ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ច្រើន​ម៉ឺ​ននាក់​​ធ្វើ​បាតុកម្ម​នៅមុខ​ក្រសួង​ការងារ​ទាមទារ​ឡើង​ប្រាក់ខែ​


កម្មករ​ច្រើន​ម៉ឺ​ននាក់​​ធ្វើ​បាតុកម្ម​​នៅតាម​ផ្លូវ​ទៅ​ក្រសួង​ការងារ
កម្មករ​ច្រើន​ម៉ឺ​ននាក់​​ធ្វើ​បាតុកម្ម​​នៅតាម​ផ្លូវ​ទៅ​ក្រសួង​ការងារ
រលក​នៃ​កម្មករ​រោងចក្រ​ជាច្រើន​ម៉ឺន​នាក់បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាមទារ​ដំឡើងប្រាក់​ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ប៉ាន់​ប្រមាណ​ថា​ កម្មករធ្វើ​បាតុកម្ម​និង​កូដកម្ម​កើន​ដល់​៤០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ។​

បាតុកម្ម​របស់​ក្រុម​កម្មករ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម ​រង្ស៊ី​ និង​លោក​កឹម ​សុខា​បាន​ដឹកនាំ​បាតុកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​ឈាន​ដល់​ថ្ងៃ​ទី​១២​ហើយ។​

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ ក្រុម​កម្មករ​បាន​ធ្វើ​កូដកម្មនៅ​តាម​រោងចក្រ​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ហើយ​បាន​ចុះ​ដើរ​តាម​ដង​ផ្លូវ​ឆ្ពោះ​មក​កាន់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និងឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិប​តេយ្យ​ដើម្បី​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​

ដោយ​ឡែក​នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​ សង្កាត់​កំបូល​ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ​ជាយ​ទី​ក្រុង​ភ្នំពេញ​វិញ​ កម្មករ​បាន​ធ្វើ​បាតុកម្ម​នៅ​នឹង​កន្លែង​ ហើយ​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ឈុត​ជា​មួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ។​ កម្មករ​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​បាន​រងរបួស​ ហើយ​ពួក​គេ​បាន​បិទ​ផ្លូវ​នេះ ​មុននឹង​បើក​ឡើង​វិញ​នៅ​ម៉ោង​ជិត​៥​ល្ងាច​នេះ។​

កម្មករ​ចំនួន​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ប៉ះ​ទង្គិច​នេះ​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​មក​វិញ។​

កញ្ញា​មាន វណ្ណា ​កម្មការិនីមក​ពី​រោងចក្រ​មួយ​នៅ​សង្កាត់​ចោមចៅ ​ខ័ណ្ឌ​ពោធិសែនជ័យ។​
នាង​ដើរ​ជាមួយ​នឹង​ក្រុម​កម្មករ​រាប់​ពាន់​នាក់​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី។ ​ខ្លះ​គ្រវី​ស្លឹក​ឈើ​ ខ្លះ​ស្រែក។​

នាង​និយាយ​ថា៖ ​«ទៅ​ក្រសួង​ការងារ​(ដើម្បី)​ទាមទារ​ប្រាក់ខែ​ឲ្យ​បាន​១៦០​ដុល្លារ​ក្នុង​មួយខែ។​ កម្មករ​រោងចក្រ​ទាំង​អស់​មកទី​នេះ»។​

នៅ​លើ​ផ្លូវ​វ៉េង​ស្រេង ​ខ័ណ្ឌ​មានជ័យឯណោះ​វិញ​ កម្មករ​ក៏​នាំ​គ្នា​ដើរ​ជាក្រុម​ធំៗ​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ជា​មួយ​កម្មករ​ដទៃ​ទៀត។​ ​នៅ​តាម​បណ្តោយ​ផ្លូវវ៉េងស្រេង​គឺ​ជា​តំបន់​រោងចក្រ​យ៉ាង​ច្រើន​បំផុត​ក្នុង​រាជ​ធានី​ភ្នំពេញ។​

កម្មករ​ម្នាក់​និយាយ​ថា៖ ​«រោងចក្រ​ចម្រុះ​មក​ទី​នេះ។​ សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ»។​

កម្មករបាន​ប្រមូល​ផ្តុំ​គ្នា​ជា​ច្រើន​ពាន់​នាក់​នៅ​ពី​មុខ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​ ប៉ុន្តែ​ចំនួន​កម្មករ​បាន​ចុះ​ថយម​កវិញ ​នៅពេល​ដែល​កម្មករ​ដទៃ​បាន​ទៅ​ចូលរួម​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។​

កញ្ញា​ឈាង ​ធីតា​គឺ​ជា​អ្នក​ដឹកនាំ​កម្មករ​ម្នាក់​មក​ពី​រោងចក្រ​គីន​តាយ ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២។​ នាង​កំពុង​អង្គុយ​នៅ​មុខ​ក្រសួង​ការងារ។​

នាង​និយាយ​ថា៖​ «សូម្បី​តែ​ហូប​ក៏​ហូប​មិន​ឆ្អែត​ដែរ។​ ហូប​តែ​ពងទា​ជាមួយ​ទឹក​ត្រី​ ជាមួយ​លៀស​ហាល ​ជាមួយ​ជ្រក់​ ជាមួយ​សម្ល​ម្ជូរ​ត្រកួន ​ហើយ​ជាមួយ​ស្ពៃ​បន្លែ​រលួយៗ។ នេះ​ហើយ​កម្មករ​នៅ​ស្រុក​ខ្មែរ។​ ដូច្នេះ​ហើយ​បាន​ជា​កម្មករគ្រប់​រោងចក្រ​ទូទាំង​ប្រទេស​ទាមទារ​ដំឡើងប្រាក់​ខែ​ថ្ងៃ​នេះ»។​

តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោកស្រី​មួ សុខហួរ​បាន​បង្ហាញ​វត្តមាន​ក្នុង​ចំណោម​បាតុករ​នៅ​មុខ​ក្រសួង​ការងារ។​

លោកស្រី​និយាយ​ថា៖ ​«ការងារ​ដែល​ក្មួយ​ធ្វើ​នេះ​គឺ​ជា​ការងារ​សមរម្យ​ណាស់។​ ប៉ុន្តែ​អ្នក​ដឹកនាំ​ទេ​ដែល​មិន​ឲ្យ​តម្លៃ​ដល់​ក្មួយៗ»។

ដំណាល​គ្នា​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​រោងចក្រ​នោះ ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រុម​សហជីព​កម្មករ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។​

ប៉ុន្តែ​កិច្ច​ប្រជុំ​រយៈ​ពេល​ជាង​២​ម៉ោង​ដែល​មិន​មាន​ភាគី​ថៅកែ​រោង​ចក្រ​ចូល​រួម​នោះ​ មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដំឡើងប្រាក់​ឈ្នួល​កម្មករ​នោះ​ទេ។​

លោក​អាត់​ ធន់ ​ប្រធាន​សហព័ន្ធ​សហជីព​ CCAWDU ​មាន​ប្រសាសន៍​ថា​កិច្ច​ប្រជុំ​នឹង​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​យក​សំណើដំឡើងប្រាក់​ខែ​ដល់​កម្មករ​ចំនួន​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​នេះ​ទៅ​ដាក់​ជូន​ក្រុម​និយោជក។​

លោក​និយាយថា៖​ «គាត់​ទទួល​សំណើហ្នឹង​ហើយ ​នឹង​ណាត់​ឲ្យ​ជួប​ជាមួយ​និយោជក​នៅថ្ងៃ​ច័ន្ទ​ ទី​៣០​ ខែធ្នូ​វេលា​ម៉ោង​៩​ព្រឹក​ដើម្បី​ជជែក​គ្នា​បន្ត»។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​នេះ ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ឲ្យ​កម្មករ​រោង​ចក្រ​ចូល​បំពេញ​ការងារ​ដូច​ធម្មតា​វិញ​ និង​ស្នើ​ឲ្យ​បញ្ឈប់​កូដកម្ម​ និង​បាតុកម្ម។​

ប៉ុន្តែ​លោក​អាត់ ​ធុន​អះអាង​ថា ​កម្មករ​នឹង​មិន​បញ្ឈប់​ការតវ៉ា​ទេ ​ល្គឹកណា​មិន​ទាន់​មាន​ការ​យល់​ព្រម​លើ​ការ​ដំឡើងប្រាក់​ខែ។​

យោង​តាម​លោក​មឿន​ តុលា ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ​ មាន​កម្មករ​ប្រមាណ​១៧៥​រោង​ចក្រ​បាន​ធ្វើ​កូដកម្ម​និង​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​ការ​ប៉ាន់​ប្រមាណ​មាន​កម្មករ​ចន្លោះ​ពី​៣៥​ទៅ​៤០​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ចលនា​សង្គម​នេះ។​

នៅ​ថ្ងៃ​នេះ​ដែរ​ លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ដឹក​នាំ​បាតុកម្ម​នៅ​ក្នុង​រាជ​ធានីភ្នំ​ពេញ​ឈាន​ដល់​ថ្ងៃទី​១២​ហើយ។​

លោក​សម រង្ស៊ី​បាន​ស្នើ​ឲ្យ​ក្រុម​កម្មករ​បន្ត​តវ៉ា​តទៅ​ទៀត​ បើសិន​ជា​ថៅកែ​រោងចក្រ​មិន​ព្រម​តំឡើង​ប្រាក់ខែ​ដល់​ពួកគេ​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG