\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ព្រម​ទទួល​ស្គាល់​ថា រុស្ស៊ី​ជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​របស់​អាមេរិក


លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump ឆ្លើយ​សំណួរ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump ឆ្លើយ​សំណួរ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ លោក Donald Trump បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ពុធ​ថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ប៉ុន្តែ​លោក​បាន​និយាយ​ថា ប្រសិន​បើ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូល​ចិត្ត​រូប​លោក​នោះ លោក​ចាត់​ទុក​ថា​នេះ​ជា​គុណសម្បត្តិ​មួយ មិនមែន​ជា​បំណុល​នោះ​ទេ។ ​

នៅ​ក្នុង​សន្និសីទ​កាសែត​លើក​ដំបូង​របស់​លោក​ក្នុង​រយៈពេល​ជិត​៦​ខែ លោក Trump បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ទីក្រុង ញូវយ៉ក ថា បើ​ទោះ​បី​ជា​លោក Putin បាន​គាំទ្រ​បេក្ខភាព​របស់​លោក ជា​ជាង​បេក្ខភាព​របស់​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ ក៏​លោក​នឹង​នៅ​តែ​ម៉ឹងម៉ាត់​ចំពោះ​មេដឹកនាំ​រុស្ស៊ី ជាង​លោកស្រី Clinton នៅ​លើ​ឆាក​អន្តរជាតិ​។ ​

លោក Trump បាន​សួរ​ថា «តើ​អ្នក​ជឿ​ទេ​ថា លោកស្រី Hillary Clinton នឹង​ម៉ឹងម៉ាត់​ជាង​ខ្ញុំ?»

លោក​បាន​បដិសេធ​ថា លោក​មិន​ទទួល​បាន​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ទេ ដោយ​លោក​និយាយ​ថា «ខ្ញុំ​មិន​មាន​កិច្ចព្រមព្រៀង​ណាមួយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ទេ មិន​មាន​កិច្ចព្រមព្រៀង​ណា​អាច​កើត​ឡើង​នោះ​ទេ គ្មាន​បំណុល​នៅ​រុស្ស៊ី​នោះ​ទេ»។​

នៅ​ពេល​សួរ​អំពី​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​អាមេរិក ដែល​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក​ជឿ​ថា​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក Putin នោះ លោក Trump បាន​និយាយ​ថា «គាត់​គួរ​តែ​មិន​បាន​ធ្វើ​វា​នោះ​ទេ»។

ខណៈ​ដែល​ទទួល​ស្គាល់​អំពី​តួនាទី​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត បាន​ថ្កោលទោស​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​អំពី​ឯកសារ​ដែល​ផ្ទុក​ព័ត៌មាន​អំពី​ការ​ចោទប្រកាន់​ដែល​ថា រុស្ស៊ី​បាន​ប្រមូល​ព័ត៌មាន​ដែល​មាន​បំណង​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​របស់​លោក និងថ្កោលទោស​ការ​ចោទប្រកាន់​ដែល​ថា មន្ត្រី​យុទ្ធនាការ​របស់​លោក​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ស៊ើបការ​សម្ងាត់​រុស្ស៊ី៕​

XS
SM
MD
LG