ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋសភា​ទី​១១៥​មាន​ជាតិ​សាសន៍​ចម្រុះ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក​


រូបឯកសារ៖ បេក្ខជន​ស្ត្រី​សម្រាប់​តំណែង​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ស្រី​អគ្គមេធាវី Kamala Harris លើកដៃ​ទៅ​កាន់​អ្នក​គាំទ្រកាល​ពី​មុន​ពេល​បោះ​ឆ្នោត។

រដ្ឋសភា​ទី​១១៥​ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​អង្គារ នឹង​ក្លាយ​ជា​សភាដែល​មាន​ជាតិ​សាសន៍​ចម្រុះ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។ ​

អ្នក​នយោបាយ​ភាគតិច​ច្រើន​បំផុត​នៅ​ក្នុង​សភាទី​១១៥​នេះ​ គឺ​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​អ្នកតំណាងរាស្ត្រ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​៤៩​នាក់ មាន​តែ​៣​នាក់​ប៉ុណ្ណោះ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ។

សមាជិក​សភា​អាមេរិកាំង​ដើម​កំណើត​ Hispanic ឬ​អ្នក​និយាយ​ភាសា​អេស្ប៉ាញ​ និង​អាស៊ី​ក៏​មាន​វត្តមាន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​សភា​នេះ​ផង​ដែរ។ តំណាងរាស្រ្តនិយាយ​ភាសា​អេស្ប៉ាញ​ ៣៨​នាក់​នឹង​កាន់​តំណែង​នៅ​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់។ សមាជិក​សភា​អាមេរិកាំង​ដើម​កំណើត​អាស៊ី​១៥​នាក់​នឹង​ចូល​កាន់​តំណែង ដែល​ក្នុង​នោះ​១១​នាក់​គឺ​ជា​សមាជិក​នៃ​សភា​អាណត្តិ​មុន។

លោក ​Ami Bera​ អ្នកតំណាង​ឲ្យ​រដ្ឋ ​California ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ចូលរួម​ជាមួយ​នឹង​សមាជិក​សភា​៣​នាក់​ទៀត រួម​ជាមួយ​នឹង​លោកស្រី​សមាជិក​ព្រឹទ្ធសភា ​Kamala Harris ​ដែល​ឪពុក​លោកស្រី​មក​ពី​ប្រទេស​ហ្សាម៉ាអ៊ីក (Jamaica) ហើយ​ម្តាយ​មក​ពី​ប្រទេស​ឥណ្ឌា។ លោកស្រី​គឺ​ជា​កូន​របស់​អ្នក​មក​ពី​អាស៊ី​ខាង​ត្បូង​ដំបូង​បង្អស់​ដែល​នឹង​កាន់​តំណែង​នៅ​ក្នុង​ព្រឹទ្ធសភា និង​ជា​ស្ត្រី​សម្បុរ​ខ្មៅ​ទី​ពីរ។

ចំនួន​ស្ត្រី​ដែល​នឹង​កាន់​តំណែង​នៅ​ក្នុង​ព្រឹទ្ធសភា​នឹង​មាន​ចំនួន​២១​នាក់។
ប៉ុន្តែ​ចំនួន​ស្ត្រី​សរុប​នៅ​សភា​ទី​១១៥​នេះ​មិន​ខុស​ពី​សភា​មុន​ឡើយ ដែល​ចំនួន​សរុប​១០៤​នាក់ ឬ​ស្មើ​នឹង​១៩​ភាគរយ។ តួលេខ​នេះ​រាង​ខុស​ពី​មធ្បមភាគ​ជនជាតិ​អាមេរិកាំង​សុទ្ធសាធ ដែល​មាន​៥០​ភាគរយ​ជា​ស្ត្រី។

តួលេខ​អ្នក​តំណាងរាស្រ្ត ​LGBTQ ​ដែល​រួម​ទាំង​អ្នក​ប្ដូរ​ភេទ​ឬ​ស្រឡាញ់​ភេទ​ដូចគ្នា និង​អ្នក​ដែល​មិន​កាន់​សាសនា​គ្រិស្ត​ក្នុង​ឆ្នាំ​នេះ​មិន​ផ្លាស់ប្ដូរ​នោះ​ទេ៕

XS
SM
MD
LG