ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វាយ​ប្រហារ​របស់​លោក​ Trump ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​«សត្រូវ​របស់​ប្រជាជន»​រំឮក​ពី​ប្រវត្តិសាស្ត្រ


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សសារធារណរដ្ឋលោក Donald Trump ថ្លែងពីការឈ្នះ ការបោះឆ្នោតបឋមនៅរដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Marlyland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island នៅអគារ Trump Tower ក្នុងបូរី New York ស.រ.អា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សសារធារណរដ្ឋលោក Donald Trump ថ្លែងពីការឈ្នះ ការបោះឆ្នោតបឋមនៅរដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Marlyland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island នៅអគារ Trump Tower ក្នុងបូរី New York ស.រ.អា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

នៅ​ក្នុង​​ការ​ចេញ​ផ្សាយ​មួយ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​Trumpសរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម ​Twitter​ ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​សរសេរ​ថា​ ​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​ច្រើន​បាន​រិះគន់​អ្នក​សារព័ត៌​មាន​ ប៉ុន្តែ​ «ភាសា​រិះគន់​របស់​លោក​ Trumpបាន​​ធ្វើ​ឲ្យ​គេ​នឹង​ឃើញ​កាន់​តែ​ច្បាស់​ដល់​សារ​​រិះគន់​ របស់​ក្រុម​មេដឹក​នាំ​ផ្តាច់ការ​នៅ​ជុំវិញ​ពិភពលោក​»។​​

ថ្មីៗនេះ លោក​ប្រធានាធិបតី​ ដូណាល់ Trumpបាន​បង្កើន​ការ​រិះគន់​ទៅ​លើ​ការ​រាយការណ៍​ព័ត៌មាន​អំពី​រដ្ឋបាល​របស់​លោក ហើយ​ជា​ថ្មី​ម្តង​ទៀត ​លោក​បង្ហោះ​ខ្លឹមសារ​រិះគន់​នេះ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​លោក​ចូល​ចិត្ត។ លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter ​ថា​ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ គឺ​ជា​សត្រូវ​របស់​ពលរដ្ឋ​អាមេរិកាំង»។

សារ​ដែល​បង្ហោះនៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter ​ពី​ដំបូងរបស់​លោក​សំដៅ​ទៅ​លើ​កាសែត​ The New York Times ​ទូរទស្សន៍​ CNN ​និង​ទូរទស្សន៍ ​NBC​ តែ​ប៉ុណ្ណោះ ដែល​ស្ថាប័នទាំង​នោះ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សត្រូវ​របស់​លោក។ ទោះ​ជា​យ៉ាង​នេះ​ក្តី សារ​នោះ​ត្រូវ​បាន​លុប​ចោល​ភ្លាមៗ​ ហើយ​សារ​ទាំង​នោះ​ត្រូវ​បាន​ជំនួស​ដោយ​សារ​ថ្មី​មួយ​ដែល​ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង​សារ​ចាស់ ​ដោយ​មាន​បន្ថែម​បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​ពីរ​ទៀត​គឺ​ទូរទស្សន៍ ABC​ និង​ទូរទស្សន៍ CBS ។

ការ​វាយ​ប្រហារ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចុង​ក្រោយ​បំផុត​ស្របពេល​ដែល​ការ​វាយ​ប្រហារ​ដោយ​ពាក្យធ្ងន់ៗ​របស់​លោក​Trumpដែល​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​បាន​កើត​ឡើង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​បាន​ចាក​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​យន្តហោះ ​Boeing ​នៅ​ក្នុង​ រដ្ឋ​ South Carolina កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ។

ក្រោយ​មក​ លោក​ប្រធានាធិបតី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​Florida​ ដែល​ជា​កន្លែង​លោកបាន​ចំណាយ​ពេល​ចុង​សប្តាហ៍​របស់​លោក​នៅ​វិមាន​ Mar-a-Lago ​របស់​លោក។

នៅ​ពេល​ប្រធានាធិបតី​បាន​មក​ដល់​វិមាន​ដែល​លោក​ហៅ​ថា​ជា​ Winter White House ​ឬ​សេត​វិមាន​រដូវ​រងា​របស់​លោក​នោះ បណ្តាញ​សង្គម​និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចាប់​ផ្តើម​ការ​ពិភាក្សា​អំពីអត្ថន័យ​នៃ​ការ​ហៅ​សារព័ត៌​មាន​កំពូលៗ​របស់​អាមេរិក​ថា​ជា​ «សត្រូវ​របស់ប្រជាជន» របស់​លោកTrumpដែលឃ្លា​នេះ​ធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់​តាំង​ពី​ក្នុង​សម័យ​រ៉ូម​បុរាណ ​ហើយ​ត្រូវ​បាន​គេ​ប្រើ​ជាមួយ​លទ្ធផល​ចុង​ក្រោយ​ដ៏គួរ​ឲ្យ​ខ្លាច​ក្នុង​អំឡុង​ពេល​បដិវត្តន៍​កុម្មុយនិស្ត​នៅ​ប្រទេស​រុស្ស៊ី​កាល​ពី​មួយ​សតវត្សរ៍​មុន។

មន្ត្រី​ការទូត​អាមេរិក​រំឭក​ដល់​មេដឹកនាំ​ផ្តាច់ការ

លោក​ Tom Malinowski​ ដែល​ជា​អតីត​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ​និង​ការងារ ​បាន​សរសេរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​Twitter​ថា៖ «ក្នុង​នាម​ជា​អ្នក​ការទូត​អាមេរិក​ ខ្ញុំ​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​មេដឹកនាំ​ផ្តាច់​ការ​ដែល​បាន​ហៅ​អ្នក​សារ​ព័ត៌មាន​ថា​ជា«សត្រូវ​របស់​ប្រជាជន‍»។ នេះ​មិន​មែន​ជា​គោល​នយោបាយ​របស់​យើង​ទៀត​ឡើយ»។

លោក​ Mitchell ​Orenstein ​សាស្រ្តាចារ្យ​សិក្សា​អំពី​រុស្ស៊ី​និង​អឺរ៉ុប​ខាង​កើត​នៅ​សាកល​វិទ្យាល័យ​ Pennsylvania បាន​និយាយ​ថា៖ «វា​គឺ​ជា​ឃ្លា​ដ៏​ចម្រូង​ចម្រាស​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​សូវៀត»។

ឃ្លា​នេះ​មាន​ប្រភព​ក្នុង​ភាសា​ឡាតាំង ក្នុង​សម័យ​ចក្រភព​រ៉ូម ប៉ុន្តែ​ឃ្លា​«សត្រូវ​របស់​ប្រជាជន»នេះ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​ ២០​ នៅ​ពេល​មាន​ការ​បោស​សម្អាត​មនុស្ស​ដែល​បញ្ជា​ដោយ​ជន​ផ្តាច់​ការ​សូវៀត​ ចូសេហ្វ​ ស្តាលីន ​(Josef​ Stalin) ​ដែល​នាំ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​រាប់​សិប​លាន​នាក់។

ការប្រើ​ឃ្លា​ «សត្រូវ​របស់​ប្រជាជន» ​នៅ​ក្នុង​សហភាព​សូវៀត​មិន​មាន​ជាប់​ទោស​ទណ្ឌ​អ្វី​ឡើយ ​ប៉ុន្ដែ​ជា​ញឹក​ញាប់​បុគ្គល​ដែល​និយាយ​ឃ្លានេះ គឺត្រូវ​បាន​គេ​រើស​អើង​ដោយ​ហេតុ​ផលដើម​កំណើត​ក្នុង​សង្គម ​ឬ​ដោយ​សារវិជ្ជាជីវៈមុន​ពេល​បដិវត្តន៍។ ការ​ហៅ​នេះ​ត្រូវ​ប្រដូច​ទៅ​នឹង​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន។

លោក​ Orenstein ​ថ្លែង​ប្រាប់ ​VOA ​ថា៖«ន័យ​ដើម​របស់​ឃ្លា​នេះ​មាន​ន័យគឺ​ទោស​ប្រហារ​ជីវិត»។

មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ភាព​ច្រំ​ដែល​ក្នុងប្រវត្តិសាស្ត្រ

ឧក្រិដ្ឋកម្ម​របស់​ ស្តាលីន ​ត្រូវ​បានបង្ហាញ​ទៅ​ពិភពលោក​ដោយ​មេដឹកនាំ​សហភាព​សូវៀត​ លោក​ Nikita​ Khrushchev​ នៅ​ក្នុង​សុន្ទរកថា​ដ៏​រន្ធត់​មួយ​ដែល​លោក​ថ្លែង​ទៅ​កាន់​សមាជ​បក្ស​កុម្មុយនិស្ត​នៅ​ឆ្នាំ​ ១៩៥៦ ​ដែល​មាន​អាយុកាល​ ៦១​ ឆ្នាំ​គត់​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​២៥​ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

សុន្ទរកថា​ដែល​ជា​សុន្ទរកថា​សម្ងាត់​នៅ​ពេល​នោះ​ ត្រូវ​បាន​គេ​ថ្លែង​ទៅ​កាន់​ទស្សនិកជន​ដែល​ស្មោះ​ត្រង់​នឹង​កុម្មុយនិស្ត​ដ៏​ច្រើន​ ដែល​បាន​ស្តាប់​សុន្ទរកថា​នោះ​នៅ​ក្នុង​ភាព​ភ័យខ្លាច​ស្ងៀម​ស្ងាត់ ​ប៉ុន្តែ​ពាក្យ​សំដី​របស់​លោក ​Khrushchev​ ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​បែកធ្លាយ​ដល់​អ្នក​សារព័ត៌មាន​លោក​ខាង​លិច​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថា​នោះ។

លោក​ Serhiy Yekelchyk សាស្ត្រាចារ្យ​និង​ជា​អ្នក​ឯកទេស​ការ​សិក្សា​អំពី​សហភាព​សូវៀត​នៅ​សាកល​វិទ្យាល័យ ​Washington ​ថ្លែង​ថា៖ «សម្រាប់​លោក​ លេនីន ​និង​ លោក​ ស្តាលីន​ អ្នក​សារព័ត៌មាន​និង​បញ្ញវន្ត​ដែល​មិន​ដើរ​តាម​ទស្សនៈ​វិស័យ​របស់​ពួក​គេ ​គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​ខ្មាំង​សត្រូវ​ដែល​ពួក​គេ​ស្អប់​ខ្ពើម​ខ្លាំង​បំផុត។ ដើម្បី​វាយ​ប្រហារ​អ្នក​ទាំង​នោះ ​មេដឹកនាំ​ផ្តាច់ការ​ទាំង​ពីរបាន​អូស​ទាញ​អ្នក​ទាំង​នោះ​ឲ្យ​ដើរ​តាម​ទស្សនៈ​របស់​ពួក​គេ»។

លោក​ Yekelchyk ​ប្រាប់ ​VOA ​ថា៖ «ខ្ញុំ​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​ឃើញ​ភាព​ច្រំដែល​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ស្រួល​នៅ​ក្នុង​ការ​រៀប​រាប់​នេះ»។

បិតា​ស្ថាបនិក​ដ៏​សំខាន់​របស់​សហភាព​សូវៀត ​គឺ​ជា​ជន​បដិវត្តន៍​កុម្មុយនិស្ត លោក​Vladimir​ Lenin​ ដែល​ជាបុគ្គល​ពេញ​ចិត្ត​នឹង​ឃ្លា​ «សត្រូវ​របស់​ប្រជាជន»​និង​យកមក​ប្រើជា​និមិត្តសញ្ញា។ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក​ មេដឹក​នាំ​ផ្តាច់​ការ​របស់​ប្រទេស​ចិន​ លោក ​ម៉ៅ ​សេទុង​ បាន​ហៅ​អ្នក​ដែល​រិះ​គន់​គោល​នយោបាយ​ម៉ៅ​ និង​បទ​បញ្ជា​របស់​លោក​ថា​ជា​«សត្រូវ​របស់​ប្រជាជន»​ ដែល​នាំ​ឱ្យ​មាន​មហា​ទុរ្ភិក្ស​ដ៏​ធ្ងន់ធ្ងរ​ និង​បាន​បណ្តាល​ឲ្យ​ប្រជាជន​ចិន​រាប់​សិប​លាន​នាក់​ស្លាប់​បាត់​បង់​ជីវិត។

លោក​ Orenstein ​ដែល​បង្រៀន​មុខវិជ្ជាមួយ​ចំនួន​ទាក់ទង​នឹង​លទ្ធិ​កុម្មុយនិស្ត ​នៅ​សាកល​វិទ្យាល័យ​American university ​បាន​បន្ថែម​ថា គេ​សង្ឃឹមថា​ «ប្រធានាធិបតី​អាមេរិក​គួរ​តែ​ទទួល​បាន​ការ​អប់រំ​គ្រប់​គ្រាន់​ដើម្បី​ដឹង​អំពី​រឿង​បែប​នេះ»។

អ្នក​ការពារ​លោក​Trumpនិយាយ​ថា​ «រឿង​ទាំង​នេះ​នឹង​ត្រូវ​កែ​តម្រូវ»

សមាជិក​សភា​លោក ​Ted​ Yoho ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​ បាន​និយាយនៅលើ​កញ្ចក់​ទូរទស្សន៍ ​CNN ​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ឃ្លា​អុច​អាល​ «សត្រូវ​របស់​ប្រជាជន»​នេះ។

លោក​បាន​ព្យាករ​ដោយ​មិន​ខ្វល់​អំពី​កម្រិត​នៃ​ផល​អវិជ្ជមាន​ដែល​អាច​កើត​ឡើង​ពី​សារ​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter ​ថា៖ «រឿងរ៉ាវទាំង​នេះ​នឹង​ត្រូវ​កែ​តម្រូវ» ។

នៅ​ក្នុងការ​ចេញ​ផ្សាយ​មួយ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​Trumpសរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម ​Twitter​ ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​សរសេរ​ថា​ ​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​ច្រើន​បាន​រិះគន់​អ្នក​សារព័ត៌​មាន​ ប៉ុន្តែ​ «ភាសា​រិះគន់​របស់​លោក​ Trumpបានធ្វើ​ឲ្យ​គេ​នឹង​ឃើញ​កាន់​តែ​ច្បាស់​ដល់​សាររិះគន់​ របស់​ក្រុម​មេដឹក​នាំ​ផ្តាច់ការ​នៅ​ជុំវិញ​ពិភពលោក​»។

តើ​ភាសា​ជ្រុលនិយម​អាច​ចាត់​ទុកថា​ជា​អំពើហិង្សា​ឬ?

លោក​ J.M.Berger ​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​អន្តរជាតិប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ (International Center for Counter-Terrorism) ​នៅ​ទី​ក្រុង​ឡាអេ ​(The Hague)​ និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​យល់​ស្រប​នឹង​ការ​កំណត់​បុគ្គលិក​លក្ខណៈ​បែប​នេះ​ បាន​ហៅ​ភាសា​របស់​លោក ​Trump ​ថា​«មាន​លក្ខណៈ​ជ្រុល​និយម»។

លោក​ Berger ​បាន​ថ្លែង​ប្រាប់​ VOA ថា អ្នក​គាំទ្រ​លោក​ Trump ​ខ្លះ​ដែល​នៅ​ខាង​ក្រុម​និយម​ជ្រុល​«អាច​នឹង​យល់​ថា ​ភាសា​ដូច​ជា​ឃ្លា​ថា​ «សត្រូវ​របស់​ប្រជាពលរដ្ឋអាមេរិកាំង»​ គឺ​ជា​សញ្ញា​បើកផ្លូវ​ឲ្យ​មាន​អំពើ​ហិង្សា»។

លោក​ Berger​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ជា​ច្រើន​ក្បាល​ និង​ការសិក្សា​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​ក្រុម​ជ្រុលនិយម​បាន​និយាយ​ថា៖ «សារ​របស់​ប្រធានាធិបតី​តាម​រយៈ​ Twitter អាច​ញុះញង់​មនុស្ស​ដទៃ​ទៀត​ដែល​ទោរ​ទន់​នឹង​អំពើ​ហិង្សា ​ដោយ​សារ​តែ​មនោគមនយោបាយ​ឬ​ដោយ​សារ​បញ្ហា​រោគ​ចិត្ត»។

VOA ​បាន​សុំការ​អត្ថាធិប្បាយពីសេតវិមានអំពី​ការ​សរសេរ​របស់​ប្រធានាធិបតី​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter ​ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​ភ្លាមៗ​នោះ​ទេ៕

ប្រែស​ម្រួល​ដោយ​ ផន​ បុប្ផា​

XS
SM
MD
LG