ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោករដ្ឋ​មន្រ្តីការ​បរទេស​​អាមេរិក Tillerson ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​បន្ទាប់​ពីការ​វាយ​ប្រហារ​របស់​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី


រដ្ឋលេខាធិការ​ Rex Tillerson ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ Palm Beach នៅ​ West Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី​០៦ មេសា ២០១៧។

លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ធា នី​ម៉ូស្គូ​នៅ​ថ្ងៃ​ទី​១២ ​ខែ​មេសា​ខាង​មុខ​នេះ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បានធ្វើ​ការ​វាយ​ប្រហារ​កាំ​ជ្រួច​មីស៊ីល​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹងការ​វាយ​ប្រហារ​អាវុធ​គីមី​របស់​ស៊ីរី​ដែល​បាន​សម្លាប់​ជន​ស៊ី​វិល។

ពួក​មន្រ្តី​និយាយ​ថា ​អ្នកការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ ​នឹង​ជំរុញ​ឲ្យ​រុស្ស៊ី​គិត​ឡើង​វិញ​ពីការ​បន្ត​ការគាំទ្រ​របស់​ខ្លួន​ដល់រដ្ឋា​ភិបាល​ប្រធានា​ធិបតី​ Bashar al-Assad នៃ​ប្រទេស​ស៊ីរី។

លោក Boris Johnson ​រដ្ឋ​មន្រ្តីការបរទេស​ចក្រ​ភព​អង់គ្លេស ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​លោក​បាន​លប់​ចោល​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០ ​ខែ​មេសា​នេះ។ សេចក្តី​ថ្លែងការណ៍​របស់​លោកJohnson បាន​ប្រាប់​ឲ្យ​ដឹង​ថា «ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេសស៊ីរី​បាន​ផ្លាស់​ប្តូរ​ស្ថានការណ៍​ដ៏​ខ្លាំង‍»។

លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Tillerson មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ​បន្ទាប់​ពី​លោក​ចូលរួម​សន្និសីទ​របស់​រដ្ឋ​មន្រ្តីការ​បរទេស G-7 ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី១១ ​ខែ​មេសា​នេះ។ ក្រសួង​ការបរ ទេស​អាមេរិក ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ស៊ើប​អង្កេត​របស់ VOAថាតើដំណើរ​ទស្សន កិច្ច​របស់​លោករដ្ឋ​មន្រ្តីការបរទេស​អាមេរិក Tillerson បាន​ត្រូវ​ផ្លាស់​ប្តូរ​ឬ​លុបចោល​ទេ​ពី​ព្រោះ​តែ​ការ​វាយ​ប្រហារ​ខាង​យោ​ធា​របស់​សហរដ្ឋ​អាមេរិក​នោះ។

ពួក​អ្នក​វិភាគ​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនត្រូវការទំនាក់​ទំនង​ខាង​ការទូត ​បន្ទាប់​ពី​ចំណាត់​ការ​ខាង​យោ​ធា​មក។

អ្នកការទូតសហរដ្ឋ​អាមេរិក​ដែល​គេស្គាល់​ថា​ជា​មនុស្ស​មិនសូវ​និយាយ​ស្តី ​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រើ​ពាក្យ​ខ្លាំង​ៗ​ឲ្យ​រុស្ស៊ី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ខក​ខាន​មិន​បាន​ទប់ប្រធានា​ធិបតី​ស៊ីរី Bashar al-Assad ដែលជា​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី៕

XS
SM
MD
LG