ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​មិន​មាន​វត្តមាន​ពេល​ផ្សព្វផ្សាយ​ពី​របាយការណ៍​សិទ្ធិ​មនុស្ស

  • Cindy​ Saine​

រដ្ឋមន្ត្រី​ក្រសួងការបរទេសលោក Rex Tillerson ថ្លែង​នៅ​ក្នុង​ការប្រជុំមួយ​របស់អង្គការ NATO នៅ​ទីស្នាក់ការកណ្តាល​របស់អង្គការក្នុង​ទីក្រុង​ប្រ៊ុចសែលកាល​ពី​ថ្ងៃទី​៣១ មីនា ២០១៧។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កំពុង​ការពារ​ការ​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដី​អំពី​បញ្ហា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មិនា កន្លង​មក​នេះ ស្រប​ពេល​ដែល​មាន​ការ​រិះ​គន់​លើ​លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson ចំពោះ​ការ​មិន​បង្ហាញ​របាយការណ៍​នេះ​ជា​សាធារណៈ។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Donald Trump បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​របាយការណ៍​លើ​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៦ និង​បាន​បដិសេធ​មតិ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​សមាជិក​សភា​មួយ​ចំនួន​ដែល​ថា សន្និសីទ​សារព័ត៌មាន​អំពី​របាយការណ៍​នោះ មិន​ត្រូវ​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​មុន​មួយ​ថ្ងៃ មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ថត​ជា​វីដេអូ និង​មិន​មាន​វត្តមាន​របស់​លោក Tillerson ចូលរួម​នោះ។

មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «របាយការណ៍​នោះ​គឺ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។ យើង​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​របាយការណ៍​នេះ។ ការ​ពិត​ទាំង​ឡាយ​គួរ​តែ​ជា​ចំណុច​ផ្ដោត​នៅ​ក្នុង​របាយការណ៍​នេះ។ លោក​រដ្ឋ​មន្ត្រី Tillerson បាន​និយាយ​ច្បាស់​ហើយ​នៅ​ក្នុង​សវនាការ​ផ្ដល់​សច្ចានុមតិ​ដល់​ការ​តែង​តាំង​រូប​លោក អំពី​ទស្សនៈ​របស់​លោក​អំពី​ផល​ប៉ះ​ពាល់ និង​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​ចំពោះ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក»។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក Tillerson នៅ​ក្នុង​សវនាការ​នោះ​គី​ថា សហរដ្ឋ​អាមេរិក​មាន​ភាព​ច្បាស់​លាស់​ជា​ទី​បំផុត​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស និង​គោល​ការណ៍​ណែនាំ​ជា​មូលដ្ឋាន ដែល​ថា តម្លៃ​របស់​សហរដ្ឋ​អាមេរិក​គឺ​ជា​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន។

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​បាន​សួរ​ទៅ​កាន់​មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ មន្ត្រី​រូប​នោះ​មិន​បាន​ពន្យល់​ថា​ហេតុ​អ្វី​បាន​ជា​លោក Tillerson មិន​បាន​ផ្សព្វផ្សាយ​ពី​របាយការណ៍​នោះ​ដោយ​ខ្លួន​លោក​នោះ​ទេ។ ប៉ុន្តែ មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ក្រសួង​ការបរទេស​មាន​គោល​បំណង​ចង់​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ដោយ​មិន​មាន​ការ​ពន្យារ​ពេល​នោះ​ទេ។

អង្គការ Human Rights Watch និង​អង្គការ Human Rights First បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះ​គន់​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​ផ្សព្វផ្សាយ​បែប​លាក់លៀម​នូវ​របាយការណ៍​ដែល​បាន​មក​ពី​ការ​ប្រឹងប្រែង​យ៉ាង​យក​ចិត្ត​ទុកដាក់​ដូច​នេះ។ របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​នេះ គឺ​ជា​របាយការណ៍​ដែល​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នានា​នៅ​ជុំវិញ​ពិភពលោក​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្លាំង​ជា​ទី​បំផុត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Kenneth Roth នាយក​ប្រតិបត្តិ​នៃ​អង្គការ Human Rights Watch បាន​សរសេរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Twitter ថា ទោះបីជា​លោក Tillerson ប្រហែល​ជា​មិន​ចង់​ប្រឈម​ជាមួយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ក៏​ដោយ ក៏​លោក​នៅ​តែ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​ជា​មូលដ្ឋាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​អារម្ភកថា​របស់​របាយការណ៍​នោះ​ដែរ ដោយ​បាន​សរសេរ​ថា៖ «តម្លៃ​របស់​សហរដ្ឋ​អាមេរិក​គឺ​ជា​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​យើង​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស។ ការ​ធ្វើ​របាយការណ៍​ទាំង​នេះ គឺ​បាន​គូស​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សេរី​ភាព លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​ធានា​ចំពោះ​មនុស្ស​ទូទៅ​នៅ​ជុំ​វិញ​ពិភពលោក»។

អ្នកស្រី Sarah Margon នៃ​អង្គការ Human Rights Watch បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា អវត្តមាន​របស់​លោក Tillerson «គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដល់​រដ្ឋាភិបាល សកម្ម​ជន​សិទ្ធិ​មនុស្ស និង​ជនជាតិ​ភាគ​តិច​ដែល​ងាយ​រងគ្រោះ​នានា​ថា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​ប្រហែល​ជា​មិន​ហ៊ាន​លើក​ឡើង​ពី​ការ​កៀប​សង្កត់ ការ​រំលោភ​បំពាន និង​ការ​កេងប្រវ័ញ្ច នោះ​ដែរ»។

កាល​ពី​ថ្ងៃទី០២ ខែ​មិនា កន្លង​ទៅ​នេះ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោក Marco Rubio បាន​សរសេរ​នៅ​លើ​ទំព័រ Twitter អំពី​ការ​ខកចិត្ត​របស់​លោក​ចំពោះ​វិធី​ដែល​របាយការណ៍​នេះ​បាន​ផ្សព្វផ្សាយ ដោយ​លោក​បាន​សរសេរ​ថា៖

«នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​ដ៏​យូរ​កន្លង​មក​នេះ ដែល​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ផ្ទាល់។ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​ពិចារណា​ឡើង​វិញ​អំពី​ចំណុច​នេះ»។

ជា​ទូទៅ របាយការណ៍​ឆ្នាំ ២០១៦ មិន​បាន​លើក​យក​ប្រទេស​ណា​មួយ​ជាក់​លាក់​មក​បង្ហាញ​នោះ​ទេ។ ជា​ទម្លាប់​កន្លង​មក របាយការណ៍​នេះ​មិន​ធ្វើ​ការ​ប្រៀប​ធៀប ឬ​ដាក់​ចំណាត់​ថ្នាក់​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នីមួយៗ​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​ដដែល​នេះ ដែល​បាន​ថ្លែង​អំពី​របាយការណ៍​នេះ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន បាន​បញ្ជាក់​ថា របាយការណ៍​នេះ​បង្ហាញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក​មាន​សភាព​ខុសៗ​គ្នា ដែល​វា​មាន​ស្ថានភាព​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ប្រទេស​ខ្លះ និង​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ជាង​មុន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត។ មន្ត្រី​រូប​នោះ​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ធ្វើ​ទារុណកម្ម ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​រើសអើង​ផ្នែក​យេនឌ័រ គឺ​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ចម្បងៗ​មួយ​ចំនួន។

របាយ​ការណ៍​នេះ​ធ្វើ​ការ​វិភាគ​លើ​ប្រទេស​ចំនួន ១៩៩ ប្រទេស ដោយ​សិក្សា​ពី​ស្ថានភាព​របស់​ប្រទេស​នីមួយៗ។ របាយការណ៍​នេះ ក៏​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​អាក្រក់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​ស៊ីរី​ ដែល​ជា​ប្រទេស​ហែកហួរ​ដោយសារ​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG