\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ រិះគន់​លោក​ស្រី គ្លីនតុន​ ចំពោះ​ការចូលរួម​ក្នុង​ប្រតិបត្តិការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​


លោក​ ដូណាល់​ ត្រាំ លើក​ដៃ​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​ពេល​លោក​ចាក​ចេញ​ពី​អាគារ​របស់​កាសែត​ New York Times កាល​ពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា។

លោក​ ដូណាល់​ ត្រាំ លើក​ដៃ​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​ពេល​លោក​ចាក​ចេញ​ពី​អាគារ​របស់​កាសែត​ New York Times កាល​ពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​លោក ដូណាល់​ ត្រាំ​ បាន​រិះគន់​លោកស្រី ហ៊ីឡារី​ គ្លីនតុន​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អាទិត្យ​ចំពោះ​ការ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​សម្លេង​ឆ្នោត​ប្រកៀក​ប្រកិត​គ្នា​ទាំង​៣​ដែល​លោក ត្រាំ​ បាន​ឈ្នះ។

លោក ត្រាំ​ បាន​រំឭក​ឡើង​ពី​អ្វី​ដែល​លោកស្រី គ្លីនតុន​ បាន​និយាយ​នៅ​ក្នុង​វេទិកា​ដេញ​ដោល​គ្នា​លើក​ទី​៣​ថា អ្នកចាញ់​ឆ្នោត​គួរ​តែ​ព្រម​ទទួល​យក​លទ្ធផល​បើ​ទោះ​បី​ជា​គេ​មិន​ចូលចិត្ត​លទ្ធផល​នោះ​ក៏​ដោយ។ ​

នៅ​ក្នុង​យុទ្ធនាការ​រយៈ​ពេល​វែង​របស់​លោក លោក ត្រាំ​ ​បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​មាន​លក្ខណៈ​មិន​សូវ​យុត្តិធម៌​មក​លើ​រូប​លោក ​ប៉ុន្តែ​លោក​បាន​ហៅ​សំណើ​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​បៃតង​ លោកស្រី Jill Stein ក្នុង​ការ​ចាប់​ផ្តើម​រាប់​សន្លឹក​ឡើង​វិញ​នៅ​ក្នុង​រដ្ឋWisconsin រដ្ឋ​ Michigan និង​រដ្ឋ Pennsylvania ថា​ជា​ការឆបោក ហើយ​បាន​ចំអក​ដល់​ការសម្រេចចិត្ត​របស់​លោកស្រី គ្លីនតុន​ ក្នុង​ការចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​នេះ​ទៀត​ផង។

ក្នុង​ចំណោម​សន្លឹក​ឆ្នោត​រាប់​លាន​សន្លឹក​ដែល​ប្រជាពលរដ្ឋ​បាន​បោះ លោក ត្រាំ​ បាន​ទទួល​ជ័យ​ជំនះ​លើ​លោកស្រី គ្លីនតុន​ ​នៅ​ក្នុង​រដ្ឋ​ទាំង​៣​ ក្នុង​ចំនួន​ប្រមាណ​២​ម៉ឺន​៧ពាន់​សន្លឹក​ក្នុង​រដ្ឋ ​Wisconsin ១ម៉ឺន​២​ពាន់​សន្លឹក​ក្នុង​រដ្ឋ Michigan ​និង​៦​ម៉ឺន​៨​ពាន់​សន្លឹក​ក្នុង​រដ្ឋ Pennsylvania។ ចំណែក​ឯ​លោកស្រី Stein ទទួល​បាន​ត្រឹមតែ​ប្រមាណ​១​ភាគរយ​នៃ​សន្លឹក​ឆ្នោត​ទាំង​អស់​ប៉ុណ្ណោះ​ក្នុង​រដ្ឋ​នីមួយៗ។ ​

លោក ត្រាំ​ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ Twitter ថា​ «លោកស្រី ហ៊ីឡារី គ្លីនតុន​ ព្រម​ទទួល​ស្គាល់​ថា​ចាញ់ ​នៅ​ពេល​ដែល​លោក​ស្រី​បាន​ទូរស័ព្ទ​មក​ខ្ញុំ​មុន​ពេល​ដែល​ខ្ញុំ​ធ្វើ​សុន្ទរកថា​ជ័យជម្នះ និង​បន្ទាប់​ពី​លទ្ធផល​ឆ្នោត​បាន​ចេញ។ នឹង​គ្មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ»។

នៅ​ក្នុង​សារ​មួយ​ទៀត​លើ​បណ្តាញ​សង្គម​ Twitter​ ដែល​លោក​បាន​បង្ហោះ​ពេល​ដែល​លោក​កំពុង​ស្នាក់​នៅ​ឯ​ភូមិគ្រឹះ​ទល់​មុខ​មហា​សមុទ្រ​អាត្លង់ទិក​របស់​លោក​នៅ​ក្នុង​រដ្ឋ Florida បាន​សរសេរ​ថា «សមាជិក​គណបក្ស​ប្រជាធិបតេយ្យ នៅ​ពេល​ដែល​ពួកគេ​យល់​ច្រឡំ​ថា​ខ្លួន​នឹង​ឈ្នះ បាន​ស្នើ​ឲ្យ​គេ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត។ មិន​អញ្ចឹង​ទៀត​ទេ!»៕

XS
SM
MD
LG