ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី Trump បញ្ឈប់​ការងារ​នាយក​ FBI លោក James Comey


លោក James Comey ដែល​ជា​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI ​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៧ មុន​សវនាការ​គណៈកម្មាធិការ​តុលាការ​ព្រឹទ្ធសភា​អំពី «ការ​ធ្វេស​ប្រហែស​របស់​ទីភ្នាក់ងារ FBI»។ (រូបថត៖ AP)

លោក​ប្រធានាធិបតី Donald Trump បាន​បញ្ឈប់​ការងារ​របស់​លោក James Comey ដែល​ជា​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI។

លោក​ប្រធានាធិបតី Donald Trump បាន​បញ្ឈប់​ការងារ​របស់​លោក James Comey ដែល​ជា​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI ដោយ​ថ្លែង​ថា លោក​មិន​អាច​ដឹកនាំ​ទីភ្នាក់ងារ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ត​ទៅ​ទៀត​នោះ​ទេ។

លោក Trump ថ្លែង​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​លោក Comey ដែល​បាន​ចេញ​ផ្សាយ​ដោយ​សេតវិមាន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា៖«វា​មាន​សារៈ​សំខាន់​ដែល​យើង​ត្រូវ​ស្វែង​រក​អ្នក​ដឹកនាំ​ថ្មី​សម្រាប់​ទីភ្នាក់ងារ FBI ដែល​អាច​ស្តារ​ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន​នៅ​ក្នុង​បេសកកម្ម​ពង្រឹង​ច្បាប់​ដ៏​សំខាន់​របស់​ខ្លួន»។

ការ​ជ្រើស​រើស​នាយក​ទីភ្នាក់ងារ​ FBI ថ្មី​នឹង​ចាប់​ផ្តើម​ភ្លាមៗ នេះ​បើយោង​តាម​សេតវិមាន។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Sean Spicer បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថា៖«លោក​ប្រធានាធិបតី​បាន​ទទួល​យក​អនុសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​បញ្ឈប់​ការ​ងារ​របស់​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI»។

នាយក​ទីភ្នាក់ងារ​ FBI ជា​ទូទៅ​កាន់​តំណែង​១០ឆ្នាំ​ក្នុង​មួយ​អាណត្តិ។ លោក​ James Comey ដែល​មាន​អាយុ ៥៦ឆ្នាំ ត្រូវ​បាន​តែង​តាំង​កាលពី​៤ឆ្នាំ​មុន។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ FBI បាន​ថ្លែង​ប្រាប់​សភា​ថា លោក Comey បាន​និយាយ​បំផ្លើស​ពី​អ្វី​ដែល​រក​ឃើញ​ពី​ការ​ស៊ើប​អង្កេត​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ៊ីម៉ែល​របស់​លោក​ស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​អំឡុង​ពេល​លោក​ផ្តល់​សក្ខីកម្ម​ដល់​សវនាការ​សភា​កាលពី​សប្តាហ៍​មុន។ ទីភ្នាក់ងារ FBI ថ្លែង​ថា​ លោក Comey បាន​ធ្វើ​ខុស​នៅ​ពេល​ដែល​លោក​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​ក្រុម​ស៊ើប​អង្កេត​សភា​ថា ជំនួយការ​មួយ​រូប​របស់​លោក​ស្រី Clinton គឺ​លោកស្រី Huma Abedin បាន​ផ្ញើរ​អ៊ីម៉ែល​រាប់​ពាន់​របស់​លោកស្រី Clinton ពី​ចន្លោះ​ឆ្នាំ ២០០៩ ដល់​ឆ្នាំ២០១៣ នៅ​ពេល​ដែល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទៅ​កាន់​ស្វាមី​របស់​ខ្លួន​ដែល​លែង​រស់​នៅ​ជាមួយ​គ្នា​ ដែល​ធ្វើ​ឲ្យ​លោក​សមាជិក​សភា​ Anthony Weinerអាប់​ឱន​កិត្តិយស។ ចំនួន​ពិត​ប្រាកដ​គឺ​តិច​ជាង​នេះ​ឆ្ងាយ​ណាស់​ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ក្រុម​មន្ត្រី។

លោក Comey ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជ័យ​ជំនះ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​លោក​ Trump បាន​យក​ជ័យ​ជំនះ​លើ​លោកស្រី Clinton។

កាលពី​ខែ​កក្កដា លោក Comey ថ្លែង​ថា លោកស្រី Clinton មាន​ការ​ធ្វេស​ប្រហែស​យ៉ាង​ខ្លាំង ក្នុង​ការ​រក្សា​អ៊ីម៉ែល​ទាក់​ទិន​នឹង​សន្តិសុខ​ជាតិ ខណៈ​ពេល​ដែល​លោក​ស្រី​កាន់​តំណែង​ជា​មន្ត្រី​ការ​ទូត​កំពូល​របស់​ប្រទេស​ ប៉ុន្តែ​មិន​មាន​ចេញ​ដីកា​ពី​បទ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​អ្វី​នោះ​ទេ។

ក្រោយ​មក​ នៅ​ចុង​ខែ​តុលា មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត លោក Comey បាន​ថ្លែង​ថា លោក​កំពុង​តែ​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី ដោយ​សារ​តែ​ទីភ្នាក់ងារ FBI បាន​រក​ឃើញ​អ៊ីម៉ែល​របស់​លោកស្រី Clinton នៅ​លើ​កុំព្យូទ័រ​របស់​លោក​ Weiner។

លោកស្រី Clinton បាន​ស្តី​បន្ទោស​ទៅ​លើ​ការ​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​របស់​លោក Comey កៀក​ពេល​ថ្ងៃ​បោះឆ្នោត​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ចាញ់​ការ​បោះឆ្នោត។ ពីរ​ថ្ងៃ​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត នាយក​ទីភ្នាក់ងារ​ថ្លែង​ថា ក្រោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ពិនិត្យ​អ៊ីម៉ែល​ឡើង​វិញ​ ខ្លួន​ពុំ​បាន​រកឃើញ​អ្វី​ថ្មី​នោះ​ទេ ហើយ​ទីភ្នាក់ងារ FBI បាន​ធ្វើ​ទៅ​តាម​ការ​រក​ឃើញ​ដំបូង​របស់​ខ្លួន​ថា​នឹង​មិន​មាន​បទ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​លោកស្រី Clinton នោះ​ទេ។

ក្រុម​អ្នក​វិភាគ​ជា​ច្រើន​នៅ​លើ​ទូរទស្សន៍ CNN បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទិន​នឹង​ការ​បញ្ឈប់​ការ​ងារ​របស់​លោក Comey ដែល​ដឹកនាំ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​ទៅ​លើ​ទំនាក់​ទំនង​រវាង​យុទ្ធនាការ​របស់​លោក Trump ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី។

លោក​សមាជិក​ព្រឹទ្ធសភា​ Richard Blumenthal នៃ​រដ្ឋ Connecticutt មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​នៅ​លើ​ទូរទស្សន៍ CNN ថា ការ​បញ្ឈប់​ការ​ងារ​របស់​លោក Comey ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​ការ «រំលោភ​អំណាច»៕

XS
SM
MD
LG