ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ថា ត្រូវ​មាន​វិធានការ​ផ្សេង​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង


លោក​រដ្ឋ​មន្រ្តី​ការបរទេស Rex Tillerson (រូប​ឆ្វេង) ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ នៅ ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្រ្តី​ការបរទេស Rex Tillerson (រូប​ឆ្វេង) ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ នៅ ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​និយាយ​ថា «វា​ច្បាស់​ណាស់​ថា យើង​ត្រូវការ​វិធានការ​មួយ​ផ្សេង​ទៀត‍» បន្ទាប់​ពី​កិច្ចការ​ការ​ទូត​នានា​ដើម្បី​រារាំង​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​សម្រេច​គោល​បំណង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បាន​ទទួល​បរាជ័យ​ក្នុង​រយៈពេល ២០ឆ្នាំ កន្លង​មក​នេះ។

ដោយ​ថ្លែង​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ការ​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Tillerson បាន​និយាយ​ថា មូលហេតុ​មួយ​ដែល​លោក​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អាស៊ី គឺ​ដើម្បី​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​នឹង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចិន អំពី​គម្រោង​ការ​មួយ​ផ្សេង​ទៀត​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Tillerson បាន​ថ្លែង​នៅ​ឯ​សន្និសីទ​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Fumio Kishida ថា៖ «រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដែល​មាន​គោល​បំណង​ចង់​រស់នៅ​ក្នុង​សន្តិភាព​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នោះ​ទេ។ ដោយ​សារ​គំនិត​នេះ​ហើយ សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​លះបង់​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន និង​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​សកម្មភាព​បង្ក​ហេតុ​ណា​មួយ​បន្ត​ទៀត‍»។

លោក Tillerson ក៏​បាន​សន្យា​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​ប្រទេស​ជប៉ុន និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​ខ្លួន គឺ​មិន​ប្រែប្រួល​ទេ។

នៅ​ថ្ងៃ​សុក្រ​ស្អែក លោក Tillerson នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បន្ទាប់​មក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping៕

XS
SM
MD
LG