ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​អាមេរិក​បន្ទាប់​ នឹង​ប្រឈម​នឹង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​​


រូបភាព​ឯកសារ៖ នាយកប្រតិបត្តិ​ Rex W. Tillerson ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅទីក្រុង​ Dallas រដ្ឋតិចសាស។

លោក Rex Tillersonនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​ ExxonMobil​ ដែល​លោក​ ដូណាល់​ ត្រាំ តែងតាំង​សម្រាប់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​បទពិសោធន៍​ក្នុង​​ការ​ចរចា​កិច្ច​ព្រមព្រៀង​ប្រេង​សកលលោក​​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។ លោក​ត្រូវ​បាន​ប្រធានាធិបតី​ជាប់​ឆ្នោត​មើល​ឃើញ​ថា​ ជា​ធនធាន​ដ៏​សំខាន់​។ នៅ​អាស៊ី​ អ្នក​វិភាគ​និយាយ​ថា ការ​ចូលរួម​ដ៏​ខ្លាំងក្លា​របស់​ក្រុមហ៊ុន​ប្រេង​ ExxonMobil ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​លោក​ ក្នុង​នាម​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​អាមេរិក។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ មហា​ក្រុមហ៊ុន​ថាមពល​របស់​អាមេរិក​មួយ​នេះ បាន​ជីក​អណ្ដូង​ប្រេង​នៅ​ក្នុង​សមុទ្រ​វៀតណាម​ ក្បែរ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​អណ្ដូង​ប្រេង​បម្រុង​នៅ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន​នេះ​ស្ថិត​នៅ​ក្នុង​តំបន់ជម្លោះ​ដែល​ទាម​ទារ​ជាន់​គ្នា​ដោយ​ប្រទេស​វៀតណាម​និង​ចិន។​

កាល​ពី​ដើម​ខែ​ធ្នូ​ នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ ExxonMobil បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​ឧបនាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក ​Trinh Dinh Dung។ អ្នក​ទាំង​ពីរ​បាន​លើកឡើង​ពី​សារសំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ នៅ​ក្នុង​គម្រោង​រុករក​ប្រេង​នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្រុមហ៊ុន​ ExxonMobil ក៏​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​បន្ត​ការ​អភិវឌ្ឍ​អណ្ដូង​ឧស្ម័ន Ca Voi Xanh។​

ប្រទេស​ចិន​បាន​ព្រមាន​ក្រុមហ៊ុន​ថាមពល​បរទេស​នានា អំពី​ការរុករក​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។

លោក Alex Ward នាយក​រង​នៃ​មជ្ឈមណ្ឌល Brent Scowcroft ទទួល​បន្ទុក​ខាង​សន្តិសុខ​អន្តរជាតិ​របស់​ក្រុម​ប្រឹក្សា​មហាសមុទ្រ​អាត្លង់ទិច​បាន​ថ្លែង​ប្រាប់ VOAថា​៖ «លោក Tillerson នឹង​ត្រូវ​ធានា​ដល់​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ដូច​ជា​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ធ្វើការ​ដើម្បី​បញ្ឈប់​ជម្លោះ​ធំៗ ជាពិសេស​ជាមួយ​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង។

ការប្រកួត​ប្រជែង​ដើម្បី​គ្រប់គ្រង​លើ​ធនធាន​ថាមពល​ដ៏​មាន​សក្ដានុពល និង​ផ្លូវ​ទឹក​ដ៏​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ថាមពល​ឆ្លងកាត់​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កត្តា​សំខាន់​ដែល​បង្កើន​ជម្លោះ​ដែន​សមុទ្រ។

បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ប្រទេស​ដែល​ទាមទារ​អធិបតេយ្យភាព​ដែន​ទឹក​លើ​ប្រជុំ​កោះ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដោយ ក៏​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា វា​មាន​សារសំខាន់​ដល់​ផលប្រយោជន៍​ជាតិ​របស់​អាមេរិក នៅ​ពេល​ដែល​ប្រទេស​ទាមទារ​យក​ដែនទឹក​ទាំង​នោះ ទាមទារ​ដោយ​សន្តិវិធី។​

