ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ទំនាក់​ទំនង​កម្ពុជា-ចិន​កាន់តែ​ជិតស្និទ ​ការ​បារម្ភ​មាន​កាន់តែ​ច្រើន​ឡើង


មន្ត្រី​យោធាចិន​​ប្រគល់​សោរ​ឡាន​​និមិត្តរូប​​ជំនួយ​រថយន្ត​​​ជិត​៣០០គ្រឿង​ឲ្យ​​លោក​ម៉ឹង សំផន​ រដ្ឋ​លេខាធិការ​​​ក្រសួង​​ការពារជាតិ​​កម្ពុជា​
មន្ត្រី​យោធាចិន​​ប្រគល់​សោរ​ឡាន​​និមិត្តរូប​​ជំនួយ​រថយន្ត​​​ជិត​៣០០គ្រឿង​ឲ្យ​​លោក​ម៉ឹង សំផន​ រដ្ឋ​លេខាធិការ​​​ក្រសួង​​ការពារជាតិ​​កម្ពុជា​

ប្រទេស​កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន​ខាង​ផ្នែក​ជំនួយ​កាន់តែ​ខ្លាំង​ឡើងៗ។​ ក្រុម​អ្នក​រិះគន់​បាន​ព្រមាន​ថា​ ការ​គាំទ្រ​ខាង​ផ្នែក​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​មក​លើ​ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​តាម​ដាន​ឲ្យ​បាន​ល្អិត​ល្អន់​ល្អ​ ដែល​ប្រទេស​ចិន​ទំនង​ជា​អាច​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​និង​អាច​មាន​ន័យ​ថា​ មាន​វិបត្តិ​ជាច្រើន​ទៀត​ពេល​ដែល​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ។​

ជំនួយ​ហិរញ​វត្ថុ​របស់​ចិន​ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ និង ​វិស័យ​ផ្សេងៗ​ទៀត​មាន​ការ​ប្រសើរ​ឡើង​នោះ​ បាន​ក្លាយ​ជា​កង្វល់​របស់​ក្រុម​សិទ្ធិ​មនុស្ស​និង​គណបក្ស​ប្រឆាំង​ ដោយ​ព្រមាន​ថា​ ជំនួយ​ទាំងនេះ​មាន​ន័យ​ថា​ ប្រទេស​ចិន​អាច​មាន​ឥទ្ធិពល​លើ​គោល​នយោបាយ​របស់​ប្រទេស​កម្ពុជា។​

ទន្ទឹម​នឹង​ពេល​ដែល​ប្រទេស​ចិន​កំពុង​ស្វែង​រក​ធនធាន​ធម្មជាតិ​ ពលកម្ម​ថោក​ ឱកាស​ទីផ្សារ​និង​ការ​វិនិយោគ​ ប្រទេស​ចិន​បាន​ដើរ​តួនាទី​សំខាន់​នៅក្នុង​វិស័យ​កាត់ដេរ​ ដែល​ប្រទេស​ចិន​អាច​មាន​លទ្ធភាព​ប្រើ​កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ថោក ​និង​ ដី​សម្បទាន​ក៏​ដូចជា​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស។​

តំណាង​គណបក្ស​សង្គ្រោះជាតិ ​គឺ​លោក​សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា៖​«យើង​មិន​ដែល​ឃើញ​ថា​ ការ​ចង​សម្ព័ន្ធ​មិត្ត​ផ្តាច់​មុខ​ជាមួយ​ចិន​អាច​នឹង​ជួយ​ទៅ​ដល់​សេដ្ឋ​កិច្ច​របស់​ខ្មែរ​នោះ​ដែរ»។

លោក​សុន ឆ័យ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖​«មាន​តែ​ការ​កេង​ប្រវ័ញ្ច​ ការ​យក​ដីធ្លី​ប្រទេស​កម្ពុជា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ការ​សង់​សំណង់​ដែល​គ្មាន​គុណភាព»។

កម្ពុជា​នៅតែ​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន។ ​នៅ​ក្នុង​ខែ​វិច្ឆិកា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ប្រទេស​ចិន ​ហើយ​ប្រទេស​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​៥០០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា។​

អ្នក​នាំពាក្រ​របស់​រដ្ឋាភិបាល​គឺ​លោក​ផៃ ស៊ីផាន​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​ចិន​បាន​ជួយ​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ ​ជា​អ្វីដែល​ប្រទេស​កម្ពុជា​កំពុង​ស្វែង​រក។​

ប្រទេស​ចិន​បានជួយ​ប្រទេស​កម្ពុជា​ខាង​ផ្នែក​សន្តិសុខ​ផង​ដែរ។​ នៅ​ឆ្នាំ​ ២០១៣ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្តល់​កាំភ្លើងធុនធំចំនួន​១០០០​ដើម​ ជាមួយ​និង​គ្រាប់​ចំនួន​៥០០០០​គ្រាប់។ ​ប្រទេស​ចិន​ក៏​បាន​ផ្តល់​រថយន្ត​ចំនួន​២៦​គ្រឿង ​និង​ឯក​សណ្ឋាន​ចំនួន​៣០០០០​សម្រាប់​ដល់​ប្រទេស​កម្ពុជា។​

ប្រទេស​ចិន​ក៏​បាន​លក់​ឧទ្ធម្ភាគ​ចក្រ​យោធា​មួយ​ចំនួន​ ដែល​មាន​តម្លៃ​ ប្រហែល​២០០​លាន​ដុល្លារ។

ប្រទេស​កម្ពុជា​នឹង​សងបំណុល​នេះទៅ​តាម​ពេល​វេលា​កំណត់​ជា​បន្ត​បន្ទាប់។​

នៅ​ខែ​ឧសភា​ឆ្នាំ​នេះ ​ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​ចំនួន​៣៣​លាន​ដុល្លារ​ និង​ប្រាក់​បរិច្ចាគចំនួន​១២០​លាន​ដុល្លារ។ ​លោក​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា ​ប្រាក់​ទាំង​នេះគឺ​សម្រាប់​ការ​សាងសង់​ពហុកីឡាដ្ឋាន​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ APEC ​កាលពី​ខែវិច្ឆិកា​ ​ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​វិនិយោគ​៤០​ពាន់​លានដុល្លារ​ដើម្បី​បង្កើត​មូលនិធិ​ផ្លូវ​សូត្រ​របស់​ខ្លួន​ដែល​នឹង​ជួយ​ អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​អាស៊ាន ​និង​ពង្រឹង​សហ​ប្រតិបត្តិការ​ ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន។​

លោក ​John Ciorciari​ សាស្រ្តាចារ្យ​គោល​នយោបាយ​សាធារណៈ​នៅឯ​សាកល​វិទ្យាល័យ ​Michigan​ បាន​និយាយ​ថា​ ភាព​ជា​ដៃគូ​រវាង​កម្ពុជា​ចិន​បន្ត​កាន់​តែ​ខិត​ជិត​ ទាំងផ្នែក​សេដ្ឋ​កិច្ច​និង​នយោបាយ​ដែល​មាន​ការ​ចំណាយ​ទាប។

លោក​បាន​មាន​ប្រសាសន៍​តាម​អ៊ីមែល​ថា៖​ «ប្រទេស​ចិន​បាន​ផ្តល់​នូវ​ការ​វិនិយោគ​ និង​ជួយ​ពួក​មេ​ដឹកនាំ​កម្ពុជា​ឲ្យ​ពង្រឹង​សេដ្ឋកិច្ច ឲ្យ​មាន​ការ​កើន​ឡើង​ក្នុង​របៀប​មួយ​ដែល​ជំរុញ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច ​ហើយ​វាជាថ្នូរនឹង​ការ​ដែល​ប្រទេស​ចិន​ស្វែងរកការងាយ​ស្រួល​ក្នុង​ការ​រុករក​ធនធាន​ធម្មជាតិ​ ​ ស្វែងរក​ពលកម្ម​ដែល​មាន​តម្លៃ​ថោក ​និង​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ការទូត»។

ក្នុង​ឆ្នាំ២០១២​ លោក​ហ៊ូ ជីនតាវ​ ដែល​ពេល​នោះ​ជា​ប្រធានាធិបតី​របស់​ ប្រទេស​ចិន ​បាន​ជួប​ជាមួយ​លោក​ហ៊ុន សែននាយករដ្ឋមន្ត្រី​កម្ពុជា​ នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ បន្ទាប់ពី​ការ​សន្យា​នៃ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ ហើយនឹង​មាន​ការ​កើន​កញ្ចប់​ប្រាក់​កម្ចី​ចំនួន​៧០​លាន​ដុល្លារ។​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យកិច្ច​ប្រជុំ​អាស៊ាន​ត្រូវការ​បរាជ័យក្នុងការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមលើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក ​John Ciorciari​ បាន​និយាយ​ថា​ ទំនាក់​ទំនង​ចិន​កម្ពុជា​បាន​នាំ​ឱ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​ដល់​ប្រទេសក​ម្ពុជា​ ប៉ុន្តែ​អាច​មាន​ហានិភ័យ​ចំពោះ​ ឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ និង​ការ​ប្រឈម​ទៅ​នឹង​ការ​មូលមតិ​របស់អាស៊ាន។

បើ​ប្រទេស​ចិន​បាន​ព្យាយាម​ប្រើ​ប្រាស់​អានុភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​កម្រិត​ណា​មួយ ភាព​តាន​តឹង​ខាង​ការទូត​នៅ​ក្នុង​តំបន់​នឹង​កើន​ឡើង ​ហើយ​វា​មិន​ច្បាស់​ថា​ តើ​ប្រទេស​ចិន​ឬ​អាស៊ាន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​បែក​ខ្ញែក​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។​

លោក ​John ​Ciorciari​ បាន​និយាយ​ថា​ ភាគ​ច្រើន​នៃ​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​មិន​បាន​ទៅ​លើ​ប្រទេស​នេះ​ទាំង​មូល​ទេ។​ ផល​ប្រយោជន៍​ភាគ​ច្រើន​បាន​ទៅ​ពួក​វរជន​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖​«ទំនាក់​ទំនង​នេះ​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ វា​ក៏​បាន​ជួយ​ឲ្យ​អ្នក​ដឹកនាំ​របស់​ប្រទេស​កម្ពុជា​ទប់ទល់​នឹង​សម្ពាធ​អន្តរជាតិ​ ដែល​ជំរុញ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ ​និង​ ការ​ដាក់​អាទិភាព​លើ​បញ្ហា​ដូច​ជា ​ការ​ការពារ​បរិស្ថាន ​និង​សិទិ្ធ​មនុស្ស»។

លោក​ John Ciorciari ​បាន​បន្ថែម​ថា៖​«តុល្យភាព​នៃ​ទំនាក់​ទំនង​នេះ​ផ្តល់​ប្រយោជន៍​ទៅ​ឥស្សរជន​កម្ពុជា​ជា​ជាង​មនុស្ស​ធម្មតា»។​

ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន​ មិន​មាន​ភាព​រកាំ​រកូស​ដូច​ទំនាក់ទំនង​កម្ពុជាសហ​រដ្ឋ​អាមេរិក​ទេ។​ សហ​រដ្ឋ​អាមេរិក​ នៅ​ក្នុង​ឆ្នាំ ​២០០៩បាន​លុបចោល​ការ​បញ្ជូន​រថយន្ត​យោធា​ចំនួន២០០​ គ្រឿង​មក​កម្ពុជា​ បន្ទាប់ពី​កម្ពុជា​បាន​នីរទេស​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​វីហ្គ័រ (Uighur)​ ទៅ​ប្រទេសចិន​វិញ។ ​កិច្ចព្រមព្រៀង​ចំនួន​១៤​ដែល​មាន​តម្លៃ មួយ​ពាន់​លាន​ដុល្លារ​បាន​ធ្វើ​ឡើង​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ អម​ដោយ​ការ​បញ្ជូនឯក​សណ្ឋាន ​និង​រថយន្ត​យោធា​ចិនគឺលើស​ជំនួយ​រថយន្តអាមេរិក ​ដែល​លុប​ចោលនោះ។

ឆ្នាំ​បន្ទាប់​មក ​អតីត​រដ្ឋការ​បរទេសសហរដ្ឋ​អាមេរិក​គឺ​លោកស្រី​ហ៊ីលឡារី គ្លីនតុន ​(Hillary Clinton)​ បាន​ព្រមាន​ចំពោះ​ការ​ដែល​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​ច្រើន​ពេក​លើ​ប្រទេស​ចិន​នេះ។​

លោកស្រី​គ្លីនតុន​បាន​មាន​ប្រសាសន៍​ថា៖«​អ្នក​មិនចង់​ពឹង​ផ្អែក​លើ​ប្រទេស​ណា​មួយ​ខ្លាំង​ពេក​ទេ»។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៅ​កាន់​ ក្រុម​និស្សិត​កម្ពុជា​ក្នុង​ពេល​ទស្សន​កិច្ចមួយ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​នោះ។

លោកស្រី​បាន​បន្ថែម​ថា៖​«មាន​បញ្ហា​សំខាន់​ដែល​កម្ពុជា​ត្រូវតែ​លើក​ឡើង​ជាមួយ​ប្រទេស​ចិន»។ ​

លោកស្រី​បាន​និយាយ​ដោយ​ផ្តោត​ទៅ​លើ​ទំនប់​វារី​អគ្គិសនី​របស់​ប្រទេស​ចិន​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែល​ជា​ការ​គំរាម​កំហែង​ជា​សក្តានុពល​លើប្រព័ន្ធ​ធម្មជាតិ​ក្នុង​តំបន់។​

ទំនប់​វារី​អគ្គិសនី​ទាំង​នោះ ​និង​រួម​បញ្ចូល​ទាំង​រោងចក្រ​ថាមពល​ធ្យូង​ថ្ម​ទាំង​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ច្រើន​ជា​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ប្រទេស​ចិន។ ​ទំនប់​វារីអគ្គិសនី ​និង​រោងចក្រ​ថាមពល​ធ្យូងថ្ម​ អាច​ផ្តល់​នូវ​ថាមពល​ដល់​គ្រួសារ​៧០% ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០២៥។​ ប៉ុន្តែ​វាក៏​អាច​ធ្វើ​ឲ្យ​មាន​វិនាសកម្ម ​ទៅ​លើ​ប្រជា​ជននេសាទ ​និង​ ជីវិត​មនុស្ស​ដែល​រស់នៅ​ក្បែរ​ទំនប់​ទាំង​នោះ​ផង​ដែរ។​

លោកផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេសកម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ​ដោយសារ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ​ហើយ​ប្រទេស​កម្ពុជា​នៅតែ​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ្នក​ដែល​បាន​លើក​ឡើង​នេះ​គ្រាន់តែ​អ្នក​មិន​យល់​ ហើយ​គ្រាន់តែ​ជា​ អ្នក​ដែល​វាយ​ប្រហារ​ការ​រស់រាន​មាន​ជីវិត​របស់​កម្ពុជា​ទេ»។​

លោក​ផៃ​ ស៊ីផាន​បាន​បដិសេធ​ថា​ កម្ពុជា​មិន​ធ្វើការ​សម្រាប់​ប្រយោជន៍​របស់​ប្រទេស​ចិន។

មាន​អ្នក​សង្កេត​ការណ៍​នយោបាយ​ជាច្រើន​បាន​ដាស់តឿន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។​

លោក​អ៊ូ​ វីរៈ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវតែ​ជៀស​វាង​ការ​រៀបចំ​ដោយ​ប្រទេស​ចិន​ ដែល​អំណាច​ប្រទេស​នេះ​កំពុង​មាន​ការ​រីក​ធំធាត់​នៅ​ក្នុង​តំបន់​ទូទាំង។​

លោក​អ៊ូ វីរៈ​មាន​ប្រសាសន៍​ថា៖​ «គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​ខិតទៅ​ប្រទេស​ចិន»។​

លោកអ៊ូ វីរៈ​ បន្ថែម​ថា៖​ «គណបក្ស​ប្រឆាំង​អត់​ដឹង​ថា​ ខ្លួន​ឯង​មាន​គោល​នយោបាយអី​ទេ»។​

លោក​អ៊ូ វីរៈ​បាន​និយាយ​ថា​ អាស៊ាន ​ដែល​កំពុង​ធ្វើ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​ឲ្យ​កាន់តែ​ទូលាយ​នៅចុង​ឆ្នាំក្រោយ​នេះ​ ​អាច​នឹង​ត្រូវ​បាន​គំរាម​កំហែង​ដោយ​សារ​ទំនាក់​ទំនង​ទ្វេភាគី​របស់​ប្រទេស​ចិន​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍។​

លោក​អ៊ូ វីរៈ​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ចិន​ចាប់​យក​ប្រទេស​ណាមួយ​ក្នុង​តំបន់​អាស៊ាន​ អញ្ចឹង​តំបន់​អាស៊ាន​ត្រូវ​ជាប់គាំង»។​

លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖ ​«ពីដើម​មក​ ចិន​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ភូមា​ ក្រោយ​មក​នៅ​ពេល​ដែល​ប្រទេស​ភូមា​ដូរ​ទិស​ទៅ​ចាប់​ប្រទេស​លោក​ខាង​លិច​វិញ​នោះ ឥឡូវ​នេះ​មាន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​ជា​កូន​អុក​របស់​ប្រទេស​ចិន»។​

លោក​សុន​ ឆ័យ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បាននិយាយ​ថា​ លោក​ព្រួយ​បារម្ភ​ថា​ បំណុល​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជំពាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ផល​ប្រយោជន៍​ប្រទេសចិន​ នៅ​ពេល​អនាគត ដោយ​មិនមាន​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​សុន ឆ័យ​បាន​មាន​ប្រសាសន៍​ថា៖​ «អ្វី​ដែល​អាក្រក់​គឺ​ការ​ដែល​ប្រទេស​កម្ពុជា​ទៅ​ខ្ចី​លុយ​ចិន​ដោយ​ពុំមាន​តម្លាភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស»។

លើលពីនេះ​ទៅ​ទៀត ​ប្រាក់កម្ចី​នោះ​ជា​ធម្មតា​ ចំណាយ​សម្រាប់​គម្រោង​ ដែល​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​ចិន​ ហើយដែលបន្ទាប់​មក​ប៉ះពាល់​ដល់​បរិស្ថាន។

លោក​មាន​ប្រសាសន៍​ថា ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នាំឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ហើយ​ការ​លក់​អគ្គិសនី​មក​ឲ្យ​ប្រទេស​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ដែល​ផ្ទុយ​ពីការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស។​

អ្នក​សង្កេត​ការណ៍​ផ្សេង​ទៀត​បាន​និយាយ​ថា​ ទំនាក់​ទំនង​នេះ​ទំនង​ជា​មិន​ផ្លាស់ប្តូរ​ទេ។ ​លោក​បណ្ឌិត​ ​Henri​ Lecard​ អ្នក​ប្រវត្តិវិទូ​ បាន​និយាយ​ថា ​ ទំនាក់​ទំនង​ប្រទេសកម្ពុជា​និង​ចិន​ទំនង​ជា​មិន​ផ្លាស់ប្តូរ​ ព្រោះ​ប្រទេស​ទាំងពីរ​ជា​ប្រទេស​ដែល​ដំណើរ​ការ​ដោយ​គណបក្ស​តែ​មួយ។​

ទោះជាយ៉ាងណាក្តី ក៏ចំណុច​ល្អ​ខ្លះ​ដែរ។​

ក្រសួង​ទេស​ចរណ៍​បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ចិនមកប្រទេស​កម្ពុជា​ មាន​ចំនួន​ច្រើន​បំផុតទី​២ ​បន្ទាប់ពី​ភ្ញៀវ​ទេសចរ​មកពីប្រទេស​វៀតណាម។​ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ៤,២​លាន​ នាក់​មក​កាន់​ប្រទេស​កម្ពុជា​ មាន​ជាង៤៦០.០០០​នាក់​ជាជន​ជាតិចិន​ ដែល​មក​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG