ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump អញ្ជើញ​នាយក​រដ្​ឋមន្ត្រី​ថៃ និង​សិង្ហបុរី មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


មេដឹកនាំ​អាស៊ាន​ថត​រូប​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣០​នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ បាន​យល់ព្រម​ជាមួយ​នឹង​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ដែល​បាន​អញ្ជើញ​លោក​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​ច័ន្ទ​នេះ ស្រប​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​អញ្ជើញ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​មិន​មាន​ការ​រំពឹង​ទុក​ជា​មុន។

លោក Trump បាន​ទូរស័ព្ទ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ Prayuth Chan-Ocha និង​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ និង​ដើម្បី​អញ្ជើញ​លោក​ទាំង​ពីរ​មក​ចូលរួម​កិច្ច​ប្រជុំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ការ​អញ្ជើញ​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Trump បាន​ទូរស័ព្ទ​អញ្ជើញ​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលម្ង៉ៃ​មក។

ទំនាក់ទំនង​ការទូត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ក្នុង​ទ្វីប​អាស៊ី ផ្ដោត​ជា​ពិសេស​លើ​ប្រទេស​ចិន និង​ភាព​តានតឹង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។

ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ថៃ បាន​បញ្ជាក់​ថា លោក Prayuth Chan-Ocha បាន​យល់ព្រម​ចំពោះ​ការ​អញ្ជើញ​របស់​លោក Trump។ ចំណែក​ឯ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​សិង្ហបុរី​វិញ បាន​បញ្ជាក់​ថា លោក Lee Hsien Loong និង​លោក Trump មាន​សេចក្ដី​រីករាយ ដែល​លោក​ទាំង​ពីរ​នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ទាំង​ពីរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

តាម​ប្រវត្តិសាស្ត្រ ប្រទេស​ថៃ សិង្ហបុរី និង​ហ្វីលីពីន គឺ​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​បស្ចិម​ប្រទេស៕

XS
SM
MD
LG