ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​គ្រងរាជ្យ​​សម្បត្តិ​តាម​រដ្ឋ​ធម្មនុញ្ញ​​១០​ឆ្នាំ​​កន្លង​មក​​


ព្រះមហា​ក្សត្រ​ខ្មែរ​​នរោត្តម​សីហមុនី​​យាង​នៅ​​មុខ​រដ្ឋសភា​​ ដោយ​មាន​​អ្នក​នយោបាយ​​និង​​អ្នក​ការទូត​ចូលរួម​​
ព្រះមហា​ក្សត្រ​ខ្មែរ​​នរោត្តម​សីហមុនី​​យាង​នៅ​​មុខ​រដ្ឋសភា​​ ដោយ​មាន​​អ្នក​នយោបាយ​​និង​​អ្នក​ការទូត​ចូលរួម​​

ប្រទេស​កម្ពុជារៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ខួបឡើង​គ្រងរាជ្យ​សម្បត្តិ​១០​ឆ្នាំ​ របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរម​នាថ​ នរោត្តម​ សីហមុនី​ នៅព្រឹក​ថ្ងៃពុធនេះ។​ ក្រុម​អ្នក​វិភាគ​ខ្លះ​អះអាង​ថា​ ថ្វី​ដ្បិត​តែព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​ជា​សំខាន់​យ៉ាង​ច្រើន ​ដើម្បីឲ្យ​មានការ​ទាក់ទាញ​ក្រុម​អ្នក​នយោបាយ​និង​ប្រជា​ពលរដ្ឋ​ខ្លះ​មែន​ តែនៅ​មិន​ទាន់​មាន​ប្រជាប្រិយភាព​ដូចជា​ព្រះរាជ​បិតា​របស់​ព្រះ​អង្គ​នៅ​ឡើយ​ទេ​ក្នុង​ចំណោម​ប្រជារាស្ត្រ​ទូទៅ​របស់​ព្រះអង្គ​នោះ។​

ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រារព្ធខួប១០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ក្រុម​អ្នក​វិភាគ​ខ្លះ​និង​អ្នក​នយោបាយ​មួយ​ចំនួន​បានកត់​សម្គាល់​ពីស្នា​ព្រះហស្ថ​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរម​នាថ​នរោត្ត​ សីហមុនី​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពីព្រះ​រាជ​បិតា​ជា​ទីគោរព​របស់​ព្រះអង្គ​ កាលពី​ថ្ងៃ​ទី​២៩ ​ខែ​តុលា​ឆ្នាំ​២០០៤។​

ព្រះរាជ​តួនាទី​ដែល​គេ​បាន​រៀប​រាប់​ទាំងនោះ​ត្រូវ​គេ​ចាត់ទុក​ថា​ ជា​ព្រះរាជ​តួនាទី​ សំខាន់​សម្រាប់​ជាតិ​ ទាំង​វិស័យ​ការទូត​ ព្រះរាជកិច្ច​ជាមួយ​ប្រជា​រាស្ត្រ​នៅ​តាម​ ទី​ជនបទ​ បន្ត​រក្សា​សន្តិភាព​ និង​ស្ថិរភាព​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​នឹង​ការ​ រក្សា​អព្យាក្រិត្យ​ភាព​រវាង​គណបក្ស​នយោបាយ​ជាដើម​ ទោះជា​ព្រះអង្គ​មិន​ទាន់​បាន​បំពេញ​ព្រះរាជ​កិច្ច​ធំធេង​ជា​ប្រវត្តិសាស្ត្រ​ដូច​ព្រះ​បិតា​របស់​ព្រះ​អង្គ​នៅ​ឡើយ​ក្តី។​

លោក​បណ្ឌិត​សុខ ​ទូច ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​អះ អាង​ថា៖​

«យើង​ឃើញ​ថា ​ព្រះ​អង្គ​លោក​គង់​នៅ​ឆ្ងាយ​ពីឆាក​នយោបាយ​តាមរដ្ឋ​ធម្មនុញ្ញ​ ដែល​ចែង​ថា​ ព្រះអង្គ​អត់ធ្វើ​នយោបាយ​ តែ​ព្រះ​អង្គ​ដើរ​តួនាទី​សម្រប​សម្រួល​ នយោបាយ​គឺព្រះអង្គ​ជាម្លប់​ដល់អ្នក​នយោបាយ​ ហើយ​ព្រះអង្គ​នៅ​អព្យាក្រិត្យ​ ភាព»។​

លោក​បាន​បន្ត​ថា ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កាន់​របប​រាជានិយម​អាស្រ័យ​ធម្មនុញ​ដែល​ព្រះ​មហា​ក្សត្រ​ធ្វើ​អ្វីៗ​ទៅតាម​រដ្ឋធម្មនុញ្ញ​ ដែល​មាន​ចែងពី​ព្រះ​រាជ​កិច្ច ​និង​តួនាទី​របស់​ព្រះ​អង្គ។​

លោក​កឹម សុខា ​អនុប្រធាន​សភា ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ អះអាង​ថា​ សមាជិក​សភា​១២៣​រូបចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​រឭកខួប​ឡើង​គ្រងរាជ្យ​១០​ឆ្នាំ ​ដូច​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ដែរ​ នៅ​ព្រឹក​នេះ​ ក្រោយ​ ពី​បាន​ចូលរួម​ថ្វាយ​ព្រះពរ​ និង​អបអរសាទរ​ក្នុង​ព្រះ​បរមរាជ្យ​វាំង​កាលពី​ថ្ងៃអង្គារ​ ទី​២៨ ​ខែតុលា។​

«ស្ថាប័ន​នានា​គេ​តែងតែ​ធ្វើលិខិត​ថ្វាយ​ព្រះពរ ​ហើយ​សុំ​ឲ្យព្រះអង្គ​លោក​បន្ត​ ដឹក​នាំ​ ឬក៏​គ្រប់គ្រង​រាជ​បល្ល័ង​ឲ្យបានល្អ​ជាម្លប់​ត្រជាក់​ដល់​ប្រទេស​ជាតិ​ និង​កូន​ចៅ​ប្រជារាស្ត្រ​ខ្មែរត​ទៅ​មុខ​ទៀត»។​

លោក​បណ្ឌិត​ ពុទ្ធា ហង្ស​ អ្នកឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​ម្នាក់​មក​ពីអង្គការ​ឯករាជ្យ​សម្រាប់ឃ្លាំមើល​ការបោះ​ឆ្នោត​ ឈ្មោះ​និចហ្វិក​ បាន​អះអាង​ថា​ ព្រះអង្គ​គឺ​ជា​ម្លប់​ និង​ជា​តំណាង​ក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។​

«រយៈ​ពេល​១០ឆ្នាំ​នេះ​គឺព្រះ​មហាក្សត្រ​កម្ពុជា​បាន​បំពេញ​ព្រះរាជ​តួនាទី​ដែល​ ពល​រដ្ឋ​ទូទៅ​អាចមើល​ឃើញ​បាន​នោះគឺ​ព្រះអង្គ​គឺ​ជា​តំណាង​ ជា​ព្រះ​មហាក្សត្រ​ ស្រប​ទៅនឹង​បាវចនា​ ជាតិ​ សាសនា​ ព្រះ​មហា​ក្សត្រ»។​

លោក​បាន​បន្ត​ថា៖​

«ខ្ញុំ​ឃើញ​ព្រះអង្គ​ជាព្រះ​មហា​ក្សត្រ​ខ្មែរ​ចូលរួម​ក្នុង​ពិធី​ប្រពៃណី​ ឬ​ក៏​ពិធី​សាសនា​ របស់​ជាតិ។ ​ហើយ​ទី២​ ក្នុង​នាម​ព្រះ​មហា​ក្សត្រ​ ព្រះអង្គ​បានយាង​ចុះ​ទៅ​សួរសុខ​ ទុក្ខ​ប្រជា​ពលរដ្ឋ​ដោយ​អន្លើរៗ។​ ហើយ​ទី៣​ លោក​ចេញ​ព្រះភ័ក្រ្ត​ទៅ​ចូល​រួម​ ដោយ​បើក​សភា​ ឬក៏​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ដោយ​គណបក្ស​នយោបាយ ឬ ​រដ្ឋាភិបាល»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​សុខ ទូច​បាន​អះអាង​ថា ​ព្រះរាជ​សកម្មភាព​ របស់​ព្រះ​មហា​ក្សត្រ​ហាក់​ដូចជា​មិនសូវ​មាន​សកម្មភាព​ដូចជា​ព្រះរាជ​បិតា​របស់​ព្រះអង្គ​ និង​ដូចជា​ក្សត្រ​ប្រទេស​ថៃ​ ជា​ប្រទេស​ជិត​ខាង​កម្ពុជា​ទេ។​

«ប៉ុន្តែ​តាម​ដែល​ធ្វើ​ សកម្មភាព​ព្រះអង្គ​មិន​សូវ​ជាមាន​ថវិកាផ្ទាល់​ខ្លួន​ព្រះអង្គទេ​ ​ខុស​ពី​ស្តេចថៃ ​សេ្តច​ដែល​គ្រង​រាជ្យ​ ហើយ​មាន​អំណាច​ហើយ​មាន​លុយ​ មាន​ទាំង​ជំនួញ​ផ្ទាល់ខ្លួន​ទៀត។ ​តែព្រះ​មហា​ក្សត្រ​ខ្មែរ​ ព្រះអង្គ​អត់​ទេ ​ព្រះអង្គ​ប្រហែល​ជា​រង់ចាំ​ការ​ឧបត្ថម្ភ​ពី​រាជ​រដ្ឋាភិបាល»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយយោង​ទៅលើ​ប្រជាប្រិយភាព​ ឥទ្ធិពល​ស្តេច​ថៃ ​និង​ ជា​ពិសេស​គឺ​ឥទ្ធិពល​ស្នា​ព្រះហស្ថ​សម្តេច​ឳ​ដែល​អ្នក​នយោបាយ​ ប្រជា​ពលរដ្ឋ​ ជាទូទៅ​បាន​ចងចាំ​គឺ​ការ​ដែល​ព្រះអង្គ​បាន​ទាមទារ​ឯករាជ្យ​ពី​បារាំង ​ការពារ​ បូរណភាព​ទឹកដី​ ទាមទារ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ពី​ប្រទេស​ថៃ ​និង​ព្រះរាជ​ តួនាទី​បង្រួប​ប្រង្រួម ​ផ្សះផ្សារ​ជាតិ​ជាដើម។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក​ញ៉ឹក ប៊ុនឆៃ ​អគ្គ​លេខាធិការ​គណបក្ស​ហ៊្វុនស៊ីនប៉ិចដែលជា​គណបក្ស​បង្កើត​ដោយស្នា​ព្រះហស្ថ​សម្តេច​ឳ​ព្រះ​បាទ​ សម្តេច​ព្រះនរោត្តម​សីហនុ ​បាន​អះអាង​ថា ​ព្រះ​មហា​ក្សត្រ​ខ្មែរ​បច្ចុប្បន្ន​ក៏​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ច្រើន​ក្នុង​រយៈ​ពេល​១០ឆ្នាំ​កន្លង​មក​ ទាំងការ​ទូត ​និង​ព្រះ​រាជ​កិច្ច​ជួយ​ដល់​ប្រជារាស្ត្រ​ក្រីក្រ​នៅតាម​ជនបទ​និង​បន្ត​តាម​ព្រះរាជ​កិច្ច​របស់​ព្រះ​រាជ​បិតា​ព្រះអង្គ​ដែរ​ ទាក់ទង​នឹង​សន្តិភាព។​

«ហើយ​សំខាន់​មួយទៀត​គឺការ​ធ្វើឲ្យ​សន្តិភាព​ ស្ថិរភាព​ដែល​មាន​ពីមុន​មក​នោះ​ ចេះ​តែ​បន្ត​ទៅមុខ ​គឺ​ព្រះអង្គ​បានធ្វើ​កិច្ចការ​ច្រើន​ក្នុង​រយៈពេល​១០​ឆ្នាំ​នេះ»។​

ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ ពួកគេ​ចង់ឃើញ​ព្រះ​មហា​ក្សត្រ​បន្ត​គង់​ជា​អព្យាក្រិត្យ​ និង​បង្កើន​ព្រះ​រាជ​កិច្ច​ជួយដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថែម​ទៀត​ដែល​កំពុង​ជួប​ប្រទះបញ្ហា​ជីវភាព​ជាប្រចាំ​នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​ព្រះអង្គ៕

XS
SM
MD
LG