ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ ​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​អូបាម៉ា​ពីការ​លួចស្តាប់


ប្រធានាធិបតី​លោក Donald Trump មកដល់​អាកាសយានដ្ឋានអន្តរជាតិ Palm Beach ទីក្រុង​ West Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី ០៣ មីនា ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ចោទ​ប្រកាន់​អតីត​ប្រធា​នាធិបតីអូបាម៉ា ​ពីការ​លួច​ស្តាប់​នៅ​ការិយាល័យ​របស់​លោក​នៅឯអាគារ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក​មុនការ​បោះឆ្នោត​ប្រធានា​ធិបតី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦។

នៅ​ក្នុង​ប្រព័ន្ធTwitter ដែល​បាន​ចេញផ្សាយ​ជាបន្តបន្ទាប់​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ប្រធា​នា​ធិបតី​ត្រាំ​បាន​ភ្ជាប់​ការចោទ​ប្រកាន់​ការ​លួច​ស្តាប់​សំឡេង​ទៅ​នឹង​រឿង​អាស្រូវខាង​នយោបាយ Watergate ដែល​បាននាំឲ្យ​អតីត​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក Richard Nixonចុះចេញ​ពី​ដំណែង​នៅ​ឆ្នាំ​១៩៧៤។

លោក​ប្រធានា​ធិបតី​ត្រាំ ​មិន​ផ្តល់ភស្តុតាង​នៃការ​លួចស្តាប់​នោះ​ទេ។

ការិយាល័យ​របស់​លោកអូបាម៉ាមិនបាន​ឆ្លើយតបទៅ​នឹងការចោទប្រកាន់​នោះ​ទេ ក៏​ប៉ុន្តែ​អតីត​ទី​ប្រឹក្សា​កំពូល​ម្នាក់​របស់​លោក​អូបាម៉ា ​បាន​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ Twitter ​ថាការបញ្ជា​លួច​ស្តាប់​សំឡេង​គឺ​ហួស​ពី​អំណាច​របស់​ប្រធានា​ធិបតី។ នៅ​ក្នុង​ប្រព័ន្ធ Twitter លោក John Schindler អតីត​អ្នកវិភាគ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​និង​ជាមន្រ្តី​ស៊ើប​ការណ៍​សម្ងាត់ ​បាន​និយាយ​ថា ការចោទ​ប្រកាន់​របស់​ប្រធា​នាធិបតី ​អាច​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​តុលាការ​ស៊ើបការណ៍​សម្ងាត់​បរទេស​ ១៩៧៨ ឬ FISA ដែល​អនុញ្ញាត​ឲ្យ​ការស៊ើបការណ៍​សម្ងាត់​និងការ​ប្រមូល​ព័ត៌មាន​ស្របច្បាប់​រវាង​ប្រទេស​ក្រៅ​និង​ភ្នាក់​ងារ​របស់​ពួកគេ។

លោក Ben Cardin សមាជិក​ព្រឹទ្ធសភា​ជាន់​ខ្ពស់​បំផុត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​របស់​ព្រឹទ្ធសភា ​បាន​និយាយ​ថាប្រសិន​បើ ​រដ្ឋបាល​របស់​លោកអូបាម៉ា ​បាន​ធ្វើ​សកម្មភាព​ស៊ើបការណ៍​សម្ងាត់​នៅឯ​អាគារ Trump Tower ​ការណ៍​នេះ ​ចាំបាច់សុំ​ការ​អនុញ្ញាត​មក​ពី​តុលាការ​ស៊ើប​ការណ៍សម្ងាត់បរទេស FISA។

លោក Cardin បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ប្រាប់​បណ្តាញ​ទូរទស្សន៍​ខ្សែកាប​CNNថា «ដោយ​ហេតុ​នេះ​ហើយ បាន​ជា​យើង​មាន​តុលាការ​ស៊ើបការណ៍​សម្ងាត់​បរទេស​ FISA។​ ផ្នែក​នីតិ​ប្រតិបត្តិ ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ពួកគេ ​ត្រូវ​តែ​មានការ​យល់​ព្រម​ពី​តុលាការ​មុនពេល​ពួកគេ​អាច​ធ្វើ​សកម្មភាព​បែបនេះ‍»៕

XS
SM
MD
LG