ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្រ្តី​ការបរទេស​អាេមរិក៖ យុទ្ធសាស្រ្ត​បែប​អត់ធ្មត់​ជាមួយ​កូរ៉េ​ខាង​ជើង​បាន​បញ្ចប់​ហើយ


លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

អ្នក​ការ​ទូត​កំពូល​ស.រ.អា.​បាន​និយាយ​ថា ​គោលនយោបាយ​នៃ​ «ការ​អត់ធន់​បែប​យុទ្ធសាស្ត្រ» ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចប់ហើយ ហើយ​ថា​សកម្មភាព​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ជា «ជម្រើស​មួយ​នៅ​លើ​តុ​ចរចា»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson បាន​ធ្វើ​អត្ថាធិប្បាយខ្លាំងៗ​ទាំង​នេះ​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​ក្រុង​សេអ៊ូល ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា «ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​យល់​ថា​វីធី​តែ​មួយ​គត់​ដើម្បី​ធ្វើ​ឱ្យ​មាន​អនាគត​មួយ​មាន​សន្តិសុខ​ និង​ភាព​សម្បូរ​រុង​រឿង​ខាង​សេដ្ឋកិច្ច» គឺ​ខ្លួន​ត្រូវ​តែ​ «បោះ​បង់​ចោល​ការ​អភិវឌ្ឍ​អាវុធ​បរមាណូ កាំជ្រួច​មីស៊ីល​ផ្លោង​ និង​អាវុធ​ប្រល័យ​លោក​ឯទៀតៗ​របស់​ខ្លួន»។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េខាង​ត្បូង Yun Byung-se លោក Tillerson បាន​និយាយ​ថា «សមត្ថភាព​មួយ​ចំនួន​ធំ» បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​នេះ​ដែល​នៅ​ដាច់ពី​គេ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេសទី​ពីរ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​រូប​នេះ​ក្នុង​ទ្វីប​អាស៊ី។

លោក​ Tillerson បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃព្រហស្បតិ៍​នៅ​ក្នុង​ក្រុង​តូក្យូ​ថា​«ជា​ការ​ច្បាស់លាស់​ថា​ មាន​ការ​តម្រូវ​មួយ​ឱ្យ​មាន​របៀប​ដោះស្រាយ​ប្លែក​ពី​មុន​មួយ» នៅ​ក្រោយ​រយៈពេល​២០ឆ្នាំ​នៃ​ការ​ខិតខំប្រឹងប្រែង​ខាង​ការ​ទូត​ដែល​គ្មាន​ជោគជ័យ​ដើម្បី​រារាំង​កូរ៉េ​ខាង​ជើង​មិន​ឱ្យ​មាន​អាវុធ​បរមាណូ។

លោក​ Tillerson បាន​មាន​ប្រសាសន៍​ថា​ ផ្នែកមួយ​នៃ​ហេតុផល​ដែល​លោក​បំពេញ​ទស្សនកិច្ច​ក្នុង​តំបន់​នោះ​គឺ​ដើម្បី​ប្តូរ​ការ​យល់​ឃើញ​ជាមួយ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​ចិន​អំពី​វិធី​ឯទៀត​ដើម្បី​បោះ​ជំហ៊ាន​ទៅ​មុខ។

លោក Tillerson បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Fumio Kishida ថា «រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដែល​មាន​គោល​បំណង​ចង់​រស់នៅ​ក្នុង​សន្តិភាព​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នោះ​ទេ។ ដោយ​សារ​គំនិត​នេះ​ហើយ សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​កូរ៉េ​ខាង​ជើង​លះបង់កម្មវិធី​អាវុធ​បរមាណូ និង​កាំជ្រួច​ផ្លោង​មីស៊ីល​របស់​ខ្លួន និង​ដក​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​បង្ក​ហេតុ​ណា​មួយ​បន្ត​ទៀត‍»។

លោក Tillerson ក៏​បាន​សន្យា​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​ប្រទេស​ជប៉ុន និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​ខ្លួន គឺ​មិន​ប្រែប្រួល​ទេ។

ប្រទេស​ចុង​ក្រោយ​បង្អស់នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Tillerson គឺ​ប្រទេស​ចិន​ដែល​នៅ​ទីនោះ​របៀបវារៈ​របស់​លោក​មាន​រួមបញ្ចូល​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping ផង​ដែរ៕

XS
SM
MD
LG