ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Tillerson និង​លោក Lavrov នឹង​ជួប​ប្រជុំគ្នា​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ​នេះ


រូបឯកសារ៖ រដ្ឋ​មន្ត្រី​​ការ​បរទេស​អាមេរិក Rex Tillerson (កណ្ដាល) និង​លោក​ Sergei Lavrov (ស្តាំ) រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ កាល​ពី​ជំនួប​នៅ​ទីក្រុង​មូស្គូ កាល​ពី​ខែ​មេសា។

លោក ​Rex Tillerson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​ជួប​ជាមួយ​នឹង​ដៃគូ​រុស្ស៊ី​របស់​លោក គឺ​លោក ​Sergei Lavrov​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ប្រជុំ​ពិភាក្សា​អំពី​ប្រទេស​ស៊ីរី ​អ៊ុយក្រែន ​និង​បញ្ហា​ទ្វេភាគី​ដទៃ​ទៀត។

ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ចំពោះប្រទេស​ស៊ីរី លោក​រដ្ឋមន្ត្រី​មាន​បំណង​នឹង​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បន្ថយ​អំពើ​ហិង្សា ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ស៊ីរី និង​បង្កើត​វេទិកា​សម្រាប់​ដំណោះស្រាយ​នយោបាយ​ទៅ​លើ​ជម្លោះ​នេះ‍»។

សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​ Jim Mattis ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​មើល​ឲ្យ​កាន់​តែ​លម្អិត​ទៅ​លើ​ផែនការ​របស់​រុស្ស៊ី​ក្នុង​ការ​បង្កើត​«តំបន់​បន្ថយ​ជម្លោះ»​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

ប្រទេស​រុស្ស៊ី ​តួកគី ​និង​អ៊ីរ៉ង់​ បាន​ព្រម​ព្រៀង​គ្នា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ ​កាល​ពី​សប្តាហ៍​មុន ក្នុង​ការ​បង្កើត​តំបន់​មួយ​ដែល​គេ​ហៅ​ថា ​«តំបន់​បន្ថយ​ជម្លោះ‍» ​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​ក្នុង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​មួយ​ក្នុង​ការ​បញ្ចប់​ជម្លោះ​រយៈ​ពេល​៦​ឆ្នាំ​នៅ​ទីនោះ។

អ្នក​តំណាង​របស់​បណ្តា​ប្រទេស​ទាំង​៣​ ដែល​ធានា​ថា​នឹង​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ ​ចុង​ក្រោយ​បំផុត​នៃ​កិច្ចប្រជុំ​សន្តិភាព​នេះ ​នៅ​ក្នុង​រដ្ឋធានី​អាស្តាណា​ នៃ​ប្រទេស​កាហ្សាក់ស្ថាន៕

XS
SM
MD
LG