ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស៊ីរី​គឺ​ជា​របៀប​វារៈ​កំពូល​នៅ​ក្នុង​ជំនួប​រវាង​លោក Trump និង​លោក Lavrov


លោកប្រធានាធិបតី ត្រាំ ចាប់ដៃជាមួយ​រដ្ឋមន្ត្រីការបរទេស​លោក Sergey Lavrov នៅ​សេតវិមាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

ស៊ីរី​ស្ថិត​នៅ​លើ​របៀប​វារៈ​កំពូល​កាលពី​ថ្ងៃ​ពុធ ខណៈ​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov មក​ជួប​លោក​ប្រធានាធិបតី Donald Trump និង​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក Rex Tillerson។ ជំនួប​ទាំង​នេះ​បាន​ផ្តោត​ទៅ​លើ​បញ្ហា​ចម្បងៗ​ជា​ច្រើន​របស់​ពិភពលោក។

ក្នុង​អំឡុង​ពេល​ថត​រូប​ជាមួយ​នឹង​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Henry Kissinger នោះ លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​យ៉ាង​រាក់ទាក់​អំពី​ជំនួប​របស់​លោក​ជាមួយ​នឹង​មន្ត្រី​ការទូត​កំពូល​របស់​រដ្ឋាភិបាល​រុស្ស៊ី។

«ខ្ញុំ​មាន​ជំនួប​យ៉ាង​ល្អ​ជាមួយ​លោក Lavrov។ ខ្ញុំ​គិត​ថា​ ជំនួប​នោះ​ធ្វើ​ឡើង​បាន​ល្អ​ខ្លាំង​ណាស់»។

មួយ​ថ្ងៃ​បន្ទាប់​ពី​បណ្តេញ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​ FBI ដែល​កំពុង​តែ​ស៊ើប​អង្កេត​ទៅ​លើ​ទំនាក់​ទំនង​រវាង​យុទ្ធនាការ​ប្រធានាធិបតី​ឆ្នាំ​២០១៦ របស់​លោក Trump ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​នោះ លោក Trump បាន​ថ្លែង​ថា កិច្ច​ពិភាក្សា​រវាង​អាមេរិក​និង​រុស្ស៊ី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

«ខ្ញុំ​គិត​ថា​ យើង​នឹង​ដោះស្រាយ​បញ្ហា​នៅ​ស៊ីរី​បាន​ល្អ។ ខ្ញុំ​គិត​ថា​ អ្វី​ដែល​កំពុង​តែ​កើត​ឡើង​គឺ​ពិត​ជា​មាន​ភាព​វិជ្ជមាន​ខ្លាំង​ណាស់។ យើង​នឹង​បញ្ឈប់​ការ​សម្លាប់​និង​ចំនួន​នៃ​មនុស្ស​ស្លាប់»។

លោក Trump មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ ប៉ុន្តែ​ក្រោយ​មក លោក Lavrov បាន​ផ្តល់​ការ​វាយ​តម្លៃ​ទៅ​លើ​កិច្ច​ពិភាក្សា​នេះ​ប្រកប​ដោយ​ក្តី​សង្ឃឹម។

«យើង​បាន​ពិភាក្សា​អំពី​បញ្ហា​នៅ​ស៊ីរី​យ៉ាង​លម្អិត​នៅ​ក្នុង​គោល​គំនិត​ដែល​ត្រូវ​បាន​លើក​ឡើង​ជុំវិញ​ការ​ដោះស្រាយ​ភាព​តាន​តឹង​នៅ​ក្នុងតំបន់​ទាំង​នោះ។ វា​នឹង​ជា​ជំហាន​មួយ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​មនុស្ស​ជាតិ​ទាំង​នោះ»។

សេច​ក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​របស់​សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​បាន​សង្កត់​បញ្ជាក់​អំពី​សេចក្តី​ត្រូវ​ការ​ឲ្យ​រុស្ស៊ី​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ុយក្រែន។

ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​វិជ្ជមាន​មិន​អាច​លាក់​បាំង​ពី​ទំនាក់​ទំនង​ដ៏​លំបាក​រវាង​រដ្ឋាភិបាល​អាមេរិក​និង​រុស្ស៊ីនោះ​ទេ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​រុស្ស៊ី​លោក Steven Pifer។

«ពាក់​ព័ន្ធ​នឹង​បញ្ហា​នៅ​ស៊ីរី វា​មើល​ទៅ​ នៅ​តែ​មាន​លក្ខណៈ​ខុស​គ្នា​ធំៗ​មួយ​ចំនួន​ផង​ដែរ ដែល​សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​បាន​ស្នើ​ឲ្យ​លោក Lavrov ដាក់​កំហិត​ទៅ​លើ​លោក Assad មេដឹកនាំ​ប្រទេស​ស៊ីរី ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​ដាក់​កំហិត​ទៅ​លើ​អ៊ីរ៉ង់​និង​អំណាច​របស់​អ៊ីរ៉ង់។ ហើយ​តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ​ វា​មិន​មែន​ជា​អ្វី​ដែល​រុស្ស៊ី​នឹង​ធ្វើ​ទៅ​តាម​នោះ​ទេ។ ដូច្នេះ វា​ហាក់​បី​ដូច​ជា​ការ​ចង់​រក​វិធី​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ ប៉ុន្តែ​ហាក់​បី​ដូច​ជា​នៅ​តែ​ជា​ឧបសគ្គ​យ៉ាង​ធំ រួម​ទាំង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មានរបស់​លោក លោក Lavrov បាន​ថ្លែង​ចំអក​ទៅ​លើ​គំនិត​ដែល​ថា រុស្ស៊ី​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​ការបោះឆ្នោត​របស់​អាមេរិក​កាល​ពី​ឆ្នាំ​មុន ដោយ​ហៅ​សេចក្តី​រាយការណ៍​ព័ត៌មាន​ទាំង​នោះ​ថា​ជា «ព័ត៌មាន​ក្លែង​ក្លាយ» ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​អាម៉ាស់។

«ខ្ញុំ​ជឿ​ថា ក្រុម​អ្នក​នយោបាយ​កំពុង​បំផ្លាញ​ប្រព័ន្ធ​នយោបាយ​របស់​អាមេរិក ដោយ​ព្យាយាម​ធ្វើ​ជា​មាន​នរណា​ម្នាក់​កំពុង​ត្រួតត្រា​អាមេរិក​ពី​ខាង​ក្រៅ»។

កាលពី​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ Rex Tillerson លោក Lavrov បាន​ធ្វើ​ជា​មិន​ដឹង​អំពី​ការ​បណ្តេញ​លោក​ James Comey នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត FBI ចេញ​ពី​តំណែង។

«តើ​លោក​ពិត​ជា​ត្រូវ​បាន​បណ្តេញ​ចេញ? អ្នក​និយាយ​លេង​ទេ​ឬ»?

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG