ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលនា​មាតា​ធម្មជាតិ​មិន​ដកថយ​ថ្វីបើ​សកម្មជន​ជាប់​ពន្ធនាគារ


រូបឯកសារ៖ លោក​ Alex Gonzalez Davidson​​ ​សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​មាតា​ធម្មជាតិ)
រូបឯកសារ៖ លោក​ Alex Gonzalez Davidson​​ ​សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​មាតា​ធម្មជាតិ)

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​កំពុង​​ធ្វើ​យុទ្ធនាការ​ដែល​មាន​ទិសដៅ​ចំនួន​ពីរ​គឺ​ការ​តវ៉ា​ឱ្យ​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​និង​ការ​ទាមទារ​ឱ្យបញ្ឈប់​ការបូមខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​កំពុងធ្វើ​យុទ្ធនាការ​ដែល​មាន​ទិសដៅ​ចំនួន​ពីរ​គឺ​ការ​តវ៉ា​ឱ្យ​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​និង​ការ​ទាមទារ​ឱ្យបញ្ឈប់​ការបូមខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ស្ថាបនិកនៃ​ចលនានេះ។​

លោក​ អាឡិចសានដ្រូ ដាវីត​សុន សកម្មជន​បរិស្ថាន​ជាតិ​អេស្ប៉ាញ​និង​ជា​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យុទ្ធនាការ​ឥឡូវ​មាន​ពីរ​គឺ យុទ្ធនាការ​ដោះលែង​សកម្មជន​ផង​ហើយ​នឹង​យុទ្ធនាការបញ្ឈប់​សកម្មភាព បូមខ្សាច់ប៉ុន្តែយើង​នឹង​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​តាម​កាលៈទេសៈ‍»។​

យុទ្ធនាការ​ទប់​ស្កាត់​កា​របូមខ្សាច់​កន្លង​មក​បាន​នាំ​ឱ្យ​តុលាការ​សម្រេចឃុំ​ខ្លួន​សកម្ម​ជន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​បីនាក់​ក្នុងនោះ មាន​លោក​សាន់ ម៉ាឡាជា​ស្ថាបនិក​មួយ​រូប​ផងដែរ។​

លោក​អាឡិច យល់​ថា​នេះ​ជា​សកម្មភាព​បំបិទមាត់​អ្នក​ដែល​ហ៊ាន​បើក​កកាយ​ការពិត៖

«អាជ្ញាធរ​និង​តុលាការ​ចាប់​មាតា​ធម្មជាតិ​ក្នុង​គោល​បំណង​តែមួយ​ទេ​ដោយសារ​មុន​នឹង​យើង​ដេញ​សាឡង់​បូមខ្សាច់​នេះ​យើង​បាន​ប្រមូលភស្តុតាង​ដែល​បញ្ជាក់​ថា​រឿងនេះ​គឺ​ពុករលួយ‍»​។

លោក​ អាឡិចសាន់ដ្រូ ដាវីតសុន ដែល​ត្រូវអាជ្ញាធរ​បណ្តេញ​ចេញ​និង​រារាំង​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថាសកម្ម​ភាព​បូមខ្សាច់​ក្នុង​រយៈ​ពេល​៧ឆ្នាំ​មក​នេះ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​អ្ន​កនេសាទនិង​បរិស្ថានធម្មជាតិ​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។ លោកបញ្ជាក់​ថា​ក្រុមការងារ​របស់​លោក​បាន​ស្រាវជ្រាវ​ឃើញ​ថា​ក្រុមហ៊ុន​បូមខ្សាច់​បាន​បូម​លើ​សពី​ចំនួន​ដែល​មាន​កំណត់​ក្នុង​អាជ្ញាបណ្ណ​ដែល​កំណត់​ថា​អាច​បូម​ខ្សាច់​ត្រឹម​ជម្រៅតែ​៧ម៉ែត្រ​ប៉ុន្តែ​ការពិត​គេ​បាន​បូម​លើស​រហូត​ដល់​ជាង​១០ម៉ែត្រ។

លោក​អាឡិច​បន្ថែម​ថា៖

«ខ្ញុំ​សង្ឃឹម​ថា​សកម្មភាព​ដែល​បាន​ធ្វើ​កន្លងមក​ មាន​សកម្មជន​តវ៉ា​ មាន​ប្រជាជន​មូលដ្ឋាន​តវ៉ា​ ខ្ញុំ​សង្ឃឹម​ថា​នេះ​គឺជា​សារមួយ​ដ៏សំខាន់​បំផុត​ដែល​ជំរុញ​ក្រសួង​រ៉ែ​ឋាមពល​ពិចារណា​មុននឹង​បន្ត​អាជ្ញា​បណ្ណមួយ​សារទៀត‍»។​

លោក​ឌិត ទីណា​ អ្នក​នាំពាក្យក្រសួង​រ៉ែ​ និង​ថាមពល​ បានប្រាប់​វីអូអេ​ថា​ អាជ្ញាបណ្ណ​របស់​ក្រុម​ហ៊ុន​ Direct Access ដែល​ធ្វើ​ការ​បូមខ្សាច់​ក្នុង​ខេត្ត​កោះកុង​បាន​ផុតសុពល​ភាព​កាល​ពីថ្ងៃ​ទី​១៩ ខែ​សីហា​កន្លង​ទៅនេះ។ ​

«រហូត​មកដល់​ពេលនេះ​ ក្រុមហ៊ុន​បាន​ដាក់​ស្នើ​សុំ​ បន្ត​អាជ្ញាបណ្ណ​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ នៅ​មិន​ទាន់​ផ្តល់​ឯកសារ​គ្រប់​គ្រាន់សម្រាប់ឲ្យ​យើង​វាយ​តម្លៃ​បន្ត​ ឬមិន​បន្ត​អាជ្ញាបណ្ណ​ឡើយ​។​ អញ្ចឹង​រហូត​មកដល់​ពេល​នេះ​ ឯកសារ​ត្រូវ​ក្រុមហ៊ុន​បំពេញ​បន្ថែម​សិន​ យើង​អត់​ទាន់​បន្ត​ឲ្យ​ទេ»។​

លោក​ឲ្យ​ដឹងដែរ​ថា​ សុពលភាពរបស់​ក្រុមហ៊ុនមួយ​ទៀត​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​បូមខ្សាច់​នៅ ខេត្តកោះកុង​ដែរ​គឺ ក្រុមហ៊ុន ​International Rainbow ​Company នឹង​ផុត​ទៅ​នៅ​ចុង​ឆ្នាំ​នេះ។

លោក​អាឡិច យល់​ថា​បើ​សិន​ជា​សកម្មភាព​បូម​ខ្សាច់​បាន​បញ្ចប់​ខេត្ត​កោះកុង​មាន​លទ្ធភាព​បង្កើន​ទេសចរណ៍​ធម្មជាតិ​ច្រើន​ជាង៖

«ចក្ខុវិស័យ​ចលនា​របស់​យើង​ពេលណា​ដែល​យើង​បាន​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​ ខេត្ត​កោះកុង​អាច​នឹង​ចាប់ផ្តើម​ទាក់​ទាញ​ភ្ញៀវទេសចរ​ណ៍​ជាតិ​និងអន្តរជាតិ​ហើយសហគមន៍​មូលដ្ឋាន​ជាពិសេស​សហគមន៍​នេសាទ​អាច​នឹង​មាន​ជីវភាព​ធូរធារ​ដូចពេល​មុន‍»។​

XS
SM
MD
LG