ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​បរិស្ថាន​ទាមទារ​ចូល​ស្រុកខ្មែរ​ដើម្បី​តតាំង​ក្តី​នៅ​តុលាការ

  • ម៉ែន​ គឹមសេង

រូបឯកសារ៖ លោក​ Alex Gonzalez Davidson​​ ​សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​មាតា​ធម្មជាតិ)

សកម្មជន​បរិស្ថាន​ អាឡិចសាន់ដ្រូ​ ហ្កោនសាឡេស ដេវីតសុន (Alejandro ​Gonzalez Davidson) ​កំពុង​​ទាមទារ​សុំ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​តតាំង​នឹង​ការចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង​នៅ​ក្នុង​សំណុំ​រឿង​ទប់​ស្កាត់​សកម្មភាព​បូមខ្សាច់​ក្នុង​ពេល​កន្លង​មក។

សកម្មជន​បរិស្ថាន​ អាឡិចសាន់ដ្រូ​ ហ្កោនសាឡេស ដេវីតសុន (Alejandro ​Gonzalez Davidson) ​កំពុងទាមទារ​សុំ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​តតាំង​នឹង​ការចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង​នៅ​ក្នុង​សំណុំ​រឿង​ទប់​ស្កាត់​សកម្មភាព​បូមខ្សាច់​ក្នុង​ពេល​កន្លង​មក។​

នៅក្នុង​សេចក្តី​ថ្លែងការណ៍ដែល​វីអូអេ​ទទួល​បាន​កាលពី​ថ្ងៃ​អាទិត្យ​ បាន​បញ្ជាក់​ថា៖

«អង្គការ​មាតា​ធម្មជាតិ​នឹង​ធ្វើការ​ទាមទារ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ឱ្យ​លោក​ Gonzalez Davidson ​អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដើម្បី​មាន​សិទ្ធិ​ចូលរួម​ក្នុង​សវនាការ​ដោយ​ត្រឹម​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ​ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ កតិការសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​ដែល​ធានា​ថា​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ការកាត់​ក្តី​ដោយ​យុត្តិធម៌‍»។​

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដកស្រង់​សម្តីលោក ​ហួន ម៉ានី​ប្រធាន​តុលាការ​ខេត្ត​កោះកុង​ថា​លោក​អាឡិច​ដែល​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​បាន​រង​ការចោទ​ប្រកាន់​ពី​បទ​សមគំនិត​ជាមួយ​នឹង​សកម្ម​ជន​បីនាក់​ដែល​បាន​ដឹកនាំ​ការ​តវ៉ា​ហើយ​កំពុង​ជាប់​ពន្ធនាគាររង់ចាំ​ការកាត់​ទោស។​

សកម្ម​ជន​ទាំងបី​នាក់​មាន​លោក ​ស៊ីម សំណាង លោក​សាន់ ម៉ាឡា និង​លោក​ទ្រី សុវិគា​នៃ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា ឆ្នាំ​២០១៥​ដោយ​សារ​បាន​ដឹកនាំ​ការតវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូមខ្សាច់​ក្នុង​ខេត្ត​កោះកុង។

អង្គការ​មាតា​ធម្មជាតិ​បាន​រិះគន់​ថា​ការចោទ​ប្រកាន់​របស់​អាជ្ញាធរ​និង​តុលាការ​គឺ​គ្រាន់​តែ​«ជា​ចេតនា​មួយ​ដើម្បី​បំបាក់​ស្មារតី​‍» ក្រុម​សកម្មជន​ការពារ​បរិស្ថាន​តែប៉ុណ្ណោះ។

លោក​អាឡិច​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ដោយ​សារ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ៕

XS
SM
MD
LG