ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«ប្រព័ន្ធ​សុខាភិបាល​ដែល​រើសអើង​ចំពោះ​ប្រជាជន​ក្រីក្រ‍» ដោយ ឆាំង យុ


លោក ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​អំឡុង​បទសម្ភាសន៍​ជាមួយ​ Associated Press នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​អំឡុង​បទសម្ភាសន៍​ជាមួយ​ Associated Press នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៤។

កំណត់​និពន្ធ៖ លោក ឆាំង យុ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​របស់​លោក​បាន​ស្រាវជ្រាវ​និង​ចងក្រង​រឿងរ៉ាវ​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នានា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម។ តទៅ​នេះ ជា​សំណេរ​របស់​លោក​ ឆាំង​ យុ ក្នុង​ឱកាស​ទិវា​នៃ​ការ​ចងចាំ​ជា​អន្តរជាតិ​ស្តី​ពី​ការ​សម្លាប់​រង្គាល​នៅ​អឺរ៉ុប (Holocaust)។​

នៅ​ថ្ងៃ​ទី១​ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ សភា​ពេញ​អង្គ​របស់​អង្គការ​សហប្រជាជាតិ​បាន អនុម័តិ​កំណត់​យក​ថ្ងៃ​ទី២៧​ ខែ​មករា ជា​ទិវា​នៃ​ការ​ចងចាំ​ជា​អន្តរជាតិ​ស្តី​ពី​ការ​សម្លាប់​រង្គាល​នៅ​អឺរ៉ុប (Holocaust)។ ទិវា​នៃ​ការ​ចងចាំ​នេះ​មាន​សារៈសំខាន់​ណាស់​ព្រោះ​ថា​ វា​មិន​ត្រឹម​តែ​ ផ្តល់​កិត្តិយស​ដល់​ជន​រងគ្រោះ​នៅ​អឺរ៉ុប​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ក្រើន​រំឭក​ និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ថា​ អំពើ​ព្រៃផ្សៃ​ ប្រហាក់ប្រហែល​គ្នា​នេះ​នឹង​មិន​អាច​បំភ្លេច​បាន​ជា​រៀង​រហូត។

ទោះ​ជា​សហគមន៍​អន្តរជាតិ​មាន​ការ​តាំងចិត្ត​បែប​នេះ​ក្តី ​យើង​គួរ​មាន​មនសិការ​គិត​ត្រង់​ចំណុច​នេះ​ថា ការ​ទទួល​ស្គាល់​ដែល​មាន​រយៈពេល​តែ​មួយ​ថ្ងៃ​បែប​នេះ​មិន​ស្មើ​នឹង​ការ​ផ្តល់​សេចក្តី​គោរព​ពេញ​មួយ​ជីវិត​ទេ​ ហើយ​សេចក្តី​ស្មោះត្រង់​តាម​រយៈ​កាយវិការ​មិន​អាច​យក​មក​ជំនួស​សកម្មភាព​ជាក់ស្តែង​បាន​ឡើយ។ យើង​ត្រូវ​ប្រាកដ​ថា​ សេចក្តី​ចង់​បាន​នៃ​គោលការណ៍​មនុស្សធម៌​របស់​យើង​ អាច​បកស្រាយ​ថា​ ជា​សេចក្តី​មេត្តា​ករុណា​ដ៏​ស្មោះត្រង់​សម្រាប់​មនុស្ស​ជាតិ​គ្រប់​រូប។ សេចក្តី​តាំងចិត្ត​របស់​យើង​ក្នុង​ការ​ចងចាំ​រឿងរ៉ាវ​ពី​អតីតកាល​ត្រូវ​បាន​វាស់វែង​មិនមែន​តាម​រយៈ​ការ​ទទួលស្គាល់​ដ៏​សោះកក្រោះ​បែប​នេះ​ឡើយ​ ប៉ុន្តែ​តាម​រយៈ​ការ​ពេញចិត្ត​របស់​យើង​ចំពោះ​រឿងរ៉ាវ​របស់​មនុស្ស​គ្រប់​រូប។

ក្នុង​ស្មារតី​នេះ​ នា​ឱកាស​ទិវា​ប្រវត្តិសាស្ត្រ​នេះ​ ខ្ញុំ​សូម​លើក​រឿង​មួយ​មក​និយាយ​ ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ក្រុម​គ្រួសារ​ខ្ញុំ​ ប៉ុន្តែ​រឿងរ៉ាវ​នេះ​តំណាង​ឱ្យ​ការ​តស៊ូ​មួយ​ដែល​ប្រជាជន​កម្ពុជា​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន។

កែវ កុលធីតា ឯកស័ក (១៩៥៩-២០១៥) ដែល​ជា​បងស្រី​លោក ឆាំង យុ បាន​ទទួល​មរណភាព​ក្រោយ​ពី​បាន​ព្យាយាម​ជម្នះ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ (ផ្តល់​ដោយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

កែវ កុលធីតា ឯកស័ក (១៩៥៩-២០១៥) ដែល​ជា​បងស្រី​លោក ឆាំង យុ បាន​ទទួល​មរណភាព​ក្រោយ​ពី​បាន​ព្យាយាម​ជម្នះ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ (ផ្តល់​ដោយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

នា​សប្តាហ៍​មុន​ បងស្រី​របស់​ខ្ញុំ​ឈ្មោះ កែវ កុលធីតា ឯកស័ក បាន​ទទួល​មរណភាព​ក្រោយ​ពី​បាន​ព្យាយាម​ជម្នះ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ បងស្រី​ខ្ញុំ​កើត​ក្នុង​ឆ្នាំ​១៩៥៩ នៅ​ទី​ក្រុង​ភ្នំពេញ។ ម្តាយ​របស់​ខ្ញុំ​ឈ្មោះ កែវ ណាន មាន​អាយុ​៨៦​ឆ្នាំ។ បងស្រី​របស់​ខ្ញុំ គឺ​ជា​មនុស្ស​គ​ថ្លង់​ពី​កំណើត។ គាត់​ជា​កូន​ស្រី​ពៅ​គេ​បង្អស់​ក្នុង​ ចំណោម​បង​ស្រី​ប្រាំ​នាក់។ គាត់​មាន​អាយុ​ខុស​គ្នា​ជាមួយ​ខ្ញុំ​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ គាត់​និង​ខ្ញុំ​ហាក់​បី​ដូច​ ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា។ ដោយសារ​តែ​គាត់​មិន​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទូទៅ​បាន​ លើកលែង​តែ​ជាមួយ​មនុស្ស​មួយ​ចំនួន​តូច​ដែល​ចេះ​ភាសា​កាយវិការ​មនុស្ស​គ​ គាត់​តែងតែ​ធ្វើ​កិច្ចការ​អ្វីៗ​ដោយ​ខ្លួន​ឯង ហើយ​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ ប៉ុណ្ណោះ​ដែល​មាន​ការ​អត់ធ្មត់​និង​ចង់​ស្គាល់​និង​ស្វែង​យល់​ពី​អារម្មណ៍​របស់​គាត់។ ប៉ុន្តែ​ ទោះបី​ជា​គាត់​ស្ថិត​ក្នុង​ កាលៈទេសៈ​បែប​នេះ​ក្តី គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ស្មារតី​ និង​បុគ្គលិក​លក្ខណៈ​រឹងមាំ​ដែល​ផ្តល់​ជា​ពន្លឺ​ដ៏​ថ្លាថ្លៃ​នៅ​ក្នុង​គ្រួសារ។

នៅ​ពេល​ដែល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥​ បងស្រី​ខ្ញុំ​ ហើយ​និង​ខ្ញុំ​ក៏​ព្រាត់ប្រាស់​គ្នា​ ហើយ​មិន​ដែល​បាន​ជួប​មុខ​គ្នា​ទេ។ យើង​ជួបជុំ​គ្នា​ឡើង​វិញ​ក្រោយ​របប​ខ្មែរក្រហម ប៉ុន្តែ​យើង​ទាំង​ពីរ​នាក់​បាន​ ភ្លេច​ភាសា​កាយវិការ​ដែល​យើង​ធ្លាប់​ប្រើ​សម្រាប់​ទំនាក់ទំនង​គ្នា​កាល​ពី​ក្មេង។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ យើង​ក៏​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ច្រើន​ដែរ។ ទើប​តែ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​នៅ​ជាមួយ​គាត់។ នៅ​ពេល​ដែល​យើង​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​ យើង​សន្ទនា​គ្នា​អំពី​ការ​ស្លាប់​និង​ការ​បាត់​ខ្លួន​ សមាជិក​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​យើង​ ហើយ​គាត់​បាន​រៀបរាប់​ពី​ជីវិត​របស់​គាត់​ក្នុង​របប​ខ្មែរ​ក្រហម​ និង​ក្រោយ​របប​នេះ​ ដែល​គាត់​ជា​អ្នក​គំនូរ​ម្នាក់។ គាត់​គូរ​រូប​ផ្សេងៗ​ឱ្យ​ក្មេងៗ​សិស្ស​សាលា។ ក្មេង​ទាំងអស់​នោះ​តែង​បរិច្ចាគ​ប្រាក់​បន្តិចបន្តួច​មក​គាត់ ដែល​គាត់​បាន​សន្សំ​ម្តង​បន្តិចៗ ហើយ​ទិញ​បាន​ក្រវិល​មួយ​គូ ដែល​ក្រោយ​មក​ ក្រវិល​មួយ​ចំហៀង​របស់​គាត់​ត្រូវ​បាន​អ្នក​ជិតខាង​លួច​យក​ទៅ។

ដូច​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ដែរ គាត់​ត្រូវ​ កម្មាភិបាល​ខ្មែរ​ក្រហម​ចាត់តាំង​ឱ្យ​ធ្វើ​ស្រែ​ ដាំបន្លែ និង​កាប់​ឆ្ការព្រៃ។ បងស្រី​ខ្ញុំ​ខិតខំ​ត្រដរ​រស់​ដោយ​វេទនា​ តាម​រយៈស្មារតី​សម្បជញ្ញៈ​របស់​គាត់​ជា​មនុស្ស​គ។ នៅ​ពេល​ដែល​គាត់​ឃ្លាន​ខ្លាំង​ គាត់​បាន​ដើរ​រើស​ស្លឹកឈើ​ និង​សត្វ​ល្អិត​នានា​ហូប​ជា​អាហារ។ បទ​ពិសោធន៍​របស់​គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ស្ញើច​សរសើរ ហើយ​នឹក​ស្មាន​មិន​ដល់។ ជាមួយ​គ្នា​នោះ​ដែរ នៅ​ពេល​ ដែល​ខ្ញុំ​ដឹង​ពី​បទពិសោធន៍​រឿងរ៉ាវ​ជីវិត​របស់​គាត់ ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​និង​រំជួល​ចិត្ត​យ៉ាង​ ខ្លាំង​ដោយសារ​ស្មារតី​របស់​គាត់​លើស​ពី​អ្វី​ដែល​អាច​ពិពណ៌នា​បាន​ និង​ប្រាជ្ញា​ ស្មារតី​របស់​គាត់​ក្នុង​ភាព​ជា​មនុស្ស​គថ្លង់​តស៊ូ​ស្វិតស្វាញ​ដើម្បី​ជីវិត​រស់​ពី​របប​ឃោរឃៅ​ខ្មែរក្រហម។

ពេលវេលា​ដែល​ខ្ញុំ​នៅ​ជាមួយ​គាត់​នា​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​គាត់​ មាន​ន័យ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ។ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់​ ខ្ញុំ​បែរបន់​គ្រប់​យ៉ាង​សូម​ឱ្យ​មាន​អព្ភូតហេតុ​កើត​ឡើង​ដើម្បី​ឱ្យ​សុខភាព​របស់​គាត់​បាន​ប្រសើរ​ឡើង។

