ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បញ្ចប់​តំណែង​មេឃុំ​បក្ស​ប្រឆាំង​ប៉ះពាល់​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ 


សាលាឃុំត្រពាំងចាន់មិន​​មាន​សកម្មភាពមមាញឹក ក្រោយ​បញ្ចប់ការងារ​មេឃុំ និងក្រុមប្រឹក្សាគណបក្សប្រឆាំង (ស៊ុន ណារិន/VOA)

ក្រោយ​បញ្ចប់​ការងារ​នេះ ​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​នៅ​សាលាឃុំ​មិន​មាន​ភាព​សកម្ម​ ដូច​មុន​នោះ​ទេ។

សកម្មភាព​នៅ​សាលាឃុំ​ត្រពាំងចាន់ ​ក្នុង​ស្រុក​បរិបូណ៌ ​ខេត្ត​កំពង់​ឆ្នាំង​ មិន​សូវ​មមាញឹក​នោះ​ទេ ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​ក្រោយ​មេឃុំ ​សមាជិក​ក្រុមប្រឹក្សា​២រូប​មក​ពី​គណបក្ស​សម រង្ស៊ី​និង​មន្រ្តី​ជាប់កិច្ចសន្យា​បី​រូប​ត្រូវ​បាន​បញ្ចប់​ការងារ។

ជំទប់​ទី២​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​តែង​តាំង​ជា​មេឃុំ​ស្តីទី ​ចាប់​តាំង​ពី​ថ្ងៃទី២០​ ខែមីនា។

ចំណែក​មន្រ្តី​ជាប់​កិច្ចសន្យា​៣នាក់ ​ក៏​ត្រូវ​បាន​បញ្ឈប់​ការងារ​កាល​ពី​ចុង​ខែមីនា ​បើ​ទោះ​ជា​ពួកគេ​មាន​កិច្ចសន្យា​ការងារ​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​ក៏ដោយ។

លិខិត​បង្គាប់​ការ​ដែល​ចុះ​ថ្ងៃទី​២០ ​ខែមីនា ​ដោយ​រដ្ឋបាល​ស្រុកបរិបូណ៌ ​បាន​ឲ្យ​ដឹង​ថា​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងចាន់​ ចំនួន​៣រូប​មក​ពី​គណបក្ស​សម រង្ស៊ី ​បាន​បាត់​បង់​មុខ​តំណែង​ បន្ទាប់​ពី​ពួកគេ​បាន​បោះបង់​គណបក្ស​ដើម​របស់​ខ្លួន​ ទៅ​ឈរ​ឈ្មោះ​គណបក្ស​ផ្សេង​មួយ​ទៀត។

ក្រោយ​បញ្ចប់​ការងារ​នេះ ​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​នៅ​សាលាឃុំ​មិន​មាន​ភាព​សកម្ម​ ដូច​មុន​នោះ​ទេ។

អតីត​មេឃុំ​ត្រពាំងចាន់ ​អ្នកស្រី ​ស្ងួន សាមាន ​មាន​ប្រសាសន៍​ថា​ លិខិត​បញ្ចប់​ការងារ​នេះ​ធ្វើ​ឡើង​ភ្លាមៗ​ ដោយ​មិន​បាន​ជូន​ដំណឹង​ផ្ទាល់​មក​អ្នកស្រី​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មិន​បាន​ផ្ទេរ​ការងារ​ដែល​នៅ​សេសសល់​ដល់​មេឃុំ​ថ្មី។ អ្នកស្រី​ចាត់​ទុក​ចំណាត់ការ​នេះ​ថា​ ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដោយសារ​អ្នកស្រី​មាន​ឯកសារ​ជា​ច្រើន​ដែល​ត្រូវ​ចុះ​ហត្ថលេខា។

អ្នកស្រី​បាន​ថ្លែង​ប្រាប់VOA​ថា៖ «សំខាន់​បំផុត​ការផ្តល់​សេវា​គឺ​ អត្រានុកូលដ្ឋាន។ សំបុត្រ​អត្រានុ​កូលដ្ឋាន​ហ្នឹង​វា​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ណាស់​ ហើយ​ខ្ញុំ​អត់​ចុះ​ហត្ថលេខា​ នៅ​ច្រើន​ណាស់។ ហើយ​ចុះ​អត់​មាន​ផ្ទេរ​ អត់​មាន​ប្រគល់? ​ហើយ​ចុះ​អាហត្ថលេខា​របស់​ខ្ញុំ តើ​អ្នកណា​អ្នក​ចុះ»?

អតីត​មេឃុំ​ត្រពាំងចាន់ អ្នកស្រី ស្ងួន សាមាន ដែល​ត្រូវបាន​បញ្ចប់​ការងារ​កាលពីថ្ងៃទី២០ ខែមីនា បានថ្លែង​ប្រាប់​VOA​កាលពី​ខែមេសា នៅពេល​ចុះ​សម្ភាសន៍​ដល់​គេហដ្ឋានរបស់អ្នកស្រី ក្នុងភូមិ​ត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)
អតីត​មេឃុំ​ត្រពាំងចាន់ អ្នកស្រី ស្ងួន សាមាន ដែល​ត្រូវបាន​បញ្ចប់​ការងារ​កាលពីថ្ងៃទី២០ ខែមីនា បានថ្លែង​ប្រាប់​VOA​កាលពី​ខែមេសា នៅពេល​ចុះ​សម្ភាសន៍​ដល់​គេហដ្ឋានរបស់អ្នកស្រី ក្នុងភូមិ​ត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)

អ្នកស្រី​បន្ថែម​ថា ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែមីនា​ ចំនួន​៧៥ម៉ឺន ​ក៏​មិន​ត្រូវ​បាន​បើក​ឲ្យ​អ្នកស្រី​ផង​ដែរ។ អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «សួរ​គេ​ហើយ​ គេ​ថា​អត់​បើក​ឲ្យ យើង​សួរ​ទៅ​ គេថា​ប្រាក់​ហ្នឹង​មាន​ហើយ​ក្នុង​កុង(ធនាគារ)​ហើយ ប៉ុន្តែ​គេ​អត់​បើក​ឲ្យ​ទេ»។

ជំទប់​ទី​១នៃ​ឃុំត្រពាំងចាន់​មក​ពី​គណបក្ស ​សម រង្ស៊ី ​លោក អ៊ុំ សោម ​មាន​ប្រសាសន៍​ថា​ សមាជិក​ក្រុមប្រឹក្សា​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ គួរ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ខែមីនា ​ដោយសារ​ពួកគេ​បាន​បំពេញ​ការងារ​អំឡុង​ពេល​នោះ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​សោកស្តាយ​ អ្វី​ដែល​យើង​ធ្វើ​បាន​ក្នុង​ខែ​មីនា ពាក់​កណ្តាល​ខែ ​ទម្រាំ​តែ​សារាចរណ៍​វា​ចេញ។ ហើយ​ដល់​អញ្ចឹង​គាត់​ផ្អាក​ប្រាក់​ខែខ្ញុំ»។

តាម​ការ​សាកសួរ ​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ ពួកគេ​មិន​បាន​ដឹង​ពី​ការ​ផ្លាស់ប្តូរ​មេឃុំ​នោះ​ទេ។ អ្នកខ្លះ​បាន​ទទួល​ព័ត៌មាន​នេះ​ តែ​ពួកគេ​ថា ​មិន​ដឹង​មូលហេតុ​អ្វី​ឲ្យ​ច្បាស់​នោះទេ។

កាល​ពី​ថ្ងៃសៅរ៍ ​សប្តាហ៍​មុន​ ប្រជាពលរដ្ឋ​ម្នាក់​ គឺ​អ្នកស្រី នុល សៀប ​បាន​មក​សួរ​ព័ត៌មាន​ពីមេឃុំ ដើម្បី​រៀប​ចំ​ឯកសារ​ ឲ្យ​កូន​ទៅ​ធ្វើ​ការ​រោងចក្រ។ អ្នកស្រី​មាន​ប្រសាសន៍​ថា ​អ្នកស្រី​មិន​បាន​ដឹង​ថា​មេឃុំ​ត្រូវ​បាន​បញ្ឈប់​ការងារ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «អត់​ដឹង​ទេ ឆ្ងល់​ថា​ម៉េច​គេ​បញ្ឈប់​គាត់»។

បើ​តាម​លិខិត​ចុះថ្ងៃ​ទី​៦ ខែ​មេសា ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ទៅ​គណបក្ស​សម រង្ស៊ី ​ថា ​ការ​សម្រេច​បញ្ចប់​ការងារ​របស់​មេឃុំ​នេះ ​គឺ​អនុវត្ត​តាម​មាត្រា​១៥​ និង​មាត្រា១៦​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ដែល​ចែង​ថា ​ប្រសិនបើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ណា​ម្នាក់​ទៅ​ឈរ​ឈ្មោះ​នៅ​គណបក្ស​ផ្សេង​ទៀត​ សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នោះ ​នឹង​ត្រូវ​បាត់បង់​សមាជិក​ភាព​ពី​គណបក្ស​នយោបាយ​ដើម​របស់​ខ្លួន ​និង​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​បច្ចុប្បន្ន​ផង​ដែរ។

ស្រប​ពេល​ដែល​មាន​ការ​បញ្ចប់​ការងារ​មេឃុំ​ និង​សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ មន្រ្តី​ជាប់កិច្ចសន្យា​ឃុំ​ចំនួន​៣រូប​ ដែល​បាន​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ ក៏​ត្រូវ​បាន​បញ្ចប់​ការងារ​ផង​ដែរ​ បើ​ទោះ​ជា​កិច្ចសន្យា​ការងារ​របស់​ពួកគេ​ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ​ឆ្នាំ​២០១៧។

មន្រ្តី​ជាប់កិច្ចសន្យា​ផ្នែក​ត្រួតពិនិត្យ​ និង​វាយ​តម្លៃ ​លោក វ៉ាន់ ផារ៉ុន ​ដែល​បាន​បម្រើ​ការ​ជាង​២ឆ្នាំ​មក​ហើយ ​ចាត់​ទុក​ការ​បញ្ចប់​ការងារ​នេះ​ថា​ ផ្ទុយ​ពី​កិច្ចសន្យា​ការងារ ​ហើយ​ការ​បញ្ចប់​នេះ​ជា​រឿង​នយោបាយ ​ដោយសារ​លោកបាន​ឈរ​ឈ្មោះ​ឲ្យគណបក្ស​សង្រ្គោះ​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖ «មូលហេតុ​ដែល​គេ​បញ្ឈប់​ខ្ញុំ ​គេ​គិត​ថា​ខ្ញុំ​ចូល​ទៅ​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ។ ហើយ​ខ្ញុំ​គិត​ថា​គេ​បញ្ឈប់​ខ្ញុំ​នេះ គឺមិន​អាច​ស្រប​ទៅនឹង​ច្បាប់​បាន​ទេ ព្រោះ​កាលណា​ខ្ញុំ​បម្រើ​ការ ​បើ​សិន​ជា​ខ្ញុំ​អសកម្ម​ក្នុង​ការ​បម្រើ​ការងារ​ នោះ​គេ​កោះ​ប្រជុំ ​ដើម្បី​បញ្ឈប់​ការងារ​ខ្ញុំ តែ​នេះ​គេ​បញ្ឈប់​ខ្ញុំ​ ដោយ​គ្មាន​មូលហេតុ»។

ជំនួយការ​ឃុំ​ដែល​ជាមន្រ្តី​ជាប់​កិច្ចសន្យា​ម្នាក់​ទៀត លោក ឡុង រ៉ើន ​មាន​ប្រសាសន៍​ថា​ ការ​បញ្ឈប់​នេះ​នឹង​ប៉ះពាល់​ដល់​ការងារ​មួយ​ចំនួន​នៅ​សាលាឃុំ ​ជាពិសេស​ការងារ​រដ្ឋបាល​ និង​ការ​បំពេញ​ឯកសារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា​ប្រចាំ​ថ្ងៃ។​ លោក​ចាត់​ទុក​ការ​បញ្ចប់​ការងារ​នេះ មិន​ស្រប​តាម​ច្បាប់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ចេញ​លិខិត​ហ្នឹង​គឺ​មិនត្រឹមត្រូវ​ទេ ​គឺ​ចេញ​ត្រឹម​មេឃុំ​ស្តីទីហ្នឹង​ហ្មង ស្រប​តាម​ច្បាប់​របស់​ក្រសួង​មហាផ្ទៃអីណា?»

បើ​តាម​លិខិត​បញ្ចប់​ការងារ​របស់មន្រ្តី​ជាប់កិច្ចសន្យា​ មេឃុំស្តីទី ​លោក សាំង ខាត់ ​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា​មន្រ្តី​ទាំង៣​រូប​នោះ មិន​បាន​បំពេញ​ការងារ​តាម​កិច្ចសន្យា​នាពេល​កន្លងមក។​

លោក សាំង ខាត់ ​បាន​ថ្លែង​ប្រាប់​VOA​ថា​ ការ​បញ្ចប់​ការងារ​របស់​មន្រ្តី​ជាប់​កិច្ច​សន្យា​ ដោយសារ​ពួកគេ​មិន​សកម្ម​នឹង​ការងារ​ ហើយ​មិន​បាន​មក​បំពេញ​ការងារ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​មេឃុំ​ គឺ​មិន​មែន​ដោយសារ​ពួកគេ​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឃុំ-សង្កាត់​ឲ្យគណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «តាមពិត​អាស្រ័យ​នឹង​គាត់មក​ធ្វើការ​ បើ​គាត់​អត់​មក​ធ្វើការ​ ខ្ញុំ​ត្រូវការ​រើស​មន្រ្តី​ថ្មី។ បើ​គាត់​អត់​បំពេញ​ការងារ​ យើង​ទុក​គាត់​ធ្វើ​អី។ គ្រាន់​តែ​ឮ​មេ​គាត់​ឈប់ ​គាត់​បោះបង់​ការងារ​ចោល​អស់។ អត់​មាន​អើត​សាលាឃុំ។ អាហ្នឹង​ជា​រឿង​មួយ​ អ្នក​ឯង​បញ្ឈប់​ដោយ​ខ្លួន​ឯង»។

លោក សាំង ខាត់ ដែលជា​ជំទប់​ទី២មកពីគណបក្ស​ប្រជាជនកម្ពុជា ត្រូវបានជ្រើស​រើស​ឲ្យ​ធ្វើជា​មេឃុំស្តីទី ក្រោយ​បញ្ចប់​ការងារ​មេឃុំមកពីគណបក្សសម រង្ស៊ី។ (ស៊ុន ណារិន/VOA)
លោក សាំង ខាត់ ដែលជា​ជំទប់​ទី២មកពីគណបក្ស​ប្រជាជនកម្ពុជា ត្រូវបានជ្រើស​រើស​ឲ្យ​ធ្វើជា​មេឃុំស្តីទី ក្រោយ​បញ្ចប់​ការងារ​មេឃុំមកពីគណបក្សសម រង្ស៊ី។ (ស៊ុន ណារិន/VOA)

ទោះជា​យ៉ាង​ណា ​មន្រ្តី​ជាប់កិច្ចសន្យា​ម្នាក់​ទៀត​ អ្នកនាង ជ្រៃ ចាន់ធា ​ដែល​ទទួល​បន្ទុក​ផ្នែកស្រ្តី ​និង​កុមារ ​បាន​បដិសេធ​នឹង​ការ​លើក​ឡើង​របស់​មេឃុំ​ស្តីទី​រូប​នោះ​ ដែល​ថា​ខ្លួន​មិន​បាន​មក​បំពេញ​ការងារ។

អ្នកនាង​និយាយ​ថា៖ «អញ្ចឹង​វា​មិនមែន​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ទេ ព្រោះ​អី​ខ្ញុំ​កើត​ឡើង​ដោយ​មតិ​ប្រជាពលរដ្ឋ​ ហើយ​ក៏​គណបក្ស​ពីរ​ចូលរួម​ដែរ​ មិនមែន​គណបក្ស​មួយ ​គាត់​សម្រេច​វិនិច្ឆ័យ​តែ​ម្នាក់​។ ចំណាត់ការ​គាត់​គឺ​អត្តនោម័តិ​តែ​ខ្លួន​គាត់។ និយាយ​រួម​ គាត់​ចង់​ធ្វើ​អី​ក៏​បាន»។

មេឃុំស្តីទី ​សាំង ខាត់ ​បាន​ថ្លែង​ប្រាប់​VOA​ថា​ ការ​បញ្ចប់​ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ​គណបក្ស​សម រង្ស៊ី ​និងការ​តែង​តាំង​រូប​លោក​ជា​មេឃុំស្តីទី ​ជា​សេចក្តី​សម្រេច​របស់​ក្រសួងមហាផ្ទៃ។ លោក​បន្ថែម​ថា​ការ​បញ្ចប់​ការងារ​របស់​មន្រ្តី​ក្រុមប្រឹក្សា​ទាំ​ងនោះ ​មិន​ប៉ះពាល់​ការងារ​ធំ​ដុំ​នោះ​ទេ ហើយ​នេះ​គ្រាន់​តែ​ក្នុង​រយៈ​ពេល​មួយ​តែប៉ុណ្ណោះ ​គឺ​រង់ចាំ​រហូត​ដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​ ថ្ងៃទី៤ ​ខែមិថុនា ឆ្នាំ២០១៧។

មេឃុំ​ស្តីទី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ចំពោះ​ការ​មិន​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​មីនា ​ក៏​ជា​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ​តែ​លោក​ថា​ពួកគេ​គួរ​តែ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទាំងនោះ។​

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​បើ​តាមគំនិត​ខ្ញុំ ខ្ញុំ​ថា​គួរតែផ្តល់។ មិន​មែន​តែ​គាត់​ម្នាក់​ទេ ​ក្រុមប្រឹក្សា​ទាំងអស់​គួរ​តែ​ផ្តល់។ ប៉ុន្តែ​បើ​រាជរដ្ឋាភិបាល​អត់​ផ្តល់​ឲ្យ​ នរណា​ហ៊ាន​បាន​លុយ​ហ្នឹង»។ ​

អភិបាល​ស្រុក​បរិបូណ៍ លោក ឃួន សៅរុំ​ បាន​ថ្លែង​ប្រាប់​VOA​ថា​ ការ​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ខែ​មីនា​ទៅ​ដល់​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​បក្ស​ប្រឆាំង ​ផ្អែក​តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ ​និង​រដ្ឋាភិបាល ​ដែល​ហួសពី​ការសម្រេច​របស់​លោក។ លោក​បន្ថែម​ថា​ មេឃុំ​ស្តីទី​មិន​អាច​បញ្ឈប់​ការងារ​របស់មន្រ្តី​ជាប់កិច្ចសន្យា​បាន​នោះ​ទេ ​ហើយ​លោក​ថា​លោក​នឹង​អន្តរាគមន៍​ករណី​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​អត់​មាន​សិទ្ធិ​សម្រេច​ទេ​ កិច្ចការ​ហ្នឹង​ទេ។ មេឃុំ​ស្តីទី​នេះ គាត់​ជា​យន្តការ​ដឹកនាំ​បំពេញ​ការងារ​រដ្ឋបាល​ ខ្លាច​លោ​បងប្អូន​មក​រក​សំបុត្រស្នាម​អីទេ។ គាត់​រាល់​ថ្ងៃ​អត់​គ្រប់កូរ៉ុម​(ក្រុមប្រឹក្សា​ចំនួន​៥នាក់)​អញ្ចឹង​គាត់​មិន​អាច​បញ្ឈប់​គាត់​បាន​ទេ។ គាត់​មក​ធ្វើ​ការ​ធម្មតា»។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ ​មាន​ប្រសាសន៍​ថា​ ក្រសួង​មិន​អាច​សម្រេច​បើក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​ដែល​បាន​បញ្ចប់​ការងារ​នោះ​ទេ ​ដោយសារ​គណបក្ស​មិន​បាន​ជ្រើសរើស​មនុស្ស​ថ្មី​មក​ទទួល​ការងារ​របស់​មេឃុំ ​នៅ​ពេល​ដឹង​ថា​ ក្រសួង​នឹង​បញ្ចប់​តំណែង​មេឃុំ​ទាំង​នោះ។​

លោក​បន្ថែម​ថា​ការ​បញ្ចប់​ការងារ​នេះ​ មិន​ប៉ះពាល់​ដល់​ការ​ផ្តល់សេវា​នៅ​សាលាឃុំ​នោះ​ទេ​ដោយសារ​ក្នុង​ឃុំ​នីមួយៗ​ ក្រុមប្រឹក្សា​ផ្សេង​អាច​ទទួល​ការងារ​ជំនួស​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «ឃុំ​នីមួយៗ ​គាត់​មាន​អ្នក​បារម្ភ​ជំនួស​គាត់​ហើយ​ បាត់​គាត់​ ក៏​មិនមែន​ឃុំ​ហ្នឹង​មិន​ដំណើរ​ការ​ទេ។ គាត់​មិន​មែនជា​បុគ្គល​ដែល​សំខាន់​បំផុត​ទេ​ ក្រុមប្រឹក្សា​ឃុំ​ដទៃទៀត​ គេ​ធ្វើការ​បាន​ទេ»។

​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន រហូតដល់៨.២៩២​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១.៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១.៥៩២​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១.៦៣៣។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២.៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ៕

XS
SM
MD
LG