លោក Peter Dutton នាយក​វិទ្យាស្ថាន​សិក្សា​អំពី​សមុទ្រ​ចិន នៃ​មហាវិទ្យាល័យ​សង្គ្រាម​ជើង​ទឹក​អាមេរិក​និយាយ​ថា​៖ «ការ​វិនិយោគ​លើ​ពាណិជ្ជកម្ម​របស់​អាមេរិក​ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ផ្សេងទៀត​នៅអាស៊ីអាគ្នេយ៍​ ពឹង​ផ្អែក​លើ​វត្តមាន​សន្តិសុខ​របស់​អាមេរិក​នៅ​ទីនោះ​»។​ លោក​ Dutton បាន​តស៊ូ​មតិ​ដើម្បី​សេរីភាព​នៃ​ប្រតិបត្តិ​ការ​នាវា​ជើងទឹក​របស់​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោកDutton ប្រាប់ VOAថា៖ «ការរក្សា​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ឥទ្ធិពល​នយោបាយ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ នឹង​ក្លាយ​ជា​ភារកិច្ច​ដ៏​លំបាក​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការគាំទ្រ​ពី​ប្រទេស​សម្ព័ន្ធ​មិត្ត​យូរ​អង្វែង​នានា»។

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ExxonMobil​ប្រចាំ​ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា​ ប្រហែល​២០​%​នៃ​សមត្ថភាព​ចម្រាញ់​ប្រេង​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន ExxonMobil គឺ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួម​បញ្ចូល​ទាំង​រោងចក្រ​នៅ​ប្រទេស​អូស្ត្រាលី​ ចិន​ សិង្ហបុរី​ និង​ថៃ​ផង​ដែរ។​

ប៉ុន្តែ​ការតែងតាំង​លោក Tillerson និង​ភាព​ជាប់​ទាក់​ទង​របស់​ក្រុមហ៊ុន​លោក​ក្នុង​ទ្វីប​អាស៊ី បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ផ្សេង​គ្នា​ ពី​ក្រុម​អ្នក​វិភាគ និង​សកម្មជន​បរិស្ថាន​។ ​

លោក Harry Kazianis នៃ​មជ្ឈមណ្ឌល​សម្រាប់​ផល​ប្រយោជន៍​ជាតិ​ និយាយ​ថា​៖ «លោក​ត្រាំ​ បាន​ជ្រើសរើស​បុគ្គល​ដែល​ធ្វើ​ការ​តឹងរ៉ឹង​លើ​គោល​នយោបាយ​អាស៊ី​ នៅ​ពេល​សំដៅ​ដល់​ប្រទេស​ចិន។ លោក​ Tillerson ដែល​មាន​ក្រុមហ៊ុន​អណ្ដូង​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​វៀតណាម​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ការ​ខឹង​សម្បា​ គឺ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការ​ផ្លាស់ប្ដូរនេះ»។​
អង្គការ​តស៊ូ​មតិ​ដើម្បី​អភិរក្ស​មហាសមុទ្រ​ ឈ្មោះ​ថា Oceana បាន​បង្ហាញ​ក្តីបារម្ភ​អំពី​ការតែងតាំង​លោក​ Tillerson។ ​

លោក Jacqueline Savitz ជា​អនុប្រធាន​អង្គការ​ Oceana សម្រាប់​សហរដ្ឋ​អាមេរិក​និយាយ​ថា​៖ «វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ការដឹកនាំ​របស់​លោក​ Tillerson អាច​ផ្លាស់​ប្ដូរ​ទិស​ដៅ​នៃ​កិច្ចប្រឹងប្រែង​កាត់​បន្ថយ​ផល​ប៉ះពាល់​ការប្រែប្រួល​អាកាសធាតុ​»។

អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា​ គេ​អាច​នឹង​ពិនិត្យ​មើល​គោល​នយោបាយ​ជាពិសេស​បន្ទាប់​ពី​លោក​ត្រាំ​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍​ Fox News​ ថា សហរដ្ឋ​អាមេរិក​មិន​ចាំ​បាច់ត្រូវ​ចង​ដោយ​ «គោល​នយោបាយ​ចិន​តែ​មួយ​» នោះ ទេ ហើយ​លោក​បាន​បំពាន​អនុសញ្ញាការទូត​ដែល​ត្រូវ​បាន​អនុវត្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំមក​ហើយ តាមរយៈ​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ លោកស្រី​ Tsai Ingwen កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ។​

លោក​ Richard Bush​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Brookings​ បាន​ប្រាប់​ VOA ថា​៖ «រាល់​រដ្ឋបាល​ថ្មី​ គឺ​តែង​តែ​មាន​ការពិនិត្យ​មើល​ឡើង​វិញ​នូវ​គោល​នយោបាយ​លើ​គ្រប់​បញ្ហា​ទាំងអស់។»​

សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​របស់​ចិន​កាល​ពី​ឆ្នាំ​១៩៧៩​ ដែល​ក្នុង​នោះ​ទទួល​ស្គាល់​ អំពី​តួនាទី​ប្រទេស​ចិន​ ថា​ មាន​ប្រទេស​ចិន​តែ​មួយ​ ហើយ​កោះ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។

ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ ២០០២ លោក​ Bush គឺ​ជា​ប្រធាន​និង​នាយក​គ្រប់​គ្រង​ នៃ​វិទ្យាស្ថាន​អាមេរិក​នៅ​កោះ​តៃវ៉ាន់​ដែល​ហៅ​កាត់​ថា AIT។ វិទ្យាស្ថានAIT គឺ​ជា​យន្តការ​ដែល​សហរដ្ឋ​អាមេរិក​បង្កើត​ឡើង​ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​ ខណៈ​ពេល​ដែល​គ្មាន​ទំនាក់​ទំនង​ការទូត។ ​

លោក Bush បាន​ថ្លែង​ប្រាប់ VOA ថា៖ «ខ្ញុំ​មិន​រំពឹង​ថា​ នឹង​មាន​ការពិនិត្យ​មើល​ឡើង​វិញ​លើ​គោល​នយោបាយ​ចំពោះ​កោះតៃវ៉ាន់​ ដូច​ក្នុង​អំឡុង​ឆ្នាំ​ ១៩៩៣-១៩៩៤ នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ជាច្រើន​ដង​នៅ​ក្នុង​ឆ្នាំ​នេះ​ ដូច្នេះ​ការ​គិត​របស់​ខ្ញុំ​អាច​ខុស»។

នៅ​ក្នុង​ឆ្នាំ​១៩៩៤​ រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ លោក Bill Clinton បាន​ធ្វើ​ការ​ពិនិត្យ​មើល​ឡើង​វិញនិង​កែ​សម្រួល​គោល​នយោបាយ​របស់​ខ្លួន​ទៅលើ​កោះ​តៃវ៉ាន់​ ស្រប​ពេល​ដែល​ខ្លួន​នៅ​តែ​បន្ត​អនុវត្ត​គោល​នយោបាយ​ចិន​តែ​មួយ។

ការកែសម្រួល​គោលនយោបាយ​មួយ​ចំនួន​ គឺ​រួម​មាន​ទាំង​ការ​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ពី​ស្ថាប័ន​សេដ្ឋកិច្ច​និង​បច្ចេកទេស​អាមេរិក​ទៅ​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ផង​ដែរ។​ ការិយាល័យ​របស់​តៃវ៉ាន់​ ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ ក៏​មាន​ឈ្មោះ​ថ្មី​ ហៅ​ថា​ ការិយាល័យ​តំណាង​សេដ្ឋកិច្ច​និង​វប្បធម៌​តៃប៉ិ​ដែល​ហៅ​កាត់​ថា (TECRO)។ បន្ថែម​ពីលើ​នេះ​ទៀត​ អាមេរិក​គាំទ្រ​សមាជិកភាព​របស់​តៃវ៉ាន់​នៅ​ក្នុង​អង្គការ​ណា​ដែល​មិន​តម្រូវ​ឲ្យ​ទាល់​តែ​ជា​ប្រទេស​ឯករាជ្យ​មួយ​ទើប​អាច​ចូលរួម​បាន​ទៀត​ផង៕

ប្រែ​សម្រួល​ដោយ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG