\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជា​រាស្ត្រ​ថៃ​នឹង​បោះ​ឆ្នោត​លើ​រដ្ឋ​ធម្មនុញ្ញថ្មី​​ដែល​គាំទ្រ​ដោយ​យោធា


ព្រះសង្ឃ​មួយ​អង្គ​ កាល​ពី​ខែ​ឧសភា បានចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​យោធា ហើយ​បាន​ស្នើ​ឲ្យ​ពល​រដ្ឋ​បោះ ឆ្នោត​«ទេ» ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ។

ព្រះសង្ឃ​មួយ​អង្គ​ កាល​ពី​ខែ​ឧសភា បានចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​យោធា ហើយ​បាន​ស្នើ​ឲ្យ​ពល​រដ្ឋ​បោះ ឆ្នោត​«ទេ» ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ។

ក្រុម​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​ថៃ​ប្រុង​ប្រៀប​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែលត្រូវ​បាន​ដាក់​ស្នើ​ដោយ​ក្រុម​យោធា​គ្រប់​គ្រង​ប្រទេស។

សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ដែល​គាំទ្រ​ដោយ​ពួក​យោធា​នឹង​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ម្នាក់​ដែល​មិន​កើត​ឡើង​តាម​រយៈការ​បោះឆ្នោត​នៅ​ក្នុងពេល​មាន​ការ​ទាល់​ច្រក​ខាង​នយោបាយ​ និងតែង​តាំង​ព្រឹទ្ធសភា​មួយ​រូប​មិន​កើត​ឡើង​តាម​រយៈការ​បោះឆ្នោត គឺ​ជ្រើ​រើស​យក​អាសនៈ​បម្រុង​ដែលល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យោធា។​

ទោះ​ណា​ជា​ក្រុម​យោធា​បាន​និយាយ​ថា​ សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ​នឹង​កាត់​បន្ថយ​ការ​បែក​បាក់​គ្នា​ខាង​នយោបាយ​ក្នុង​ប្រទេស​ក៏ដោយ​ក៏​ពួក​អ្នក​រិះគន់​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ផ្តល់​អំណាច​ច្រើន​ពេក​ឱ្យ​ពួក​យោធា។

ពួក​អ្នក​ជំនាញ​ក៏​បាន​និយាយ​ដែរ​ថា​ ការ​បោះឆ្នោត​នេះ​គឺ​ដើម្បី​បញ្ជាក់​ថា​តើ​ការ​គ្រប់គ្រង​យោធា​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ឆ្នាំ​២០១៤​មក​នោះ​ ត្រឹម​ត្រូវ​តាម​ច្បាប់​ដែរ​ឬ​យ៉ាង​ណា។

អ្នកបោះឆ្នោត​ថៃ​ប្រមាណ​៥០​លាន​នាក់​នឹង​ឆ្លើយ​នឹង​សំណួរ​ពីរ​នៅ​លើ​សន្លឹក​ឆ្នោត។​ សំណួរ​ទី​មួយ​សួរ​ថា ​តើ​ពួក​គេ​យល់​ព្រម​ដល់​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ឬទេ? ​សំណួរ​ទី​ពីរ​សួរថា ​តើ​ពួក​គេយល់​ព្រម​ឬទេ​ដល់​សភា​ជាន់​ខ្ពស់​ដែល​តែង​តាំង​ដោយ​ក្រុម​ប្រឹក្សា​យោធា​ រួមជា​មួយ​នឹង​សភា​ជាន់​ទាប​ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​ម្នាក់​សម្រាប់​បម្រើការ​ក្នុង​រយៈ​ពេល​អន្តរកាល​ប្រាំ​ឆ្នាំ​ចាប់​តាំង​ពីការ​គ្រប់គ្រង​យោធា​ទៅ​នោះ?

រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នឹង​មាន​សមាជិក​ព្រឹទ្ធសភា​តែង​តាំង​ដោយក្រុម​យោធាចំនួន​២៥០នាក់​រួម​បញ្ចូល​ជាមួយ​នឹង​សភា​តំណាង​រាស្ត្រ​មាន​សមាជិក​ជាប់​ឆ្នោត ៥០០​នាក់។

គេ​រំពឹង​ថា​ការ​បោះឆ្នោតជាតិនឹង​មាន​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​តាម​ការ​សន្យា​របស់​ក្រុមប្រឹក្សា​យោធា ​បើសិន​រដ្ឋធម្មនុញ្ញ​របស់​ពួក​គេ​ទទួល​ការយល់​ព្រម។ លោក Prayuth Chan-ocha ​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ក៏​បាន​សន្យា​ដែរ​ថា​ នឹង​មាន​ការ​បោះឆ្នោត​នោះ។

លោក​ក៏​បាន​សន្យា​ថា ​លោក​នឹង​មិន​លាលែង​ចេញ​ពី​តំណែង​ទេ​ ទោះណាជា​ការ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃ​អាទិត្យ​នេះ​ទទួល​លទ្ធផល​បែប​ណាក៏​ដោយ។

គណបក្ស​ធំៗ​ទាំង​ពីរ​ក្នុង​ប្រទេស​ថៃ​បាន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ដែល​បាន​ត្រូវ​ស្នើ​នេះ​ដោយ​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ រដ្ឋធម្មនុញ្ញ​នេះ​មាន​ភាព​មិន​ប្រជាធិបតេយ្យ​ទេ។ ពួក​និស្សិត​សកម្មជន​ឋិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រិះ​គន់​ខ្លាំង​បំផុត​ដល់​ការ​គ្រប់​គ្រង​យោធា​ហើយ​ពួកនិស្សិត​ជាង​១២នាក់​បាន​ត្រូវ​ឃុំឃាំង​ដោយ​សារ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ។

ក្រុម​យោធា​បាន​ប្រើ​ច្បាប់​គាំទ្រ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ​ដើម្បី​ពិន័យ​និង​ដាក់​គុក​រហូត​ដល់​១០ឆ្នាំ​នូវ​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើយុទ្ធនាការ​ប្រឆាំង​នឹង​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ​។ទោះ​ណា​ជាមិន​ទំនង​ជា​នឹង​មាន​អំពើ​ហិង្សា​ក៏​ដោយ​ រដ្ឋាភិបាល​យោធា​មានការ​ត្រួតត្រា​តឹងរ៉ឹង​ខាង​សន្តិសុខ​ ហើយ​អាជ្ញាធរ​នឹង​ដាក់​ពង្រាយ​ប៉ូលិស​មួយ​ម៉ឺន​នាក់​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ៕

XS
SM
MD
LG