ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោកស្រី Clinton ធ្វើ​ការ​ដេញដោល​ត​ទល់​គ្នា​លើក​ចុងក្រោយ


លោកស្រី Hillary Clinton និង​លោកDonald Trump ជជែក​ដេញ​ដោល​ជា​លើក​ទី៣​នៅ​សាកលវិទ្យាល័យ Nevada ក្រុង Las Vegas កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton និង​លោកDonald Trump ជជែក​ដេញ​ដោល​ជា​លើក​ទី៣​នៅ​សាកលវិទ្យាល័យ Nevada ក្រុង Las Vegas កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ គឺ​លោក Donald Trump និង​លោកស្រី Hillary Clinton បាន​ធ្វើ​ការ​ដេញ​ដោល​តទល់​គ្នា​លើក​ទី​បី ដែល​ជា​ការ​តទល់​គ្នា​លើក​ចុង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada។

បេក្ខជន​ទាំង​ពីរ​បាន​ធ្វើ​ការ​ដេញដោល​គ្នា​អំពី​ប្រធានបទ​ជា​ច្រើន ដែល​មាន​ដូចជា បញ្ហា​អន្តោប្រវេសន៍ បញ្ហា​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង​ក្នុង​ការ​ទទួល​បាន​ផល​ប្រយោជន៍​សង្គម បញ្ហា​បំណុល​រយៈពេល​វែង​របស់​សហរដ្ឋ​អាមេរិក បញ្ហា​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល បញ្ហា​សេដ្ឋកិច្ច បញ្ហា​គោលនយោបាយ​ការបរទេស និង​បញ្ហា​ភាព​សក្ដិសម​របស់​បេក្ខជន​នីមួយៗ​ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ លោក Trump បាន​ចោទ​ប្រកាន់​លោកស្រី Clinton ថា ចង់​លើក​លែង​ទោស​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​អស់។ រី​ឯ​លោកស្រី Clinton វិញ​ថា គម្រោង​របស់​លោក Trump ក្នុង​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​លាន​នាក់​ចេញ​ពី​សហរដ្ឋ​អាមេរិក​គឺ​ជា​ការ​បំបែក​បំបាក់​ក្រុម​គ្រួសារ​របស់​ពួកគេ។

ចំពោះ​បញ្ហា​សេដ្ឋកិច្ច លោកស្រី Clinton ថា លោកស្រី​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន ១០ លាន​ការងារ បន្ថែម​ទៀត ដោយ​ឲ្យ​ពួក​អ្នក​មាន និង​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​បង់​ពន្ធ​ទៅ​តាម​អ្វី​ដែល​ជា​ចំណែក​កំណត់​ដោយ​រដ្ឋ​សម្រាប់​ពួកគេ។ ចំណែក​ឯ​លោក Trump វិញ បាន​សន្យា​ថា ប្រសិន​បើ​លោក​ជា​ប្រធានាធិបតី នោះ​សេដ្ឋកិច្ច​ប្រទេស​នឹង​កើន​ឡើង​រហូត​ដល់ ៥ ឬ ៦ ភាគរយ។ លោក Trump ថា លោក​នឹង​បង្កើត​ម៉ាស៊ីន​សេដ្ឋកិច្ច​មួយ​ដែល​មិន​ដែល​ឃើញ​នៅ​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ថា​តើ​លោក​គ្រោង​នឹង​បង្កើត​ម៉ាស៊ីន​សេដ្ឋកិច្ច​នោះ​របៀប​ណា​នោះ​ទេ។

ចំណែក​ឯ​បញ្ហា​គោល​នយោបាយ​ការ​បរទេស​វិញ លោកស្រី Clinton ថា លោកស្រី​នឹង​មិន​ដាក់​កង​ទ័ព​សហរដ្ឋ​អាមេរិក​នៅ​លើ​ទឹកដី​អ៊ីរ៉ាក់​នោះ​ទេ បន្ទាប់ពី​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ចាញ់​សង្គ្រាម​នៅ​ក្នុង​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ ហើយ​លោកស្រី​បន្ថែម​ថា លោកស្រី​នឹង​ជំរុញ​ឲ្យ​មាន​តំបន់​គ្មាន​ការ​ហោះ​ហើរ និង​កន្លែង​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ការពារ​ជន​ស៊ីវិល។ ប៉ុន្តែ លោក Trump ថា ទីក្រុង Mosul ធ្លាក់​ក្នុង​ដៃ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម គឺ​ដោយសារ​តែ​រដ្ឋបាល​របស់​លោក បារ៉ាក់ អូបាម៉ា។ លោក Trump បាន​បន្ថែម​ថា ប្រធានាធិបតី​ស៊ីរី Bashar al-Assad គឺ​ម៉ឺងម៉ាត់​ជាង និង​ឆ្លាត​ជាង​លោក​អូបាម៉ា​ខ្លាំង​ណាស់។

នៅ​ក្នុង​ការ​បញ្ចប់​ការ​ថ្លែង​របស់​ខ្លួន លោកស្រី Clinton បាន​ប្រាប់​អ្នក​បោះ​ឆ្នោត​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ការ ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ មិន​ថា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ​នោះ​ទេ ដើម្បី​ជួយ​សហរដ្ឋ​អាមេរិក​ឲ្យ​រីកចម្រើន​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទូទៅ។

រី​ឯ​លោក Trump វិញ លោក​បាន​បញ្ជាក់​ឡើង​វិញ​អំពី​ពាក្យ​ស្លោក​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ដែល​លោក​សន្យា​ថា នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ខ្លាំង​អស្ចារ្យ​ម្ដង​ទៀត៕

XS
SM
MD
LG