ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​តាលីបង់​បញ្ចេញ​យុទ្ធនាការ​វាយប្រហារ​រដូវ​ផ្ការីក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


ស្នាម​គ្រាប់​កាំភ្លើង​ស្ថិត​នៅ​លើ​ជញ្ជាំង​នៃ​ព្រះវិហារ​មួយ​ នៅ​មូលដ្ឋាន​យោធា​អាហ្វហ្គានីស្ថាន ទី​ដែល​ក្រុម​តាលីបង់​វាយប្រហារ​ទៅ​លើ​ទាហាន​ជាច្រើន​ កាលពី​សប្តាហ៍​មុន នៅ​ក្នុង​ក្រុង Mazar-i-Sharif ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

ក្រុម​តាលីបង់​បាន​បញ្ចេញ​យុទ្ធនាការ​ប្រចាំ​ឆ្នាំ​ដែល​ពួកគេ​ដាក់​ឈ្មោះ​ថា​ «ការ​វាយ​បក​រដូវ​ផ្ការីក‍»​ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​បញ្ជាក់​ថា​ ពួកគេ​នឹង​ដាក់​គោលដៅ​វាយប្រហារ​តែ​លើ​កងកម្លាំង​ «កាន់កាប់» ​បរទេស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ដើម្បី​បណ្តេញ​កងទ័ព​ទាំង​នោះ​ចេញ​ពី​ប្រទេស។​

នៅ​ក្នុង​សេចក្តីប្រកាស​ជា​ផ្លូវការ​ដែល​បាន​ផ្សាយ​ដល់​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​បះបោរ​ឥស្លាម​បាន​អះអាង​ថា​ «ប្រតិបត្តិការ​ Mansouri‍»​ បាន​ដំណើរការ​តាំង​ពី​ព្រឹក​ថ្ងៃសុក្រ​នៅ​ខេត្ត​ទាំង​៣៤​របស់​ប្រទេស​អាហ្វហ្គានីស្ថាន។

​ក្រុម​នេះ​បាន​ពន្យល់​ថា​ប្រតិបត្តិការ​វាយបក​នេះ​គឺ​ដាក់​តាម​ឈ្មោះ របស់​មេដឹកនាំ​ក្រុម​តាលីបង់​ឈ្មោះ​ Mullah Akhtar Mansour ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​យន្តហោះ​ដ្រូន​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។​

អ្នកនាំពាក្យ​របស់​ក្រសួង​ការពារជាតិ​អាហ្វហ្គានីស្ថាន​លោក​ Mohammad Radmanesh បាន​ច្រានចោល​ការ​ប្រកាស​របស់​ក្រុម​បះបោរ​នេះ​ថា​វា​គ្រាន់តែ​ជា​ឈ្មោះ​មួយ​ទៀត​ដែល​ក្រុម​ភេរវករ​ប្រើប្រាស់​ក្នុង​គោលបំណង​ឃោសនា​ និង​ការ​វាយប្រហារ​មក​លើ​ជនស៊ីវិល​ស្លូត​ត្រង់​តែ​ប៉ុណ្ណោះ។ លោក​បាន​ប្រាប់​ VOA ថា​ កងកម្លាំង​អាហ្វហ្គានីស្ថាន​ត្រៀម​ខ្លួន​ជាស្រេច​ហើយ​ និង​ថា​ដូចឆ្នាំ​មុន​ដែរ​គឺ​នឹង​ធ្វើ​ឱ្យ ​«ប្រតិបត្តិការ​ Mansouri‍»​ ថ្មី​របស់​ក្រុម​តាលីបង់​បរាជ័យ។

ការ​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ​កើត​មាន​ឡើង​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​ក្រុម​តាលីបង់​បាន​ធ្វើ​ការ​វាយ​ឆ្មក់​ដ៏​ប្រល័យ​បំផុត​លើ​មូលដ្ឋាន​កងទ័ព​របស់​អាហ្វហ្គានីស្ថាន​នៅ​ទីក្រុង ​Mazar-i-Sharif ​ដែល​នៅ​ភាគ​ខាង​ជើង​ប្រទេស៕

XS
SM
MD
LG