ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​Tillerson ​ជឿ​ជាក់​ពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​លោក​ត្រាំ


លោក​ Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃទី​៥ ខែឧសភា។

លោក ​Rex Tillerson រដ្ឋមន្ត្រី​ការ​បរទេស​របស់​អាមេរិក​និយាយ​ថា លោក​មិនមាន​ការ​ព្រួយ​បារម្ភ​អំពី​ជំហរ​របស់​ខ្លួន​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ នោះ​ទេ បន្ទាប់​ពី​លោក ត្រាំ​ បាន​បញ្ឈប់​លោក James Comey ប្រធាន ​FBI ​ចេញ​ពី​តំណែង។

លោក​ Tillerson ​បាន​ថ្លែង​ប្រាប់ NBC News ក្នុង​កម្មវិធី ​Meet the Press​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​នឹង​លោក​ប្រធានាធិបតី។ ខ្ញុំ​យល់​ពី​អ្វី​ដែល​ជា​គោល​បំណង​របស់​គាត់។ នៅ​ពេល​ដែល​ខ្ញុំ​មិន​ច្បាស់​ថា គោលបំណង​របស់​គាត់​គឺ​ជា​អ្វី យើង​ជជែក​គ្នា»។

លោក Tillerson បាន​ថ្លែង​ដូច្នេះ ខណៈ​ដែល​លោក ត្រាំ​ ត្រៀម​រៀបចំ​ខ្លួន​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី។ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​សេ្តច ​Salman និង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល អំពី​ជម្លោះ​និង​ការ​គំរាមកំហែង​ដែល​កំពុង​បន្ត​ទៅ​លើ​មជ្ឈិម​បូព៌ា។

បន្ទាប់​មក លោក ត្រាំ​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ជួប​ជាមួយ​នឹង​សម្តេច​ប៉ាប Francis នៅ​វ៉ាទីកង់ និង​ជួប​ជាមួយ​នឹង​មេដឹកនាំ​ពិភព​លោក​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការ​អូតង់​និង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច G7។

លោក Tillerson បាន​ថ្លែង​ថា៖ «ខ្ញុំ​លះបង់​ដើម្បី​ជួយ​ដល់​លោក​ប្រធានាធិបតី សម្រេច​បាន​គោលដៅ​របស់​លោក ជួយ​ឲ្យ​លោក​ទទួល​បាន​ជ័យជម្នះ។ ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​កសាង​ជំនឿ​ទុក​ចិត្ត​របស់​លោក​មក​លើ​រូប​ខ្ញុំ​ជា​រៀងរាល់​ថ្ងៃ តាមរយៈ​វិធី​ដែល​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទាំង​នោះ និង​វិធី​ដែល​ខ្ញុំ​ចាត់​វិធានការ​របស់​ក្រសួង​ការបរទេស ជាមួយ​នឹង​ទិសដៅ​ដែល​លោក​ចង់​ឲ្យ​ប្រទេស​នេះ​ដំណើរការ​ទៅ​មុខ‍»៕

XS
SM
MD
LG