ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​តុលាការ​កំពូល​បាន​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​រូប​នៃ​អង្គការ​អាដហុក​


លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។

លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។

តុលាការ​កំពូល​បាន​ ​បដិសេធ​សំណើ​របស់​មេធាវី​ការពារ​ក្តី​ ​ដោយ​ផ្អែក​លើ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ និង​​យោង​តាម​មាត្រា​ ​២០៨​ ​នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​​ណាចក្រ​កម្ពុជា​ ​ ​ក្នុង​ការ​មិន​អនុ​ញាតិ​ឲ្យ​កូន​ក្តី​លោក​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។

នាព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​តុលាការ​កំពូល​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់ក្រុម​មន្ត្រី​សិទ្ធិ​មនុស្សបួន​រូប​ដោយរក្សា​ទុក​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​មិនអនុញាតិ​ឲ្យ​អ្នក​ទាំង​បួនស្ថិតនៅ​ក្រៅ​ឃុំឲ្យ​នៅ​ដដែល។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤រូប​ ​រួម​មាន​ ​លោក​ នី សុខា​ លោក​ យី សុខ​សាន្ត​ លោក​ ណៃ វ៉ង់ដា​ និង​លោកស្រី​ លឹម មុនី​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​ពី​បទសូកប៉ាន់​សាក្សី។​ ​អ្នកទាំង​បួន​ត្រូវ​បាន​ឃុំឃាំង​អស់រយៈ​ពេល​ជិត​១០​ខែ​មក​ហើយ​ ​បន្ទាប់​ពី​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​ បាន​សាកសួរ​ពួកគេ​ពាក់​ព័ន្ធនឹង​បទ​សូកប៉ាន់​សាក្សី ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​ ​លោក​ កឹម​ សុខា​ ​អតីត​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជា​មួយ​ស្ត្រី​កាត់សក់​វ័យ​ក្មេង​ម្នាក់។

​លោក​ ឡោ​ ជុនធី​ ​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងបួន​រូប​ ​បាន​ប្រាប់​ VOA ​ថា​ ​តុលាការ​កំពូល​បាន​ ​បដិសេធ​សំណើ​របស់​មេធាវី​ការពារ​ក្តី​ ​ដោយ​ផ្អែក​លើ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ ​ក្នុង​ការ​មិន​អនុ​ញាតិ​ឲ្យ​កូន​ក្តី​លោក​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។​ លោក​និយាយ​ថា​ ​តុលាការក៏​បាន​យោង​តាម​មាត្រា​ ​២០៨​ ​នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក្នុង​ការ​បន្ត​ឃុំ​កូន​ក្តី​លោក​ផង​ដែរ។​

​លោក​ ឡោ​ ជុនធី​ ថ្លែងថា៖​

​«គេ​សំអាង​ហេតុ​មួយ​ទៀត​ដូច​ថា​បទ​ឧក្រិដ្ឋ​ សូក​ប៉ាន់​សាក្សី​ វា​ជា​បទ​ឧក្រិដ្ឋ។​ អញ្ចឹង​មាត្រា​ ២០៨​ហ្នឹង​ គឺ​អាច​ពន្យា​បាន។​ ហេតុ​ផល​សំខាន់​អញ្ចឹង»។

លោក​ ឡោ ជុនធី​ ​បន្ថែមថា ​លោក​នឹង​ពិនិត្យ​មើល​នីតិវិធី​ច្បាប់​ផ្សេង​ទៀត​ដើម្បី​ ​សុំ​ឲ្យ​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ។​ ​លោក​ថា ​ការណ៍​ដែល​តុលាការ​កំពូល​បន្ត​ឃុំខ្លួន​ ​កូន​ក្តី​របស់​លោក​គឺ​ជា​ការរំលោភសិទ្ធិ​របស់​ពួកគាត់។​

​យោង​តាម​មាត្រា​២០៨​ ​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌបាន​ចែង​ថា៖​

«ចំពោះ​នីតិជន​ ​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ មិន​អាច​លើស​ពី​៦​ (ប្រាំមួយ)​ ខែ​ ​បាន​ទេ។​ ប៉ុន្តែ​ ​នៅពេល​ផុត​ថិរវេលា​នេះ​ ​ចៅក្រម​ស៊ើប​សួរ​អាច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ម្តង​បាន​៦​(ប្រាំ​មួយ)​ខែ​ ​ដោយ​ដីកា​មាន​សំអាង​ហេតុ​ត្រឹម​ត្រូវ​ និង​ច្បាស់​លាស់។​ ចៅក្រម​ស៊ើប​សួរ​អាច​សម្រេច​ពន្យារ​ពេល​ការ​ឃុំ​ខ្លួបន​បណ្តោះ​អាសន្ន​បាន​តែ​ ២​(ពីរ)​ ដង​គត់។​

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល​នេះ។​ ​លោក​យល់​ថា​ ការសម្រេច​នេះ​ ​បាន​ធ្វើឲ្យមន្ត្រី​សិទិ្ធមនុស្ស​ទាំងបួន​នាក់​នោះ​ ​បាត់​បង់​ឱកាស​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការពង្រឹង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​លោក​បន្ត​ថា៖​

«បើ​សិនជា​ឲ្យ​នៅ​ក្រៅ​ឃុំ​ ខ្ញុំ​គិត​ថា​វា​ចំណេញ​ជាង។​ ទីមួយ​គឺ​គាត់​អាច​បន្ត​ការ​ងារ​របស់​គាត់​ក្នុង​ការ​ជួយ​ទៅដល់​ជន​រងគ្រោះ​ទាក់ទង​នឹង​វិស័យ​រំលោភ​សិទ្ធិ​មនុស្ស​ ​រំលោភដី​ធ្លី​ ​ហើយ​ជួ​យ​រដ្ឋាភិបាល​បាន​ច្រើន​ដែរ​ក្នុងការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស ​និង​ផ្នែក​ផ្លូវ​ច្បាប់​នៅ​កម្ពុជា»។

​ពេលចេញ​ពី​សវនាការ​ក្នុង​តុលាការ​នាព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ យី សុខសាន្ត​ ​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​រូប​ ​ក្នុង​ចំណោម​បួន​រូប​ ​បាន​ស្រែក​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា​ ក្នុង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​មិនមាន​ការ​ចាប់​ឃុំ​ខ្លួន​អ្នកការ​ពារ​សិទ្ធិមនុស្ស​នោះ​ទេ។​ ​លោក​ថា​ ​មាន​តែ​ប្រទេស​កាន់​របប​ផ្តាច់ការ​ប៉ុណ្ណោះ​ ​ដែល​ធ្វើទុក្ខ​បុកម្និញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស។

​លោក​ យី សុខសាន្ត​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖​

«​ខ្ញុំ​សុំ​បញ្ជាក់​ថា មាន​តែ​ប្រទេស​ផ្តាច់​ការ​កុម្មុយ​នីស្ត​ទេ!​ ​ដែល​គេចាប់​ពួក​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ​នោះ។​ ក្រៅ​ពី​នោះ​ ​ពួកសិទ្ធិម​នុស្ស​គឺ​ជួយ​ធ្វើ​ការងារ​ឲ្យ​រាជ​រដ្ឋាភិបាល​ ​ដើម្បី​រដ្ឋា​ភិបាល​ហ្នឹង! ​មាន​មុខ ​ស្មើ​មុខ​ ​ស្មើ​មាត់​ហ្នឹង​គេ​ ​ស្រប​ច្បាប់​លើ​ពិភព​លោក»។

កាល​ពី​ដើមខែ​មីនា​នេះ​ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរ​ជាតិ​ចំនួន​៧៨​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យាយី​តាម​ផ្លូវ​តុលាការ​ ​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នានា​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

​សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នា​ពេល​ចុង​ក្រោយ​នេះ​គឺ​ហាក់​ដូច​ជា​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​គិត​ទុក​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ ​និង​រារាំង​ការ​បញ្ចេញ​សំឡេង​ជំទាស់​នានា​ ​ខណៈ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការ​បោះឆ្នោត​ជាតិ​ដែល​នឹងឈាន​ចូល​មក​ដល់​ឆាប់ៗ​ខាង​មុខ៕

XS
SM
MD
LG