\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ជាប់​ឆ្នោត​​អាមេរិក Donald Trump និង​ប្រធានាធិបតី​ចិន Xi Jinping មាន​គម្រោង​ជួប​ពិភាក្សា​គ្នា


លោក​ប្រធានាធិបតី​ចិន​ Xi និយាយ​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ប៊ែលហ្ស៊ិកលោក Charles Michel។

លោក​ប្រធានាធិបតី​ចិន​ Xi និយាយ​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ប៊ែលហ្ស៊ិកលោក Charles Michel។

លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ទូរស័ព្ទ​ទៅ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump ដោយ​បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​គឺ​ជា​ជម្រើស​ត្រឹមត្រូវ​តែ​មួយ​គត់​សម្រាប់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រាយការណ៍​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រក្សា​ចំណង​ទាក់ទង​ជិតស្និទ្ធ បង្កើត​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា និង​មាន​គម្រោង​មាន​ជំនួប​ជាមួយ​គ្នា​ជា​លើក​ដំបូង​មួយ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

ការិយាល័យ​របស់​លោក Trump នៅ​ក្នុង​ទីក្រុង New York បាន​ប្រកាស​ថា «ក្នុង​អំឡុង​ពេល​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ មេដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោកTrump បាន​បញ្ជាក់​ថា លោក​ជឿជាក់​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​គ្នា ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ទៅ​មុខ​ថែម​ទៀត»។

លោក​ប្រធានាធិបតី Xi Jinping បាន​ប្រាប់​លោក Trump ថា «ស្ថានការណ៍​ជាក់​ស្ដែង​បាន​បង្ហាញ​ថា កិច្ច​សហប្រតិបត្តិការ​គឺ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​តែ​មួយ​គត់​សម្រាប់​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក»។

ក្នុង​អំឡុង​ពេល​លោក Trump ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត លោក​បាន​លើក​ឡើង​ពី​អតុល្យភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា បាន​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិន​មាន​យុត្តិធម៌ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ចាត់ចែង​រូបិយវត្ថុ​ដោយ​មិន​ស្មើ​ភាព​ជា​ដើម និង​បាន​គំរាមកំហែង​យក​ពន្ធ​បន្ថែម​លើ​ទំនិញ​របស់​ចិន​នាំ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG