ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​រាប់​ពាន់​នាក់​ធ្វើ​ពហិការ​មិន​ចូល​រួម​សន្និសីទ​នៅ​សហរដ្ឋ​អាមេរិក


បាតុករ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​បម្រាម​ធ្វើ​ដំណើរ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ San Diego កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​រាប់​ពាន់​នាក់​នៅ​ទូទាំង​សាកល​លោក​បាន​ចុះ​ហត្ថលេខា​លើញ្ញត្តិ​តាមប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អំពាវនាវ​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​ធ្វើ​ពហិការ​ពុំ​ចូលរួម​សន្និសីទ​អន្តរជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ពួក​សាស្ត្រាចារ្យ​កំពុង​តវ៉ា​ប្រឆាំង​បទ​បញ្ជា​ប្រធានាធិបតី​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​ដែល​បាន​រារាំង​ជា​បណ្តោះ​អាសន្ន​ដល់​ពលរដ្ឋ​មក​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម​សំខាន់ៗ​ចំនួន​៦​មាន អ៊ីរ៉ង់ ​សូម៉ាលី ​ស៊ីរី ស៊ូដង់ លីប៊ី ​និង​ប្រទេស​យេម៉ែន។

លោកស្រី Nadine El-Enany ជា​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាលា​ច្បាប់​នៃ​សាកល​វិទ្យាល័យ London’s Birkbeck ​ដែល​បាន​រៀប​ចំ​ការ​ធ្វើ​ពហិការ​នេះ​បាន​និយាយ​ថា «បទ​បញ្ជា​ប្រធានាធិបតី​នេះ​បង្កើត​ឲ្យ​មាន​ការ​ប្រកាន់​ពូជ​សាសន៍​ និង​ជំរុញ​ឲ្យ​មាន​បរិយាកាស​ដែល​មនុស្ស​ចាត់​ទុក​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ងាយ​ទទួល​រងគ្រោះ​ហើយ​និង​ពង្រីក​អំពើ​ហិង្សា​ និងការ​ស្អប់​ខ្ពើម‍»។

លោកស្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ថា «ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ពី​បទ​បញ្ជា​ប្រធានាធិបតី​គឺ ​សាស្ត្រាចារ្យ ​និង​និស្សិត​ដែល​មិន​អាច​ចូលរួម​ក្នុង​សន្និសីទ»។

បទ​បញ្ជា​ហាម​ឃាត់​ការធ្វើ​ដំណើរ​របស់​ប្រធានាធិបតី​ត្រាំ ហាមឃាត់​មិន​ឲ្យ​ផ្តល់​ទិដ្ឋាការ រយៈ​ពេល៩០​ថ្ងៃ​ដល់​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន៦។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ប៉ុន្មាន​ម៉ោង​មុន​ពេល​បទ​បញ្ជា​នោះ​ចូល​ធរមាន ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ ​បាន​រារាំង​ជាបណ្តោះ​អាសន្ន​នូវ​បម្រាម​នោះ​ដោយ​និយាយ​ថា បទបញ្ជា​ប្រ​ធានាធិបតី​នោះ​មាន​ការ​ស្អប់​ខ្ពើម​នូវ​ខាង​សាសនា៕

XS
SM
MD
LG