្វើសេចក្តី​ថ្លែង​ការណ៍​សាធារណៈ​ណា​មួយ​ទេ។

ហេតុផល​ដែល​នាំ​ឱ្យ​មាន​ការ​ដក​លោក Comey ចេញ​ពី​តំណែង​បាន​ត្រូវ​បង្ហាញ​នៅ​ក្នុង​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​សរសេរ​ដោយ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តធម៌ Jeff Sessions និង​អនុរដ្ឋមន្ត្រី​របស់​លោក​គឺ​លោក Rod Rosenstein។​ លោក​ទាំង​ពីរ​នាក់​បាន​ចោទ​ប្រកាន់​លោក​ Comey ថា​បាន​សម្រេច​ដោយ​ខ្លួនឯង​ខាង​ផ្លូវ​ច្បាប់៕

XS
SM
MD
LG