ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ​ អបអរសាទរ​អវកាសយានិក​អាមេរិក​ចំពោះ​ការ​បំបែក​កំណត់​ត្រា​ក្នុង​លំហ​របស់​ NASA


លោក​ស្រី ​Peggy Whitson និយាយ​ក្នុង​ពេល​ធ្វើ​បទ​សម្ភាសន៍​ចេញពី​ស្ថានីយ៍អវកាស​អន្តរជាតិ​កាល​​ពី​សប្តាហ៍​មុន។

លោកស្រី ​Peggy Whitson​ ដែល​ជា​អវកាសយានិក​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បំបែក​កំណត់ត្រា​របស់​អាមេរិក​ចំពោះ​ការ​ចំណាយ​ពេលវេលា​ច្រើន​បំផុត​នៅ​ក្នុង​គន្លង​ផែនដី។​

លោកស្រី​មេបញ្ជាការ ​Whitson​ ដែល​កំពុង​ស្ថិត​នៅ​ស្ថានីយ៍​លំហ​អន្តរជាតិ ត្រូវ​បាន​សាទរ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ ដែល​បាន​ថ្លែង​ទៅ​កាន់​អវកាសយានិក​នៅ​ឯ​ស្ថានីយ៍​លំហ​តាម​រយៈ​វីដេអូ។

លោក ត្រាំ បាន​មាន​ប្រសាសន៍​ពី​ការិយាល័យ​ប្រធានាធិបតី Oval Office ថា៖ «៥៣៤​ថ្ងៃ វា​គឺ​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​បំបែក​បាន។ តាំង​នាម​ឲ្យ​ប្រទេស​របស់​យើង និង​តាំង​នាម​ឲ្យ​ពិភពលោក​ទាំង​មូល​ដោយ​ស្មោះ​អស់​ពី​ចិត្ត ខ្ញុំ​សូម​អបអរ​សាទរ​ដល់​លោក​ស្រី‍»។ ​

លោកស្រី Whitson វ័យ​៥៧​ឆ្នាំ គឺ​ជា​អវកាសយានិក​អាមេរិក​ស្ត្រី​ដ៏​មាន​បទពិសោធន៍​ច្រើន​បំផុត។ លោកស្រី​គ្រោង​នឹង​ត្រឡប់​ទៅ​កាន់​ផែនដី​វិញ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ គិត​ដល់​ពេល​នោះ លោកស្រី​នឹង​បាន​ចំណាយ​ពេល​វេលា​៦៦៦​ថ្ងៃ​នៅ​ក្នុង​លំហ នៅ​ក្នុង​ជើង​ហោះ​ហើរ​ចំនួន​៣។

​លោកស្រី Whitson បាន​ថ្លែង​ទៅ​កាន់​លោក ត្រាំ​ ថា «វា​គឺ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​មួយ​ដែល​អាច​បំបែក​កំណត់ត្រា​យ៉ាង​ដូច្នេះ‍​បាន»៕

XS
SM
MD
LG