ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះ​មហាក្សត្រ​​ថ្មី​របស់​​ប្រទេស​ថៃ​បង្ហាញ​ព្រះ​រាជ​អំណាច​របស់​ព្រះ​អង្គ


រូបថត​ព្រះមហាក្សត្រថៃ​ ព្រះបាទ Maha Vajiralongkorn និង​អតីត​ព្រះមហាក្សត្រ​ថៃ ព្រះបាទ Bhumibol Adulyadej ត្រូវ​បាន​ដាក់​ប​ង្ហាញ​នៅ​ពីមុខ​ផ្សារ​លក់​ទំនិញ​មួយ​ក្នុង​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៧។

រូបថត​ព្រះមហាក្សត្រថៃ​ ព្រះបាទ Maha Vajiralongkorn និង​អតីត​ព្រះមហាក្សត្រ​ថៃ ព្រះបាទ Bhumibol Adulyadej ត្រូវ​បាន​ដាក់​ប​ង្ហាញ​នៅ​ពីមុខ​ផ្សារ​លក់​ទំនិញ​មួយ​ក្នុង​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៧។

យ៉ាងហោចណាស់​គិត​មក​ទល់​ពេល​នេះ​ ការ​ព្យាករណ៍​នានា​ដោយ​ក្រុម​អ្នក​ជំនាញ​​អំពី​របត់​នៃ​ការ​ផ្លាស់​ប្តូរ​​ព្រះ​មហាក្សត្រ​ដ៏​ចម្រូង​ចម្រាស​នេះ​ គឺ​​ខុស​ពី​ការពិត។

រាប់​ចាប់​ពី​ការ​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ រហូត​ដល់​ការ​ជំរុញ​ឱ្យ​មាន​ការ​រួបរួម​ជាតិ​ក្នុង​ប្រទេសដែល​មាន​ការ​បែក​បាក់​គ្នា និង​ការ​រៀបចំ​ក្រុម​ការងារ​ព្រះ​បរមរាជវាំង​សារ​ជាថ្មី​ ព្រះ​មហាក្សត្រ​ថ្មី​របស់​ប្រទេស​ថៃ​កំពុង​ប្រថាប់​ត្រា​ប្រកប​ដោយ​ទំនុក​ចិត្ត​ទៅ​លើ​របប​ដឹកនាំ​របស់​ទ្រង់។

ព្រះ​មហាក្សត្រ ​Maha Vajiralongkorn​ ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​ក្រុម​នាយ​ឧត្តម​សេនីយ៍​ដែល​កំពុង​តែ​ដឹកនាំ​ប្រទេស​ថា​ ព្រះ​អង្គ​នឹង​មិន​គ្រាន់​តែ​គង់​នៅ​ពី​ខាង​ក្រោយ​ជា​ព្រះ​ប្រមុខ​រដ្ឋ​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ​ ចាប់​តាំងពីព្រះអង្គ​ឡើង​គ្រងរាជ្យ​សម្បត្តិនៅ​ក្នុង​ខែ​ធ្នូ​ បន្ត​ពី​ព្រះ​រាជបិតា​របស់​ទ្រង់​ដែល​ប្រជារាស្ត្រ​ថៃ​គោរព​ចាត់​ទុក​សឹង​ស្មើ​នឹងព្រះ​អាទិទេព​នោះ​។

នេះ​ជា​រឿងសំខាន់​មួយនៅ​ក្នុង​ប្រទេស​ថៃ​ ជា​ទី​ដែល​ទំនាក់​ទំនង​រវាង​ព្រះមហាក្សត្រ ​កងទ័ព ​និង ​អ្នក​នយោបាយ​នានា​ បាន​ក្លាយ​ជា​កត្តា​កំណត់​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​២​នៅតំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​និង​ជា​ប្រទេស​សម្ព័ន្ធមិត្តវ័យ​ចំណាស់​របស់​អាមេរិក​នៅ​ក្នុង​តំបន់។

យ៉ាងហោចណាស់​គិត​មក​ទល់​ពេល​នេះ​ ការ​ព្យាករណ៍​នានា​ដោយ​ក្រុម​អ្នក​ជំនាញអំពី​របត់​នៃ​ការ​ផ្លាស់​ប្តូរព្រះ​មហាក្សត្រ​ដ៏​ចម្រូង​ចម្រាស​នេះ​ គឺខុស​ពី​ការពិត។

លោក​បណ្ឌិត ​Paul Chambers ​នៅ​វិទ្យាស្ថាន​កិច្ចការ​អាស៊ី​អាគ្នេយ៍​ (Institute of Southeast Asian Affairs)​ នៅ​ក្នុង​ខេត្ត​ឈៀងម៉ៃ​ បាន​និយាយ​ថា៖ «ព្រះ​ករុណា​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​សមត្ថភាពដ៏​ឈ្លាស​វៃរបស់​ទ្រង់ក្នុង​ការ​ចាត់​ចែង​របប​យោធា ​និង​កង​ទ័ព»។

ក្នុង​ចំណោម​មនុស្ស​ជាង​ម្ភៃ​នាក់​ប្លាយ រួម​មាន​មន្ត្រី​កំពុង​កាន់​តំណែង និងអតីត​មន្ត្រី​ មន្ត្រី​យោធា​ តំណាង​រាស្ត្រ​ អ្នក​ការទូត​ ឬ​ ក្រុម​អ្នក​វិភាគ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ទីភ្នាក់​ងារព័ត៌មាន​ Reuters​ ក្នុង​រឿង​នេះ​ គ្មាន​អ្នក​ណា​ម្នាក់​មើល​ឃើញ​ថា​ មានការ​គំរាម​កំហែង​ភ្លាម​ៗ​ទៅ​លើ​តុល្យភាព​នៃ​អំណាច​នោះ​ទេ។

ដោយសារ «ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ»​ អាច​ដាក់​ពន្ធនាគារ​ចំពោះ​បុគ្គល​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​បរិហារកេរ្តិ៍​ទៅ​លើ​ព្រះមហា​ក្សត្រនោះ ​មាន​ប្រជា​រាស្ត្រ​ថៃ​តិច​តួច​ប៉ុណ្ណោះ​ធ្វើ​ការ​អត្ថាធិប្បាយ​ដោយ​បើក​ចំហ​អំពី​បញ្ហា​ក្នុង​ខ្សែ​រាជវង្ស។

នៅ​ពេល​សុំ​ការ​ឆ្លើយ​តប​សម្រាប់​ការ​សរសេរ​ព័ត៌មាន​នេះ​ មន្ត្រី​ព្រះ​បរមរាជវាំង​បាន​និយាយ​ថា លោក​មិន​និយាយ​ជាមួយ​សារព័ត៌មាន​ទេ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ក៏​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ផង​ដែរ។

​ទំនាក់​ទំនង​ដោយ​មានការ​ស្តាប់​បង្គាប់

ព្រះ​មហាក្សត្រ ​Vajiralongkorn​ បាន​ចាប់​ផ្តើម​ពី​ចំណុច​ខុសគ្នា​ខ្លាំង​មួយ​ពីព្រះ​បិតា​របស់​ទ្រង់​ គឺ​អតីត​ព្រះ​មហាក្សត្រ ​Bhumibol ​Adulyadej​ ដែល​បាន​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​តុលា។

នៅ​ពេល​ដែល​យុវរាជ​ Bhumibol​ ឡើង​គ្រង​រាជ្យ​សម្បត្តិ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០​ អនាគត​នៃ​របប​រាជា​និយម​នៅ​ពេល​នោះ​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល​នៅ​ឡើយ។

ពេល​នោះ​ ព្រះ​អង្គ​បាន​បង្កើត​ឡើង​វិញ​នូវ​ដួង​វិញ្ញាណ​រាជ្យ​បល្ល័ង្គ​ និង​ព្រះ​រាជ​អំណាច​ដ៏​ស្ងាត់ៗ​ ដោយ​បានចង​សម្ព័ន្ធ​មិត្ត​ជាច្រើន​ ហើយ​បាន​ក្លាយ​ជា​អាជ្ញា​កណ្តាល​កំពូល​លើ​ការ​សម្រេចនៅ​ពេល​មាន​រដ្ឋ​ប្រហារ ​និង​ភាព​ចលាចល​រយៈ​ពេល​ខ្លី​នានា​ នៅ​ពេល​ដែល​ប្រទេស​ថៃ​បាន​ផ្លាស់​ប្តូរ​ពី​ទីជនបទ​ដាច់​សង្វែងទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម។

ព្រះ​មហាក្សត្រ ​Vajiralongkorn​ ដែល​មាន​ព្រះ​ជន្ម​ ៦៤ ​វស្សា ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​បរទេស​ ហើយ​ឆាក​ជីវិត​ឯកជន​របស់​ព្រះ​អង្គ​មាន​ភាព​ស្មុគស្មាញ​ដោយ​សារ​ទ្រង់​បានរៀប​អភិសេក​បី​ដង ហើយ​ព្រះ​អង្គ​នៅ​មិន​ទាន់​ទទួល​បាន​ទឹក​ចិត្ត​គោរព​ស្រលាញ់​ពី​សាធារណៈ​ជន​ ដូច​ព្រះ​បិតា​ព្រះអង្គ​នៅ​ឡើយ។

ប៉ុន្តែ​ ជីវ​ប្រវត្តិ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​នាយឧត្តម​សេនីយ៍​យល់​ឃើញ​ផ្សេងៗ​គ្នា។​ ព្រះអង្គ​បាន​ឆ្លង​កាត់​សាលា​យោធា​ ព្រះ​អង្គ​ធ្លាប់​ទត​ផ្ទាល់​ការ​ប្រយុទ្ធ​នឹងក្រុមបះបោរ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ហើយ​ព្រះអង្គ​ក៏​អាច​បើកបរ​យន្ត​ហោះ​ចម្បាំង​ថែម​ទៀត​ផង។

តាម​ក្បួនច្បាប់​ មន្រ្តី​ក្នុង​ជួរ​រដ្ឋាភិបាល​យោធា​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះមហាក្សត្រ​ថ្មី​ក្នុង​បន្ទប់​ព្រះរាជ​សវនាការ​ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រូប​ថត។

អ្នកស្រី​ Eugenie ​Mérieau ​ សាស្ត្រាចារ្យ​និង​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Sciences​ Po ក្នុង​ទីក្រុង​ប៉ារីស​បាន​និយាយ​ថា៖ «យ៉ាង​ហោច​ណាស់ ​ទំនាក់​ទំនង​គឺ​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ការ​ស្តាប់​បង្គាប់​ផង​ដែរ»។

ការកែ​ប្រែ​រដ្ឋធម្មនុញ្ញ​

រដ្ឋាភិបាល​យោធា​បាន​គោរព​ធ្វើ​តាម​យ៉ាងប្រញាប់​ប្រញាល់នៅ​ពេល​ដែល​ព្រះ​បរមរាជ​វាំង​ស្នើ​សុំ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ​ដែល​នេះ​ជា​ការ​ស្នើ​កែប្រែ​រដ្ឋធម្មនុញ្ញ​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។

ខ្លឹមសារ​ដែល​ត្រូវ​កែប្រែ​ពាក់​ព័ន្ធ​នឹង​ព្រះ​រាជ្យ​អំណាច​នានា​របស់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ ​ត្រូវ​បាន​សម្រេច​កែប្រែក្នុង​រយៈ​ពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ គេ​បាន​ប្រើ​រយៈ​ពេល​ដ៏​ខ្លី​នេះ​ដូច​គ្នា​នេះ​ដែរប្រាស់​ដើម្បីកែប្រែ​បន្ថែម​ទៀត​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កែ​តម្រូវ​ផង​ដែរ។

នៅ​ឯ​ក្នុង​ព្រះ​បរមរាជវាំង​វិញ​ ក្រុម​ការងារ​ព្រះ​បរមរាជវាំង​កំពុង​ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ។ មាន​ការ​តែង​តាំង​តំណែង​ និង​ការ​ដំឡើង​ឋានៈ​ជាង​២០ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ថ្មី​ និង​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​រាជសារ​ប្រកាស Royal Gazette។

ការ​តែង​តាំង​នេះ ​រួម​មាន​ការ​រុះរើ​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​ការងារ​ព្រះ​បរម​រាជវាំង​ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​បាន​កាន់​មុខ​តំណែង​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៏​នៅ​ក្នុង​រាជ្យកាល​អតីត​ព្រះ​មហាក្សត្រ ​Bhumibol​ និង​មាន​ការ​ដំឡើង​ឋានៈ​មន្ត្រី​យោធា​ជា​ច្រើន​រូប​ដែល​ស្និទ្ធ​នឹង​ព្រះ​មហាក្សត្រ​ថ្មី។

ប្រធាន​នៃ​ក្រុម​ប្រឹក្សា​កិត្តិយស​ដ៏​មាន​ឥទ្ធិពល​ លោក​ Prem ​Tinsulanonda ​ដែល​មាន​អាយុ​ ៩៦ ​ឆ្នាំ​ នៅ​តែ​កាន់​តំណែងដដែល​ ប៉ុន្តែ​សមាជិក​ចំនួន​ពាក់​កណ្តាល​ផ្សេង​ទៀត​គឺ​សុទ្ធ​តែ​ជា​មន្ត្រី​ថ្មី​ទាំង​អស់។

ការ​តែង​តាំង​មន្រ្តី​ថ្មី​ចំនួន​ប្រាំ​មួយ​រូប​ បាន​បង្កើន​ចំនួន​តំណាង​នៃ​អ្នក​ដែល​មាន​ប្រវត្តិនៅ​ក្នុង​ក្រុម​ Wongthewan​ របស់​យោធា​ ឬ ​ជា​ឆ្មាំ​ព្រះ​មហាក្សត្រ​ ដែល​ជា​កន្លែង​ដែល​ព្រះ​មហាក្សត្រធ្លាប់​បាន​ធ្វើការ​ដែរ។

ក្នុង​ការ​ដំឡើង​មន្រ្តី​យោធា​សំខាន់ៗ​ ក៏​មាន​ការ​តែង​តាំង​មន្រ្តី​យោធា​ស្រី​សំខាន់​មួយ​រូប​ឈ្មោះ​ Suthida ​Vajiralongkorn na​ Ayudhya​ ចូល​ក្នុង​ក្រុម​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​ព្រះ​មហាក្សត្រ។ ជា​រឿយៗ​ មន្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ជាមួយ​ព្រះមហាក្សត្រ។ បើ​ទោះ​បី​ជា​អ្នក​ស្រីមិន​ត្រូវ​បាន​តែង​តាំង​ជា​សាធារណៈ​ជា​ព្រះ​អគ្គ​មហេសី​ក៏ដោយ​ ក៏​នាង​បាន​ក្លាយជាឧត្តម​សេនីយ៍​រួច​ស្រេច​ទៅ​ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ​មហាក្សត្រ​ឡើង​គ្រង​រាជ្យ។

កាល​សប្តាហ៍​កន្លង​ទៅ​ ព្រះ​មហាក្សត្រ​បាន​តែង​តាំង​សម្តេច​ព្រះសង្ឃរាជ​ព្រះ​ពុទ្ធសាសនា​ថ្មី​ដែល​ជា​ការ​បញ្ចប់​ការ​ប្រជែង​តំណែង​នេះ​អស់​រយៈ​ជាង​មួយ​ឆ្នាំ​មក​ហើយ។ រដ្ឋ​សភា​បានថ្វាយ​ព្រះរាជ​អំណាច​ដល់​ព្រះមហាក្សត្រ​ក្នុង​ការ​តែង​តាំង​តំណែង​នេះ​ ក្រោយ​ពេល​ក្រុម​ប្រឹក្សា​សង្ឃ​ដែល​បាន​ក្តោបកាប់សិទ្ធិ​សម្រេច​តែង​តាំង​តំណែង​នេះអស់​រយៈ​ពេល​ជាង ២៥ ឆ្នាំមក​ហើយ។

សម្តេច​ព្រះ​សង្ឃរាជថ្មី​ គឺ​ជា​បុគ្គល​មាន​ប្រវត្តិ​ក្នុង​ក្រុម​មនុស្ស​ដែល​ចំណង​ទាក់​ទង​ស្និទ្ធ​នឹង​ព្រះ​មហាក្សត្រ​ ជា​ជាង​បេក្ខភាព​សម្តេច​ព្រះសង្ឃរាជ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដំបូង​ដោយ​ក្រុម​ប្រឹក្សា​សង្ឃ។

ការ​រួបរួម​និង​ការ​ផ្សះផ្សា​ជាតិ

សំណួរ​ធំ​មួយ​គឺ​ថា​ តើ​នឹង​មាន​អ្វីកើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​ត្រឡប់​មក​វិញ​នូវ​ការ​ប្រកួត​ប្រជែង​នយោបាយ​ ដែល​ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ ​២០១៤​មក។

លោក​នាយក​រដ្ឋមន្រ្តី​លោក ​ប្រាយុទ្ធ​ ចាន់​អូចា ​(Prayuth Chan-ocha ) បាន​និយាយ​ថា ​ព្រះ​មហាក្សត្រ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ឯកភាព​នៅ​ក្នុង​ប្រទេស​ដែល​បាន​បែកបាក់ ទាំង​នៅ​ក្នុង​ព្រះ​រាជសារ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ និងក្នុង​ពេល​កិច្ច​ប្រជុំ​ពេល​យប់​ជាមួយ​មេ​ដឹកនាំ​ប្រទេស​កាល​ពី​ខែ​មករា​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្តល់ជំនួយ​បន្ថែមទៀត​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់។

កិច្ចប្រជុំ​នោះ​បាន​ធ្វើ​ឡើង​ទន្ទឹម​នឹង​ពេល​ដែល​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ផ្សះផ្សា​ជាតិ​ នៅ​មុន​ពេល​ការ​បោះឆ្នោត​ដែលគេ​រំពឹង​ទុក​ថា​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ។

គោល​បំណង​នៃ​ការ​បង្កើត​គណៈ​កម្មាធិការ​នេះ​ គឺ​ដើម្បី​ស្តាប់​ក្រុម​អ្នក​នយោបាយ​មក​ពី​ក្រុម​ផ្សេង​ៗបង្កើត​ចំណុច​រួម​មួយ​រវាង​ក្រុមទាំងនោះ និងឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​មួយដែលភាគី​ទាំង​នោះ​នឹង​ចុះហត្ថ​លេខា​ដើម្បី​ធានា​បាន​នូវ​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិភាព​ទៅ​កាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ដឹក​នាំ​ដោយ​ជនស៊ីវិល។

ឈ្មោះ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បែងចែក​គ្នា​ក្នុង​ចំណោម​ប្រជាជន​ថៃ គឺ ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា។

អតីត​ «នាយក​រដ្ឋមន្រ្តី​ដែល​ជា​នាយក​ប្រតិបត្តិ» រូប​នោះ គឺ​ជា​វីរបុរស​របស់​ប្រជាជន​ក្រីក្រ​ថៃ​ដែល​ស្មោះត្រង់​នឹង​ចលនា​ប្រជានិយម​របស់​លោក។ លោក​ត្រូវ​បាន​គេ​ធ្វើរដ្ឋប្រហារ​ទម្លាក់​ពី​តំណែងនៅ​ឆ្នាំ​ ២០០៦ ​ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង​ Dubai​ ដើម្បី​គេច​ចេញ​ពី​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ពី​បទពុក​រលួយ។ ប្អូន​ស្រី​របស់​លោក ​លោក​ស្រី​ យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ បាន​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ចាប់​ពី​ឆ្នាំ​ ២០១១ ​រហូត​ដល់​ រដ្ឋ​ប្រហារ​ឆ្នាំ ​២០១៤ ។

លោក​ ថាក់ស៊ីន​ ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មហា​សេដ្ឋី​ ត្រូវ​បាន​ក្រុមអភិជន​នៅ​ក្នុង​ទី​ក្រុង​បាង​កក​ដែល​ជា​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​រាជានិយម​និងគាំទ្រ​កងទ័ព​ មិន​ចូល​ចិត្ត​លោក​ឡើយ។ ក្រុម​អ្នក​នយោបាយ​អភិរក្ស​និយម ​បាន​សម្តែង​ការ​ភ័យ​ខ្លាច​លើ​កិច្ច​ព្រមព្រៀង​លើ​ការ​រួប​រួម​សម្ងាត់​ណា​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យ​លោក​ ថាក់​ស៊ីន ​វិល​ត្រឡប់​មក​ប្រទេស​វិញ។

មេ​ដឹកនាំ​ ត្រកូល​ ស៊ីណាវ៉ាត្រា​ ទាំង​ពីរ​រូប​នេះ ​បាន​ចេញ​មុខ​មុន​អ្នក​នយោបាយ​ថៃ​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ដាក់​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះមហាក្សត្រ ​Vajiralongkorn​ ក្នុង​ស៊ុម​ពណ៌​មាស​ធ្វើ​ជា​ផ្ទាំង​បដា​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម ​Twitter ​របស់​ខ្លួន។

គ្មាន​នរណា​ម្នាក់​ក្នុងក្រុម​អ្នក​នយោបាយ​របស់​ពួក​គេ ធ្វើ​អត្ថាធិប្បាយ​អំពី​របប​រាជា​និយម​នោះ​ទេ។

លោក ​Michael​ Vatikiotis​ នាយក​ប្រចាំ​តំបន់​នៃ​មជ្ឈមណ្ឌល​សម្រាប់​កិច្ច​សន្ទនា​មនុស្សធម៌ (Centre​ for​ Humanitarian​ Dialogue)​ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ថៃ​ បាន​និយាយ​ថា៖ «មានភាព​ជាបន្ទាន់​ជាក់​ស្តែង​ទាក់​ទងនឹង​ការ​ផ្សះផ្សាដែល​អ្នក​នយោបាយ​មួយ​ចំនួន​បាន​និយាយ​ថា ភាព​ជា​បន្ទាន់​នេះ​ផ្តើម​ចេញ​តាម​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​ដើម្បីសន្តិភាព​ និង​ ឯកភាព​ជាតិ»។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​យោធា​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លះក្នុង​ការ​ឆ្លើយតប​តាម​ព្រះរាជ​សំណើ​របស់​ព្រះ​មហាក្សត្រ ​ដែល​ការណ៍​នេះ​អាច​នឹងពន្លឿន​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​រដ្ឋាភិបាល​ស៊ីវិល​វិញ»៕

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

XS
SM
MD
LG