ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ពី​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​ធ្វើ​ឲ្យ​ខូច​ការ​ស៊ើបការណ៍​របស់​អាមេរិក


(រូបភាព​ឯកសារ) នេះ​ជា​បន្ទប់​ទទួល​ភ្ញៀវ​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ CIA ក្នុង​ក្រុង McLean រដ្ឋ Virginia កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៨។

ទីភា្នក់ងារ​ចារកម្ម​កំពូល​របស់​ស.រ.អា.​បាន​និយាយ​ជា​សាធារណៈ​អំពី​កង្វល់​ស្តី​ពី ការ​បញ្ចេញ​ឯកសារ​កាលពី​ពេល​ថ្មីៗ​បំផុត​ដោយ​អង្គការ​បើក​កកាយ​ការ​សម្ងាត់​តាម​បណ្តាញ​អ៊ីនធឺណិត ឈ្មោះ Wikileaks ដោយ​បាន​ព្រមាន​ប្រជារាស្ត្រ​អាមេរិកាំង​ទាំង​អស់​ថា​ ពួកគេ​គួរ «មាន​កង្វល់​ខ្លាំង» អំពី​ផលវិបាក​នៃ​ហេតុការណ៍​នេះ។

កាល​ពី​ថ្ងៃ​ពុធ​ អ្នកនាំ​ពាក្យ​ម្នាក់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA បាន​ប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អំពី​ភាព​ត្រឹមត្រូវ​ប្រាកដ​ប្រជា​នៃ​ឯកសារ​ចំនួន​៨ពាន់៧រយ៧១ ក៏​ប៉ុន្តែ​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​មាន​ការ​សង្ស័យ​តែ​បន្តិច​បន្តួច​អំពី​បំណង​របស់​អង្គការ Wikileaks «ក្នុង​ការ​ធ្វើ​ឱ្យ​ខូចខាត​ដល់​សមត្ថភាព​នៃ​សហគមន៍​ស៊ើបការណ៍​សម្ងាត់ក្នុង​ការ​ការពារ​ប្រទេស​អាមេរិក​ប្រឆាំង​នឹង​ពួក​ភេរវជន ​និង​ពួក​សត្រូវ​ឯ​ទៀតៗ»។

លោក​ Jonathan Liu អ្នក​នាំ​ពាក្យ​ CIA បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «ការ​លាតត្រដាង​បែប​នេះ​មិនមែន​គ្រាន់​តែ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​

ពួក​បុគ្គលិក និង​កិច្ចប្រតិបត្តិការ​របស់​ស.រ.អា.​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​ផ្តល់​ឱ្យ​ពួក​សត្រូវ​របស់​យើង​នូវ​ប្រដាប់ប្រដា ​និង​ព័ត៌មាន​ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​គ្រោះ​ថ្នាក់​បាន»។

លោក​ Sean Spicer អ្នកនាំ​ពាក្យ​សេតវិមាន​ក៏​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​កាល​ពី​ថ្ងៃ​ពុធ​ដែរ​ដោយ​លោក​បាននិយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា​ស.រ.អា. «នឹង​តាម​រក​ពួក​ជន​ដែល​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំង​នេះ»។

លោក​បាន​ថ្លែង​ប្រាប់​ពួក​អ្នក​សារព័ត៌មាន​ថា «នេះ​ជា​ការ​បញ្ចេញ​ព័ត៌មាន​ដែលធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​របស់​យើង ប្រទេស​របស់​យើង​ និង​សខុមាលភាព​របស់​យើង» ហើយ​លោក​បាន​និយាយ​បន្ថែម​ថា ​លោក​ប្រធានាធិបតី​ Trump «ខ្វល់ខ្វាយ​ខ្លាំង​ណាស់​អំពី​រឿង​នេះ»៕

XS
SM
MD
LG