ប៉ុន្តែ​ដូច​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត​ដែរ​ដែល​ទទួល​រង​នូវ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ បងស្រី​ខ្ញុំ​បាន​ពើប​ប្រទះ​នូវ​ការ​ព្យាបាល​សុខភាព​ពី​ប្រព័ន្ធ​សុខាភិបាល​ដែល​ទន់ខ្សោយ​ ដែល​ខ្វះ​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ភាព​ខ្វះ​ក្រម​សីលធម៌​ វិជ្ជាជីវៈ និង​បច្ចេកទេស​និង​វិធីសាស្ត្រ​ដែល​មាន​ភាព​ចាស់​គំរិល។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​យប់​ ច្រើន​ថ្ងៃ​ដើម្បី​តាម​សង្កេត​ និង​ត្រួត​ពិនិត្យ​មើល​ការ​ព្យាបាល​របស់​បងស្រី​ខ្ញុំ។ ពេល​ខ្លះ​ ខ្ញុំ​បាន​ដាស់​បុគ្គលិក​មន្ទីរពេទ្យ​ជា​ច្រើន​សារ​នៅ​ពេល​យប់​ដើម្បី​ធានា​ថា បងស្រី​ខ្ញុំ​បាន​ទទួល​ការ​ថែទាំ​ដិតដល់។ ដោយ​ខ្វះខាត​នូវ​ការ​លើក​ទឹកចិត្ត​ចំពោះ​ការងារ​និង​ កង្វះ​នូវ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​អ្នក​ជំងឺ បុគ្គលិក​ពេទ្យ​តែងតែ​ព្រងើយ​កន្តើយ​ចំពោះ​ភារកិច្ច​របស់​ខ្លួន ជា​ពិសេស​ ចំពោះ​អ្នក​ជំងឺ​ណា​ដែល​ក្រីក្រ​ខ្វះខាត។ នៅ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប​ សុខុមាលភាព​របស់​អ្នក​ជំងឺ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង។ ចំណែក​ឯ​នៅ​ប្រទេស​កម្ពុជា​វិញ ប្រសិន​ជា​គ្មាន​ការ​ផ្តល់​លុយកាក់​ និង​ការ​ផ្តល់​ប្រាក់​បន្ថែម​នោះ​ទេ ​នឹង​មិន​អាច​ធានា​អំពី​គុណភាព​នៃ​ការ​ព្យាបាល​បាន​ឡើយ។ ប្រព័ន្ធ​សុខាភិបាល​បែប​នេះ​ធ្វើ​ឱ្យ​អ្នកក្រ​កាន់​តែ​ដុនដាប​ទៅៗ ហើយ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មនុស្ស​មួយ​ជំនាន់​ ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​ឈឺចាប់​យ៉ាង​ក្រៃលែង ដើម្បី​តស៊ូ​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​ក្រោយ​របប​ខ្មែរក្រហម។

សម្តេច​ព្រះមហា​អរិយវ័ង្ស សៅរ៍ ចន្ទថុល្ល ប្រោះ​ព្រំ​ទឹក​មន្ត​ដល់​ធាតុ​របស់​ កែវ កុលធីតា ឯកស័ក បង​ស្រី​របស់​លោក ឆាំង យុ នៅ​វេលា​ម៉ោង​៥:៣០​ព្រឹកក្រោយ​ពី​ត្រូវ​បូជា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥។ (មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

សម្តេច​ព្រះមហា​អរិយវ័ង្ស សៅរ៍ ចន្ទថុល្ល ប្រោះ​ព្រំ​ទឹក​មន្ត​ដល់​ធាតុ​របស់​ កែវ កុលធីតា ឯកស័ក បង​ស្រី​របស់​លោក ឆាំង យុ នៅ​វេលា​ម៉ោង​៥:៣០​ព្រឹកក្រោយ​ពី​ត្រូវ​បូជា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥។ (មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

បងស្រី​របស់​ខ្ញុំ​ទទួល​មរណភាពនៅ​ថ្ងៃ​ទី១៩ ខែ​មករា​ ឆ្នាំ២០១៥ វេលា​ម៉ោង​៨:៤០​នាទី​យប់​ ប៉ុន្តែ​មុន​នឹង​លា​ចាក​លោក​នេះ គាត់​បាន​មានៈ​នឹង​សេចក្តី​ស្លាប់។ មុន​នេះ​មួយ​សប្តាហ៍ គឺ​នៅ​ថ្ងៃ​ទី១៣ ខែ​មករា វេលា​ម៉ោង​៨:៤០​នាទី​ព្រឹក​ គាត់​ត្រូវ​បាន​វេជ្ជបណ្ឌិត​ ប្រកាស​ថា​ស្លាប់​ហើយ។ សញ្ញាណ​ដែល​អាច​បញ្ជាក់​ថា​គាត់​នៅ​មាន​ជីវិត​នោះ​បាន​បាត់​អស់​ទៅ ហើយ​គាត់​ហាក់​គ្មាន​ជីវិត​រស់​ទៀត​ឡើយ។ វេជ្ជបណ្ឌិត​ជា​ច្រើន​នាក់​បាន​ប្រាប់​ខ្ញុំ​ថា​ បងស្រី​ខ្ញុំ​ស្លាប់​ហើយ។ ប្រសិន​ជា​យើង​គ្មាន​គំនិត​ផ្ទុយ​ពី​វេជ្ជបណ្ឌិត​ទេ​នោះ​ បងស្រី​របស់​ខ្ញុំ​ប្រាកដ​ជា​នឹង​ត្រូវ​បាន​បូជា​ទាំង​មាន​ជីវិត​រស់​នៅ​ឡើយ។ ដោយសារ​វេជ្ជបណ្ឌិត​ប្រាប់​ដូច្នេះ​ គ្រួសារ​យើង​បាន​យក​បងស្រី​ខ្ញុំ​ទាំង​ក្តី​សោកសង្រេង​ទៅ​កាន់​វត្ត​លង្កា។ គ្រួសារ​យើង​ទាំង​អស់​គ្នា​មិន​បាន​បូជា​បងស្រី​ខ្ញុំទេ ប៉ុន្តែ​យើង​សុំ​ឱ្យ​ព្រះសង្ឃ​ជាច្រើន​អង្គ​សូត្រធម៌​ជូន​គាត់។ យើង​បែរបន់​ហើយ​បែរបន់​ទៀត។ ព្រះសង្ឃ​បាន​សូត្រ​ធម៌​ និង​ដុតធូប។ យើង​ទាំង​អស់​គ្នា​បែរបន់​នៅ​ក្បែរ​សាកសព​បងស្រី​ខ្ញុំ​អស់​រយៈពេល​ជាច្រើន​ម៉ោង។ រំពេច​មួយ​នោះ ព្រះសង្ឃ​នាម ផាន់ ចាន់តារា ជា​គ្រូ​សូត្រ​ស្តាំ បាន​សង្កេត​ឃើញ​ទឹកភ្នែក​ស្រក់​នៅ​លើ​ថ្ពាល់​ខាង​ស្តាំ​របស់​បងស្រី​ខ្ញុំ។ បងស្រី​ខ្ញុំ​ចាប់ផ្តើម​កម្រើក​ដៃ​ទាំង​ពីរ​របស់​គាត់​ ហើយ​ចាប់ផ្តើម​បើក​ភ្នែក។ ពេល​នោះ​ ខ្ញុំ​ចាប់ផ្តើម​បង្ហាញ​គំនូរ​អំពី​ជីវិត​របស់​គាត់ ដែល​គាត់​បាន​គូរ​សម្រាប់​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិកាំង​គ​ថ្លង់​ម្នាក់​ឈ្មោះ អេរីន ម៉ូរីយ៉ាទី ហារ៉េលសាន់ (Erin Moriarty Harrelson)។ បើ​សិន​ជា​ក្នុង​លោក​នេះ​មាន​អព្ភូតហេតុ​កើត​ឡើង​ពិត​មែន​នោះ ថ្ងៃ​នោះ​គឺ​ជា​អព្ភូតហេតុ​ជាក់ស្តែង​តែម្តង។ ព្រះអង្គ សម្តេច​ព្រះមហា​អរិយវ័ង្ស សៅរ៍ ចន្ទថុល្ល គង់​នៅ​ទីនោះ​ដែរ។

បងស្រី​ខ្ញុំ​បន្ត​មាន​ជីវិត​បាន​មួយ​សប្តាហ៍​ទៀត។ ក្រោយ​ពី​គាត់​ដឹងខ្លួន​វិញ​ គាត់​បាន​ប្រាប់​យើង​ពី​មនុស្ស​ដែល​គាត់​បាន​ជួប​នៅ​ក្នុង​ក្តី​ស្រមៃ ដែល​គាត់​បាន​ស្គាល់​ពី​អតីតកាល​ ហើយ​អ្នក​ទាំង​នោះ​បាន​ស្លាប់​កាល​ពី​របប​ខ្មែរក្រហម។ គាត់​បាន​ជួប​ឪពុក​របស់​ខ្ញុំ បងស្រី​ខ្ញុំ​ និង​អ្នក​ជិតខាង​ខ្ញុំ​ដែល​អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​កាល​ពី​របប​ខ្មែរក្រហម​អស់​ទៅ​ហើយ។

បងស្រី​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​បាន​មួយ​សប្តាហ៍​ទៀត​ តែ​អកុសល​បេះដូង​របស់​គាត់​ចាប់​ផ្តើម​គាំង​ ហើយ​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី១៩ ខែមករា។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជ្រើស​រើស​រូបថត​មួយ​ចំនួន​ក្នុង​ចំណោម​រូបថត​រាប់​ពាន់​នៃ​អតីត​អ្នក​ទោសគុក​ទួលស្លែង នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជ្រើស​រើស​រូបថត​មួយ​ចំនួន​ក្នុង​ចំណោម​រូបថត​រាប់​ពាន់​នៃ​អតីត​អ្នក​ទោសគុក​ទួលស្លែង នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២។

បើ​អាច​ធ្វើ​បាន ខ្ញុំ​ប្រាថ្នា​ធ្វើ​អ្វីៗ​ច្រើន​ជាង​នេះ​ដើម្បី​ជួយ​បងស្រី​ខ្ញុំ​ឱ្យ​ធូរស្រាល គឺ​មិន​ខុស​ពី​ការ​ប្រាថ្នា​របស់​ខ្ញុំ​ធ្វើ​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​គួរ​តែ​ធ្វើ​ដើម្បី​បុព្វហេតុ​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម។ រហូត​មក​ដល់​ថ្ងៃ​នេះ​ កម្ពុជា​នៅ​បន្ត​ប្រឹងប្រែង​តស៊ូ​ជាមួយ​នឹង​របប​នេះ​នៅ​ឡើយ។ ខណៈ​ពេល​ដែល​យើង​កំពុង​លើក​កម្ពស់​ និង​ចាត់ទុក​បញ្ហា​នយោបាយ ការ​អប់រំ និង​សាសនា ជា​វិស័យ​ចម្បង​ដែល​ត្រូវ​ដោះស្រាយ​ ក្រោយ​ពី​វិស័យ​ទាំង​នេះ​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​របប​ខ្មែរក្រហម​ យើង​ក៏​គួរ​យក​ចិត្ត​ទុកដាក់​ដល់​ប្រព័ន្ធ​សុខាភិបាល​ដែរ ដែល​ទទួល​ស្លាកស្នាម​កេរដំណែល​ពី​របប​ខ្មែរក្រហម​ដូច​គ្នា។

ខណៈ​ពេល​ដែល​សង្គម​ទាំង​ឡាយកំពុង​ខិតខំ​លើក​កម្ពស់​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន​ នោះ​ ខ្ញុំ​មិន​ចាត់ទុក​ថា​កាលៈទេសៈ​និង​រឿងរ៉ាវ​របស់​បងស្រី​ខ្ញុំ​ជា​រឿង​ខុសគេ និង​ពិសេស​នោះ​ទេ។ បើ​សិន​ជា​យើង​មិន​បាន​នៅ​ក្បែរនិង​គាំទ្រ​គាត់​ ដែល​អង្វរ​ចង់​បាន​ការ​ថែទាំ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​របស់​គាត់​ ព្រម​ទាំង​ពិចារណា​អំពី​ជម្រើស​ផ្សេង​ក្នុង​ការ​ផ្តល់​ការ​ព្យាបាល​បន្ថែម​ចំពោះ​សភាព​ពិត​ប្រាកដ​នៃ​ជំងឺ​របស់​គាត់​ ខ្ញុំ​មិន​ប្រាកដថា​គាត់​បាន​គាត់​អាច​មាន​ជីវិត​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មករា​ទេ។ លើស​ពី​នេះ​ទៀត តើ​ប្រជាជន​ក្រីក្រ​ប៉ុន្មាន​ពាន់​នាក់​ដែល​ត្រូវ​បាន​វេជ្ជបណ្ឌិត​ប្រកាស​ថា​ស្លាប់​ ហើយ​យក​ទៅ​បូជា​ដែល​អាច​នៅ​មាន​ជីវិត​នៅ​ឡើយ? ការ​មិន​យក​ចិត្ត​ទុក​ដាក់​ ឬ​ការ​ព្រងើយ​កន្តើយ​ដោយ​គំរោះគំរើយ​ចំពោះ​ជន​ក្រីក្រ ឬ​ការ​ប្រកាន់​បក្ខពួក​ ដោយ​ផ្តល់​ការ​ព្យាបាល​តាម​រយៈ​ការ​ទាមទារ​ឱ្យ​បង់ប្រាក់​ បាន​បង្ក​ឱ្យ​មាន​ភាព​ឈឺ​ចាប់​និង​វេទនារម្មណ៍​ជ្រាលជ្រៅ​ ជាង​ភាព​រំខាន​ ភាព​អសមត្ថភាព​ ឬ​ភាព​ខ្ជិល​ច្រអូស​ទៅ​ទៀត។ ស្នាម​ដាន​នៃ​របប​ឃោរឃៅ​ខ្មែរក្រហម​តែងតែ​ដក់​ជាប់​នៅ​ក្នុង​ការ​យល់​ដឹង​ សម្មានចិត្ត និង​ក្តី​បារម្ភ​របស់​យើង​ ដែល​យើង​មាន​ចំពោះ​មនុស្សជាតិ​របស់​យើង​ ទាំង​ពេល​ទំនាក់ទំនង​ជាមួយ​គ្នា​ធម្មតា​ និង​សេវាកម្ម​ផ្សេងៗ ដែល​យើង​បាន​ផ្តល់​ចំពោះ​មនុស្សជាតិ។ ចំពោះ​បញ្ហា​នេះ​ កម្ពុជា​នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ។

ដោយ​ហេតុ​នេះ ការ​ទទួល​ស្គាល់​ជនរងគ្រោះ​មិន​មែន​ចាប់​ផ្តើម​ និង​បញ្ចប់​ទៅ​វិញ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ តែ​យើង​ត្រូវ​កំណត់​យក​ទិវា​នេះ​ជា​កាយវិការ​និមិត្តរូប​មួយ​ដែល​បង្ហាញ​ថា​ ការ​ទទួល​ខុសត្រូវ​របស់​យើង​នឹង​មិន​ត្រូវ​បាន​បំភ្លេច​ចោល​ទេ ហើយ​ជាមួយ​គ្នា​នោះ​ដែរ​ យើង​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត៕

-----

លោក ឆាំង យុ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​របស់​លោក​បាន​ស្រាវជ្រាវ​និង​ចងក្រង​រឿងរ៉ាវ​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នានា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម។

XS
SM
MD
LG