ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​ថៃ​បន្ត​ប្រឈម​នឹង​ព្រះសង្ឃ​នៅ​វត្ត​ព្រះធម្មកាយ

  • Ron Corben

ប៉ូលិស​ដក​របង​ចេញ​ដើម្បី​សម្រួល​ចរាចរណ៍​ជិត​វត្ត​ព្រះធម្មកាយ​ក្នុង​ខេត្ត Pathum Thani ភាគខាង​ជើង​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។

អ្នក​វិភាគ​នានា​និយាយ​ថា វត្ត​ព្រះធម្មកាយ​បាន​ក្លាយ​ជា​កន្លែង​ប្រជែង​គ្នា​ដើម្បី​ក្ដោប​យក​ឥទ្ធិពល​ផ្នែក​ពុទ្ធសាសនា​នៅ​ប្រទេស​ថៃ។

នៅ​ក្នុង​ការ​សាកល្បង​ដើម្បី​ផ្សះផ្សា​បញ្ហា​នយោបាយ រដ្ឋាភិបាល​យោធា​ថៃ​កំពុង​តែ​ជាប់​គាំង​នៅ​ក្នុង​ការ​តទល់​នឹង​ក្រុម​ព្រះសង្ឃ​នៅ​ឯ​វត្ត​អារាម​ពុទ្ធសាសនា​ដ៏​មាន​ឥទ្ធិពល​មួយ​កន្លែង ដែល​ជា​ទី​អារាម​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​នៅ​ទូទាំង​ប្រទេស​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សាសនា។

វត្ត​ព្រះធម្មកាយ (Phra Dhammakaya) ដែល​ស្ថិត​នៅ​ចម្ងាយ ៥០ គីឡូម៉ែត្រ ភាគ​ខាង​ជើង​ទីក្រុង​បាងកក គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៣៣៦ ហិចតា។ ទី​អារាម​នេះ​មាន​សំណង់​អគារ​និង​អាស្រម​សមាធិ​ជា​ច្រើន​ខ្នង ដែល​ត្រូវ​គេ​រាយការណ៍​ថា មាន​តម្លៃ​រហូតដល់​ទៅ​រាប់​រយ​លាន​ដុល្លារ​អាមេរិក ឬ​ក៏​អាច​រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។

លោក​ចៅ​អធិការ​វត្ត​ព្រះធម្មកាយ (កណ្តាល) ពេល​មក​ដល់វត្ត​ព្រះធម្មកាយ ខេត្ត Pathum Thani ភាគខាងជើង​ក្រុង​បាងកក នា​ថ្ងៃ​បុណ្យ​មាឃបូជា កាល​ពី​ថ្ងៃ​ទី០៤ ខែ​មីនា ឆ្នាំ​២០១៥។
លោក​ចៅ​អធិការ​វត្ត​ព្រះធម្មកាយ (កណ្តាល) ពេល​មក​ដល់វត្ត​ព្រះធម្មកាយ ខេត្ត Pathum Thani ភាគខាងជើង​ក្រុង​បាងកក នា​ថ្ងៃ​បុណ្យ​មាឃបូជា កាល​ពី​ថ្ងៃ​ទី០៤ ខែ​មីនា ឆ្នាំ​២០១៥។

វត្ត​ព្រះធម្មកាយ ដែល​ជា​ទី​អារាម​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ទាក់ទាញ​អ្នក​មាន​ជំនឿ​មុតមាំ​ជា​ច្រើន​ម៉ឺន​នាក់​មក​ធ្វើ​សមាធិ​ជា​ក្រុម និង​បួស​រៀន​ជា​ព្រះសង្ឃ។ វត្ត​អារាម​នេះ​ក៏​មាន​ឈ្មោះ​បោះ​សំឡេង​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ថៃ និង​ក្រៅ​ប្រទេស​ទៀត​ផង។

អ្នក​វិភាគ​នានា​និយាយ​ថា វត្ត​នេះ​បាន​ក្លាយ​ជា​កន្លែង​ប្រជែង​គ្នា​ដើម្បី​ក្ដោប​យក​ឥទ្ធិពល​ផ្នែក​ពុទ្ធសាសនា​នៅ​ប្រទេស​ថៃ។ ព្រះពុទ្ធ​សាសនា​នេះ​ជា​សាសនា​ដែល​ប្រជាពលរដ្ឋ​ថៃ​ជាង ៩០ ភាគរយ​នៃ​ប្រជាជន​សរុប​ចំនួន ៦៨ លាន​នាក់​ប្រតិបត្តិ​តាម។

ចំណែក​ឯ​ក្រុម​អ្នកវិភាគ​នយោបាយ​វិញ​បាន​និយាយ​ថា ឥទ្ធិពល​ដ៏​មហិមា​របស់​វត្តអារាម​មួយ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ឥទ្ធិពល​នៅ​ក្នុង​ឋានានុក្រម​ព្រះ​ពុទ្ធសាសនា​ផង​ដែរ​នោះ ត្រូវ​បាន​គេ​យល់​ឃើញ​ថា កំពុងតែ​ប្រឈម​ជាមួយ​នឹង​សហគមន៍​អ្នក​កាន់​ពុទ្ធសាសនា​ដែល​ប្រកាន់​វិន័យ​ចាស់។

ព្រះ​ចៅអធិការ​វត្ត​ដ៏​មាន​ឥទ្ធិពល

កាល​ពី​មុន ព្រះសង្ឃ​នៅ​វត្ត​ព្រះធម្មកាយ​នេះ បាន​ស្នើ​ឲ្យ​មាន​ការ​ទទួលស្គាល់​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ការ​ស្នើសុំ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អាណត្តិ​មុនៗ​ជំទាស់។

ព្រះ​សង្ឃ​ថៃ​ស្មឹងស្មាធ​នៅ​វត្ត​ព្រះ​ធម្មកាយ​នៅ​ខេត្ត Pathum Thani ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២២ ខែ កុម្ភៈ ឆ្នាំ​២០១៦។
ព្រះ​សង្ឃ​ថៃ​ស្មឹងស្មាធ​នៅ​វត្ត​ព្រះ​ធម្មកាយ​នៅ​ខេត្ត Pathum Thani ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២២ ខែ កុម្ភៈ ឆ្នាំ​២០១៦។

គេ​ឃើញ​មាន​ការ​រិះគន់​ចំពោះ​ព្រះ​ចៅអធិការវត្ត​ដ៏​មាន​ឥទ្ធិពល ព្រះតេជគុណ​ Dhammajayo ដែល​មាន​ព្រះ​ជន្ម ៧២ វស្សា និង​ចំពោះ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​វត្ត​ព្រះ​ធម្មកាយ​នេះ។ មាន​គេ​រាយការណ៍​ថា អ្នក​មាន​ជំនឿ​ស៊ប់​បាន​បរិច្ចាគ​ថវិកា​ជា​ច្រើន​ឲ្យ​វត្តអារាម​មួយ​នេះ​ដើម្បី​ទទួល​បាន​បុណ្យ​កុសល​ល្អ។

រឿងរ៉ាវ​ចម្រូងចម្រាស​បាន​កើតឡើង​ចំពោះ​វត្ត​ព្រះធម្មកាយ បន្ទាប់​ពី​បុគ្គល​មាន​ជំនឿស៊ប់​ម្នាក់ ដែល​ជា​បុគ្គលិក​ជាន់​ខ្ពស់​មួយ​រូប​នៃ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​កន្លែង បាន​លួច​បន្លំ​ប្រាក់ ៣៤៤ លាន​ដុល្លារ​អាមេរិក និង​បាន​បរិច្ចាគ​ប្រាក់ ៤២ លាន​ដុល្លារ​អាមេរិក មក​ឲ្យ​វត្ត​អារាម​នេះ។ មន្ត្រី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​រូប​នោះ​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ១៦ ឆ្នាំ ពី​បទ​ចោរកម្ម។ វត្ត​ព្រះធម្មកាយ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បង់​ប្រាក់​ទៅ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​នោះ​វិញ ក្នុង​ចំនួន​សរុប ៣០ លាន​ដុល្លារ​អាមេរិក ជា​សាច់ប្រាក់ និង​ជា​សែក។

ប៉ុន្តែ អាជ្ញាធរ​ថៃ​បាន​និយាយ​ថា ព្រះ​ចៅ​អធិការ Dhammajayo ត្រូវ​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ប្រាក់​បរិច្ចាគ​នោះ ក៏ដូចជា​បទ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត។ ក្នុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ថៃ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ព្រះ​ចៅអធិការវត្ត​រូប​នេះ តែ​ព្រះ​អង្គ​បាន​គេច​ពី​ការ​ចាប់ខ្លួន​នេះ ដោយ​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ។

ក្រុម​មេធាវី​របស់​ព្រះ​ចៅអធិការ​វត្ត​អង្គនេះ បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ព្រះ​អង្គ​មិន​បាន​ដឹង​ថា ប្រាក់​បរិច្ចាគ​នោះ​គឺ​បាន​មក​ពី​ប្រាក់​លួច​បន្លំ​នោះ​ទេ។

ដោយ​អនុវត្ត​អំណាច​ទៅ​តាម​រដ្ឋធម្មនុញ្ញ​បណ្ដោះ​អាសន្ន ដែល​ផ្ដល់​អំណាច​ទូលំទូលាយ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-Cha) រដ្ឋាភិបាល​ថៃ​បាន​បន្ថែម​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​វត្ត​ព្រះធម្មកាយ​នេះ។

ការ​ចុះ​ឆែកឆេរ​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា

ប៉ូលិស និង​មន្ត្រី​រាប់​រយ​នាក់​ត្រូវ​បាន​បញ្ជូន​មក​វត្ត​ព្រះធម្មកាយ ចាប់តាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​មក​ម្ល៉េះ ដែល​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នឹង​ព្រះសង្ឃ និង​អ្នកគាំទ្រ​ព្រះ​ចៅ​អធិការ ដែល​ឈរ​តម្រៀប​គ្នា​ជា​ច្រើន​ជួរ។

ប៉ូលិស​ថៃ​ឆែក​អត្តសញ្ញាណ​ព្រះសង្ឃ​មួយ​អង្គ​នៅ​វត្ត​ព្រះធម្មកាយ​នៅ​ខេត្ត Pathum Thani ភាគ​ខាង​ជើង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ប៉ូលិស​ថៃ​ឆែក​អត្តសញ្ញាណ​ព្រះសង្ឃ​មួយ​អង្គ​នៅ​វត្ត​ព្រះធម្មកាយ​នៅ​ខេត្ត Pathum Thani ភាគ​ខាង​ជើង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

លោក Gotham Areeya ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​សិក្សា​ផ្នែក​សិទ្ធិ​មនុស្ស និង​សន្តិភាព​នៅ​សាកល​វិទ្យាល័យ Mahidol បាន​និយាយ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ផ្លូវការ​ដើម្បី «កែទម្រង់» ពុទ្ធសាសនា និង​កាត់​បន្ថយ​ឥទ្ធិពល​របស់​វត្ត​ព្រះធម្មកាយ។

លោក​ Gotham បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ « [ស្ថាប័ន​ពុទ្ធសាសនា] បាន​ពិនិត្យ​ពិច័យ​លើ​របៀប​ដែល​វត្ត​ព្រះធម្មកាយ​កំពុង​ពង្រីក​ខ្លួន ដោយ​បង្កើត​ឲ្យ​មាន​អ្នក​ប្រតិបត្តិ​តាម​កាន់​តែ​ច្រើន​ទៅៗ ដែល​មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅ​ខាង​ក្រៅ​ប្រទេស​ផង​ដែរ​នោះ។ ឥទ្ធិពល​របស់​វត្ត​នេះ​គឺ​ដោយសារ​វត្ត​នេះ​មាន​អ្នកគ្រប់គ្រង​ប៉ិនប្រសព្វ ដែល​ពួកគេ​អាច​រៀបចំ​ពិធី​បំបួស​ព្រះសង្ឃ​ម្ដង​បាន​មួយ​សែន​អង្គ​ឯ​នោះ។ វត្ត​នេះ​ជា​កន្លែង​ដ៏​មាន​ឥទ្ធិពល​មួយ ដោយ​មាន​ប្រាក់​បរិច្ចាគ​ឧបត្ថម្ភ​ជា​ច្រើន»។

យុទ្ធសាស្ត្រ​នៃ​ការ​បំបួស​ព្រះសង្្ឃជា​ក្រុម និង​ពិធី​បុណ្យ​នានា បាន​ទាក់ទាញ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ ដែល​ក្នុង​នោះ​រួម​មាន​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល អ្នក​ការិយាធិបតេយ្យ និង​សហគមន៍​អ្នក​ជំនួញ​ជា​ដើម។

ទោះ​ជា​យ៉ាងណាក្ដី ឥទ្ធិពល​របស់​វត្ត​ព្រះធម្មកាយ​នេះ បាន​នាំ​ឲ្យ​មាន​ការ​ប្រេះស្រាំ​នៅ​ក្នុង​សហគមន៍​អ្នក​កាន់​សាសនា​ព្រះពុទ្ធ។

ការ​បែងចែក​មេដឹកនាំ​ពុទ្ធសាសនា​នៅ​ថៃ

អ្នក​សង្កេតការណ៍​នានា​និយាយ​ថា វត្ត​ព្រះធម្មកាយ​បាន​ស្វះស្វែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​តាមរយៈ​ក្រុម​ព្រះសង្ឃ​ដែល​មើល​ការ​ខុសត្រូវ​លើ​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ថៃ ក៏ដូចជា​តាម​រយៈ​ការិយាល័យ​ពុទ្ធសាសនិក​ជាតិ​ផង​ដែរ។

កាល​ពី​ឆ្នាំ ១៩៩៩ សម្ដេច​ព្រះ​សង្ឃរាជ​នា​គ្រា​នោះ​បាន​ចោទប្រកាន់​វត្ត​ព្រះធម្មកាយ​ថា​បាន​បកស្រាយ​ខុស​ចំពោះ​ទ្រឹស្ដី​ពុទ្ធ​សាសនា ដោយ​បង្កើត​ឲ្យ​មាន​ជម្លោះ និង​បាន​ស្នើ​ឲ្យ​ផ្សឹក​ព្រះ​ចៅអធិការ Dhammajayo។ ហើយ​ក៏​មាន​ការ​ប្រកាស​ថា ព្រះ​ចៅអធិការ Dhammajayo ត្រូវ​តែ​ប្រគល់​មក​វិញ​នូវ​គ្រប់​ទ្រព្យ​សម្បត្តិ និង​ថវិកា​ទាំង​អស់ ដែល​ព្រះ​អង្គ​ទទួល​បាន ក្នុង​អំឡុង​ពេល​ព្រះអង្គ​បំពេញ​តួនាទី​ជា​ព្រះសង្ឃ។

ដូនជី​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​អដ្ឋិធាតុ​សម្តេច​សង្ឃ​ អំឡុងពេល​ពិធី​បូជា​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
ដូនជី​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​អដ្ឋិធាតុ​សម្តេច​សង្ឃ​ អំឡុងពេល​ពិធី​បូជា​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។

បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​មួយ​ប្រឆាំង​នឹង​ព្រះ​ចៅ​អធិការ Dhammajayo ត្រូវ​បាន​ដក​ចេញ​វិញ​កាល​ពី​ឆ្នាំ ២០០៦ ហើយ​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ពុទ្ធសាសនា​ជាតិ​ក៏​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន «ដោយសារ​តែ​មិនមានភស្តុតាងគ្រប់គ្រាន់»។

ប៉ុន្តែ​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១៤ មក រដ្ឋាភិបាល​យោធា​បាន​ចាត់​វិធានការ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​វត្តអារាម​នោះ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ឥទ្ធិពល​របស់​វត្ត​នេះ​នៅ​ក្នុង​ឋានានុក្រម​របស់​ព្រះពុទ្ធ​សាសនា​ផង​ដែរ។

ការ​តែង​តាំង​សម្ដេច​ព្រះ​សង្ឃរាជ​ថ្មី​ព្រះ​នាម Ariavongsagatanana ត្រូវ​បាន​ធ្វើឡើង បន្ទាប់​ពី​មាន​ការ​កែប្រែ​ច្បាប់​ដែល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ព្រះមហាក្សត្រ​ ព្រះបាទ Maha Vajiralongkorn ដែល​ជា​ព្រះមហាក្សត្រ​ថ្មី​របស់​ថៃ ក្នុង​ការ​ជ្រើសរើស​សម្ដេច​ព្រះ​សង្ឃរាជ។

​ការ​តែងតាំង​នេះ​មាន​ឥទ្ធិពល​លុប​លើ​ការ​ជ្រើសរើស​សម្ដេច​ព្រះសង្ឃរាជ​កាល​ពី​លើក​មុនៗ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ទំនាក់ទំនង​ជិត​ដិត​នឹង​វត្ត​ព្រះធម្មកាយ។

នៅ​ក្នុង​ចំណាត់​ការ​បន្ត​ទៀត នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា បាន​ដក​ប្រមុខ​ការិយាល័យ​ពុទ្ធសាសនា​ជាតិ​ចេញ​ពី​តំណែង ដោយ​បាន​ដាក់​សមាជិក​មួយ​រូប​របស់​មន្ទីរ​ស៊ើបអង្កេត​ពិសេស​នៃ​ក្រសួងយុត្តិធម៌​ជំនួស​វិញ។

លោក​ប្រាយុទ្ធ​ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​យោធា និង​ប៉ូលិស​បន្ត​ស្វែងរក​ព្រះ​ចៅអធិការ​វត្ត​ព្រះធម្មកាយ​បន្ដ​ទៀត។ ប៉ុន្តែ​ក្រុម​អ្នក​កាន់​ពុទ្ធសាសនា​នានា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​បទបញ្ជា​នោះ។

ការ​ស្វែងរក​ព្រះ​ចៅអធិការ​វត្ត​ព្រះធម្មកាយ

លោក​ឧបនាយក​រដ្ឋមន្ត្រី Prawit Wongsuwan បាន​និយាយ​ថា រដ្ឋាភិបាល​ប្ដេជ្ញា​បន្ត​ស្វែង​រក​ព្រះចៅ​អធិការ​វត្ត​ព្រះធម្មកាយ​ទៅ​មុខ​ទៀត។

លោក Prawit បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា៖ «ការ​ស្វែងរក​ (ព្រះចៅអធិការ) នឹង​នៅ​តែ​បន្ត មិន​ថា​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៅ​មុខ​ទៀត ឬ​សូម្បី​តែ​រយៈពេល​មួយ​ឆ្នាំទៀតក៏ដោយ... ក្រុម​អាជ្ញាធរ​កំពុង​ព្យាយាម​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា។ ប៉ុន្តែ​ វា​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​បន្ត​អនុវត្ត​ច្បាប់»។

លោក Panitan Wattanayagorn ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ទីប្រឹក្សា​របស់​លោក​ Prawit បាន​និយាយ​ថា មាន​សំណើ​មួយ​បាន​ស្នើ​ទៅ​ព្រះ​ចៅ​អធិការ Dhammajayo ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ និង «តតាំង​នៅ​ក្នុង​រឿង​ក្ដី​នេះ» ប៉ុន្តែ​សំណើ​នោះ​ត្រូវ​បាន​ច្រានចោល។

លោក Panitan បាន​ប្រាប់​ VOA ថា៖ «ដូចនេះ​រដ្ឋាភិបាល​មិន​ស្ថិត​នៅ​ក្នុង​គោលជំហរ​ណាមួយ​ដែល​ដកថយ​ពី​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ មាន​ការ​ព្យាយាម​ក្នុង​ការ​ធានា​ពី [ការ​បញ្ចៀស] ផលវិបាក​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ពី​ការ​ជំរុញ​ទៅ​មុខ​ចំពោះ​ការ​អនុវត្ត​ច្បាប់»។

ព្រះសង្ឃ​និង​អ្នក​មាន​ជំនឿស៊ប់​អង្គុយ​នៅ​ខាង​ក្រៅ​វត្ត​ព្រះធម្មកាយ​ក្នុង​ខេត្ត Pathum Thani ភាគ​ខាង​ជើង​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ​២០១៦។
ព្រះសង្ឃ​និង​អ្នក​មាន​ជំនឿស៊ប់​អង្គុយ​នៅ​ខាង​ក្រៅ​វត្ត​ព្រះធម្មកាយ​ក្នុង​ខេត្ត Pathum Thani ភាគ​ខាង​ជើង​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ​២០១៦។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​មាន​គោលដៅ​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា។ លោក​បាន​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​នានា «ត្រូវ​ធ្វើការ​ដោយ​សន្តិវិធី ហើយ​ពួកគេ​ត្រូវ​ធានា​ថា នឹង​មាន​ដំណោះស្រាយ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​អាច​ទទួល​យក​បាន»។

ព្រះតេជគុណ Mano Laohavanich ដែល​ជា​អតីត​ព្រះសង្ឃ​ជាន់​ខ្ពស់​មួយ​អង្គ​នៅ​វត្ត​ព្រះធម្មកាយ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ទ្រឹស្ដី​ពុទ្ធសាសនា​របស់​ព្រះ​ចៅ​អធិការ Dhammajayo បន្ទាប់​ពី​បាន​សិក្សា​ទ្រឹស្ដី​នោះ​អស់​រយៈពេល ១៧ ឆ្នាំ មក​ហើយ​នោះ បាន​គិត​ថា ព្រះចៅអធិការ​គឺ​កំពុង​ស្ថិតនៅ​ក្នុង​វត្តអារាម​នោះ ហើយ​បាន​គេច​ខ្លួន​ពី​ការ​តាម​ចាប់​កន្លង

ព្រះតេជគុណ Mano បាន​ប្រាប់​ VOA ថា៖ «ព្រះអង្គគិត​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​នឹង​មិន​អូស​បន្លាយ​យូរ​នោះ​ទេ គឺ​ប្រហែល​ជា ១ ឬ ២ សប្ដាហ៍​យ៉ាង​យូរ​បំផុត។ មន្ត្រី​សន្តិសុខ​ត្រូវ​បំបែក​ក្រុម​មនុស្ស​នៅ​ឯ​ផ្សារ​ក្នុង​ស្រុក​មួយ ដែល​តវ៉ា​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល។ ហើយ​បន្ទាប់​មក​ពួកគេ​ត្រូវ​បិទ​ប្រព័ន្ធ​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដល់​វត្ត​នោះ។ នេះ​ជា​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​វា»។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ ហើយ​មិន​មាន​ផ្លូវ​ណា​មួយ ដែល​ព្រះចៅ​អធិការ​អាច​រត់​គេច​ខ្លួន​បាន​ឡើយ។

លោក Attayuth Bootsiripoom អ្នក​និពន្ធ​ប្រចាំ​សារព័ត៌មាន The Nation បានចោទសួរ​ពី «ភាព​ស្របច្បាប់​នៃ​ការ​បញ្ជូន​មន្ត្រី​ប៉ូលិស និង​ទាហាន​រាប់​ពាន់​នាក់​ដើម្បី​ចាប់​ព្រះសង្ឃ​មួយ​អង្គ ដែល​គិត​ឲ្យ​សព្វ​ទៅ គឺ​ត្រូវ​បាន​ចោទប្រកាន់​ត្រឹមតែ​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ប៉ុណ្ណោះ​ជាជាង​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ណា​មួយ​នោះ»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG