\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមបាតុករ​ពាក់​អាវ​យឺត​ពណ៌​លឿង​រាប់ពាន់នាក់​នៅ​ម៉ាឡេស៊ី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង


ក្រុម​បាតុករ​អាវលឿង​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ម៉ាលេស៊ី​ Najib Abdul Razak លាលែង​ពីតំណែង​ក្នុង​ទីក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាលេស៊ី​កាល​ពី​ថ្ងៃទី​១៩ វិច្ឆិកា ២០១៦។

ក្រុម​បាតុករ​អាវលឿង​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ម៉ាលេស៊ី​ Najib Abdul Razak លាលែង​ពីតំណែង​ក្នុង​ទីក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាលេស៊ី​កាល​ពី​ថ្ងៃទី​១៩ វិច្ឆិកា ២០១៦។

ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រាជធានី​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ Najib Razak ចុះ​ចេញ​ពី​តំណែង​ ដោយ​សារ​តែ​លោក​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​បទ​ចោទ​ប្រកាន់​ទាក់​ទិន​នឹង​រឿង​អាស្រូវ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

លោក Najib ​កំពុង​រង​ពាក្យ​រិះគន់​និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ ក្រោយ​ពេល​លោក​រង​បទ​ចោទ​ប្រកាន់​ទាក់​ទិន​នឹង​អំពើ​ពុករលួយ។​លោក​បាន​ធ្វើ​ការ​បដិសេធ​ចំពោះ​ទង្វើ​ខុស​ឆ្គង​នេះ។

ក្រុម​បាតុករ​អាវ​លឿង​ដែល​គាំទ្រ​ក្រុម​ប្រជាធិបតេយ្យ Bersih បាន​ដើរ​ដង្ហែ​និង​ស្រែក​ស្រុះៗ​គ្នា​ នៅ​កណ្តាល​ទីក្រុង គូឡាឡាំពួរ ដោយ​មាន​កាន់​បដា​សរសេរ​ថា «លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ការ​ចង​ចាំ» អ្នក​ខ្លះ​ទៀត​សរសេរ​ថា «ឆ្អែត​ឆ្អន់​នឹង​លទ្ធិ​ប្រើ​ប្រាស់​អំណាច​ដើម្បី​លួច​ជាតិ» ហើយ​បាតុករ​ជា​ច្រើន​អ្នក​ផ្សេង​ទៀត​វាយ​ស្គរ​និង​ផ្លុំ​ត្រែ។

មាន​វត្តមាន​ប៉ូលិស​បង្រ្កាប​ក្រុម​បាតុករ​និង​ឡាន​បាញ់​ទឹក​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ Merdeka ដែល​ស្ថិត​នៅ​កណ្តាល​ក្រុង​ត្រូវ​បាន​បិទ ដើម្បី​រារាំង​ក្រុម​បាតុករ​កុំ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ដូច​ការ​គ្រោង​ទុក​របស់​ពួក​គេ។

ប្រធាន​ក្រុម​ Bersih ដែល​ជា​អ្នក​រៀប​ចំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ជា​មួយ​នឹង​អ្នក​ដែល​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​ជា​ច្រើន​នាក់​ទៀត​ រួម​មាន​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង​នឹង​សកម្មជន​សិស្ស​និស្សិត​ផង​ដែរ។

ការ​ធ្វើ​បាតុកម្ម​នេះ​មិន​ទំនង​អាច​ធ្វើ​ឲ្យ​លោក​ Najib ចុះ​ចេញ​ពី​តំណែង​បាន​នោះ​ទេ។ លោក​បាន​ទប់​ទល់​នឹង​វិបត្តិ​នេះ បង្រួប​បង្រួម​អំណាច​ដោយ​បង្ក្រាប​អ្នក​ដែល​ប្រឆាំង​នឹង​លោក ហើយ​និង​រឹត​ត្បិត​ទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន​និង​ក្រុម​សកម្ម​ជន​ផង​ដែរ៕

XS
SM
MD
LG