ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ដក​ទ័ព​ចេញ​ពី​វៀតណាម​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ១៩៧៣


ទង់ជាតិ​វៀតណាម​ត្រូវ​បាន​គេ​បំពាក់​នៅ​ពី​មុខ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​វៀតណាម Nguyen Minh Triet កាលពី​ថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០០៧។

កាល​ពី​៤៧ឆ្នាំ​មុន នៅ​ចំ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ១៩៧៣ កងទ័ព​ប្រយុទ្ធ​តស៊ូ​របស់​សហរដ្ឋ​អាមេរិក​ទាំង​អស់​បាន​ដក​ចេញ​ពី​វៀតណាម ដោយ​បាន​បញ្ចប់​នូវ​ការ​ប្រឡូក​ផ្នែក​យោធា​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​វៀតណាម បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​វៀតណាម​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​មក។

កាល​ពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ១៩៧៣ អ្នក​តំណាង​សហរដ្ឋ​អាមេរិក វៀតណាម​ខាង​ជើង វៀតណាម​ខាង​ត្បូង និង​ពួក​វៀតកុង បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​វៀតណាម​នេះ ដែល​កិច្ច​ព្រមព្រៀង​នោះ​តម្រូវ​ឲ្យ​កងទ័ព​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ដោយ​កិត្តិយស​ពី​សង្គ្រាម ដែល​បាន​សម្លាប់​ទាហាន​អាមេរិកាំង​អស់​ជាង​៥ម៉ឺន៨ពាន់​នាក់ និង​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ការ​បែកបាក់​យ៉ាង​ខ្លាំង។

ចំណុច​សំខាន់ៗ​របស់​កិច្ច​ព្រមព្រៀង​នេះ មាន​ដូចជា ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​វៀតណាម ការ​ដក​ទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​ទឹកដី​វៀតណាម ការ​ដោះលែង​អ្នក​ទោស​សង្គ្រាម និង​ការ​រួបរួម​ឡើង​វិញ​រវាង​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង តាម​រយៈ​មធ្យោបាយ​សន្តិវិធី​ជា​ដើម។ រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​នៅ​តែ​មាន​សិទ្ធិ​អំណាច​ដដែល រហូត​ទាល់តែ​ការ​បោះ​ឆ្នោត​ថ្មី​ត្រូវ​បាន​ធ្វើ​ឡើង។ ចំណែក​ឯ​កងទ័ព​វៀតណាម​ខាង​ជើង​ដែល​កំពុង​ស្ថិត​នៅ​វៀតណាម​ខាង​ត្បូង នឹង​មិន​ត្រូវ​ធ្វើ​អ្វី​បន្ថែម​ទៀត ឬ​បន្ថែម​កម្លាំង​បន្ថែម​ទៀត​នោះ​ទេ។

កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ទទួល​ការ​បរាជ័យ​ភ្លាមៗ ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​មក។ នៅ​មុន​កងទ័ព​អាមេរិកាំង​ចុង​ក្រោយ​ដក​ថយ​ចេញ​ពី​វៀតណាម​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ១៩៧៣ ពួក​កុម្មុយនិស្ត​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ ហើយ​មក​ទល់​នឹង​ដើម​ឆ្នាំ ១៩៧៤ សង្គ្រាម​បាន​ចាប់ផ្ដើម​ឡើង​វិញ។

នៅ​ចុង​ឆ្នាំ ១៩៧៤ អាជ្ញាធរ​វៀតណាម​ខាង​ត្បូង​បាន​បញ្ជាក់​ថា កងទ័ព និង​ជន​ស៊ីវិល​របស់​ខ្លួន​ចំនួន ៨ ម៉ឺន​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា ដែល​ធ្វើ​ឲ្យ​ឆ្នាំ១៩៧៤ ជា​ឆ្នាំ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​សង្គ្រាម​នៅ​វៀតណាម។

នៅ​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ១៩៧៥ ទាហាន​អាមេរិកាំង​ចុង​ក្រោយ​ប៉ុន្មាន​នាក់ ដែល​នៅ​វៀតណាម​ខាង​ត្បូង ត្រូវ​បាន​យន្តហោះ​ដឹក​ចាកចេញ​ទៅ គឺ​នៅ​ពេល​ដែល​ទីក្រុង​សៃហ្គន​បាន​ដួល​រលំ​ធ្លាក់​ចូល​ក្នុង​ដៃ​ពួក​កងកម្លាំង​កុម្មុយនិស្ត៕

XS
SM
MD
LG