ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ​សារភាព​ថា​រុស្ស៊ី​​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើឲ្យ​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត


រូបឯសារ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ ថ្លែង​ក្នុង​កម្មវិធី​ USA Thank You ក្រោយ​ពេល​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​។
រូបឯសារ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ ថ្លែង​ក្នុង​កម្មវិធី​ USA Thank You ក្រោយ​ពេល​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​។

ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ទទួល​ស្គាល់​ថា ​​ប្រទេស​រុស្ស៊ី​បាន​លប​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​របស់​គណៈ​កម្មាធិការ​ជាតិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​រយៈ​ពេល​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​ពុធ ប្រធានា​ធិបតី​នៅ​ពេល​អនាគត​របស់​សហ​រដ្ឋ​អាមេរិក​ក៏​បាន​បដិសេធ​យ៉ាង​ខ្លាំង​ពី​សេចក្តី​រាយការណ៍​ដែលគ្មាន​ការ​បញ្ជាក់​ថា​ រុស្ស៊ី​មាន​ព័ត៌មាន​ផ្ទាល់​ខ្លួនអំពី​លោក។ ហើយ​ជាថ្មី​ម្តង​ទៀត លោក​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។​

នៅ​ក្នុង​សន្និសីទ​កាសែត​លើក​ទី​មួយ​របស់​លោក​ចាប់​តាំង​ពី​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​កាន់​កាប់​សេតវិមាន ​លោក ដូណាល់ ត្រាំ ​បាន​ទទួល​ស្គាល់​ថា ​លោក​ជឿ​ជាក់​ថា ​រុស្ស៊ី​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​របស់​គណៈ​កម្មាធិការ​ជាតិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុងការ​ស្វះស្វែង​ដើម្បី​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៨ ​ខែវិច្ឆិកា។

«ចំពោះ​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​ ខ្ញុំ​គិត​ថា​គឺ​ប្រទេស​រុស្ស៊ី។ ក៏ប៉ុន្តែ ​យើងក៏​ត្រូវ​បានប្រទេសនិង​មនុស្ស​ផ្សេង​ទៀត​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​យើង​ដែរ‍»។ លោក​ហាក់​ដូចជា​និយាយ​សម្រាល​ពី​ឧបទ្ទវហេតុ​នេះ។ លោក​បាន​ចង្អុលដល់​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កំុព្យូទ័រ​ពី​ប្រទេស​ចិន​ទៅ​លើ​សហរដ្ឋ​អាមេរិក ​ហើយ​និង​ពី​ភាព​បរា​ជ័យ​របស់​គណៈ​កម្មាធិការ​ជាតិ​ប្រជា​ធិបតេយ្យឬ ​DNC ​ដើម្បី​ការ​ពារ​ប្រព័ន្ធ​កំុព្យូទ័រ​របស់​ខ្លួន។

លោក​និយាយ​ថា៖ «គណៈ​កម្មាធិការ​ជាតិ​ប្រជា​ធិបតេយ្យ​បាន​បើក​ចំហរ​ឲ្យ​គេ​លួច​ចូល​ក្នុង​ប្រព័ន្ធកំុព្យូ​ទ័រ។​ ពួក​គេធ្វើ​ការងារ​មិន​ល្អ​ទាល់​តែ​សោះ។ គេ​គួរតែ​មាន​ប្រព័ន្ធ​ការពារ​ទល់​នឹង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​ដូច​ដែល​គណបក្ស​របស់​យើង​បាន​ធ្វើ»។

លោក​ ត្រាំ​ ក៏​បាន​ប្រកាស​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​សេចក្តី​រាយការណ៍​ដែល​គ្មាន​ការ​បង្ហាញ​ភស្តុតាង​ថា ​រុស្ស៊ី​មាន​ព័ត៌មាន​មិន​ល្អអំពី​លោក។ «វាជា​ព័ត៌មាន​ក្លែងក្លាយ​ទាំង​អស់។​ វា​ជា​ព័ត៌មាន​មិន​បាន​ការ។ រឿង​នេះ​មិន​បាន​កើត​មាន​ឡើង​ទេ‍»។

លោក ​ត្រាំ ​បាន​សរសើរ​ប្រធានាធិប​តី ​Vladimir Putinនៃ​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​និយាយ​ថា​របាយការណ៍​នោះមិនពិត។ ហើយ​លោក​បាន​ថ្លែង​អំណរគុណ​ដល់​អង្គការ​ព័ត៌មាន​ដែល​បាន​ជ្រើស​រើស​មិន​បោះ​ពុម្ភផ្សាយ​របាយការណ៍​នោះ​ហើយ​បាន​រិះគន់​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ «ពួក​គេ​បាន​មើល​របាយការណ៍​ដែល​មិន​សម​ហេតុ​ផល​នេះ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ប្រហែល​ដោយ​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​ដែល​នឹង​ក្លាយ​ជា​កំណត់​ត្រា​ដ៏​ប្រឡូក​ប្រឡាក់‍​របស់​ពួក​គេ»។

លោក​ ត្រាំ ​ក៏​បាន​រិះគន់​បណ្តាញ​ទូរទស្សន៍​ខ្សែ​កាប​ CNN​ ដែល​បាន​ផ្សាយ​សេចក្តី​រាយ​ការណ៍​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

លោក​និយាយ​ថា៖ «ទេ​ ទេ ​អង្គការ​ព័ត៌មាន​របស់​អ្នក​ឯង​អាក្រក់​ណាស់‍»។

ដោយ​ដាក់​បង្ហាញ​ឯកសារ​ហិរញ្ញវត្ថុ​និង​ច្បាប់​ លោក ត្រាំ​ បាន​ប្រកាស​ថាលោក​នឹង​មិន​ដក​ខ្លួន​លោក​ចេញ​អាណាចក្រ​ពាណិជ្ជកម្ម​របស់​លោក​ក្នុង​អំឡុង​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ទេ។

ប៉ុន្តែ ​លោក​ ត្រាំ​ បាន​និយាយ​ថា ​កូន​ប្រុស​របស់​លោក​នឹង​កាន់​កាប់​ពាណិជ្ជកម្ម​នោះ​ហើយ​មិន​ពិភាក្សា​ពាណិជ្ជកម្ម​នេះ​ជាមួយ​កូន​ប្រុស​លោក​ទេ។

លោក ​ត្រាំ ​រក្សា​វិធានការ​ដែល​លោក​បាន​ធ្វើ​ដែល​នឹង​ល្មម​គ្រប់​គ្រាន់​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​ខាង​ផល​ប្រយោជន៍​ខណៈ​ដែល​លោក​ជាប្រធានាធិបតី៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG